តារាចម្រៀង លោក ជ័យ សូវ៉ាត ប្រាប់​រឿង​របស់​លោក​ពេល​ជា​គ្រូពេទ្យ និងជាសិល្បករ

  • 2021-09-08 04:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សូវ៉ាត ដែលគ្រប់គ្នាបានស្គាលច្បាស់រួចមកហើយ ពេលនេះលោកបានបំពេញតួនាទីជាគ្រូពេទ្យស្ម័ក្រចិត្ត ប្រយុទ្ធប្រឆាំងកូវិដ១៩ រហូតមកដល់ពេលនេះលោកបានបង្ហាញពីភាពខុសប្លែកគ្នាក្នុងនាមជាគ្រូពេទ្យនិងជាអ្នកសិល្បៈ ។

តារាចម្រៀងលោក ជ័យ សូវ៉ាត បានប្រាប់តាមរយៈ Sabay ថា ពេលនេះលោកបានបំពេញតួនាទីជាគ្រូពេទ្យស្ម័ក្រចិត្តផង និងជាតារាចម្រៀងផង គឺលោកដើរទន្ទឹមគ្នា ហើយអ្វីដែលធ្វើឲ្យលោកគិតថា មានភាពខុសប្លែកគ្នានោះគឺ បើក្នុងនាមជាគ្រូពេទ្យគឺលោក ត្រូវនៅកន្លែងផ្ទាល់តែម្តង ដោយមិនបានដើរហើរទៅណាទេ ដូចចិត្តរបស់យើងឡើយ រឺទៅបំពេញការងារនៅខាងក្រៅបានទេ ហើយរាល់ពេលដែលលោកត្រូវចុះបេសកម្មនៅមន្ទីរពេទ្យ គឺលោកត្រូវអវត្តមាននៅក្នុងផលិកម្មចម្រៀង។

ចំណែកជាអ្នកសិល្បៈវិញ គឺលោកត្រូវបត់បែនទៅតាមអ្វីដែលខ្លួនគិតថាល្អ ត្រូវរក្សាសម្លេងឲ្យមានទឹកដម រឺច្រៀងទៅឲ្យមានកំលាំងគេចាប់អារម្មណ៏ គឺគ្រប់គ្រាន់ហើយ ដូចនេះគឺវាមានភាពងាយស្រួលខ្លាំងជាងគ្រូពេទ្យ ។

លោក ជ័យ សូវ៉ាត បានបន្ថែមទៀតថា ចំពោះការងារជាគ្រូពេទ្យគឺប្រឈមខ្លាំង ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាត្រូវមានចំណេះដឹងឲ្យបានច្រើន ធ្វើឲ្យអស់ពីកំលាំងកាយចិត្ត ត្រូវមើលថែអ្នកជំងឺ ហើយកត្តាទាំងអស់នេះហើយជួនកាលក៏ធ្វើឲ្យលោកអស់កំលាំងដែរ ចំណែកសិល្បៈវិញមានភាពងាយស្រួលក្នងការស្លៀកពាក់។

តារាចម្រៀងសំឡេងស្រទន់ លោក ជ័យ សូវ៉ាត បានបញ្ជាក់បន្ថែមទៀតថា តាមអារម្មណ៏របស់លោកផ្ទាល់ ចំពោះអាជីពជាគ្រូពេទ្យនិងជាអ្នកសិល្បៈគឺលោកស្រលាញ់ទាំងពីរហ្នឹង តែបើនិយាយពីទេព្យកោសល្យរបស់លោកវិញគឺការច្រៀងគឺលោកអាចច្រៀងបាន ដោយលោកចូលចិត្តភាពសប្បាយរីករាយរបស់អ្នកចម្រៀង ហើយបើនិយាយពីកាលនៅតូវវិញគឺលោកចូលចិត្តនិងចង់ធ្វើជាគ្រូពេទ្យ។

អត្ថបទ៖ Tep Sovannmoly