Volkswagen ចេញគំរូឡានអគ្គិសនីថ្មី សាកម្តងជិះបាន ៤០០គ.ម ឯតម្លៃត្រឹមខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-09-08 06:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញគំរូរថយន្តអគ្គិសនីថ្មី ហៅថា ID. LIFE ដែលទទួលបានការឌីហ្សាញបែប Retro គួរឲ្យទាក់ទាញ។

គំរូរថយន្ត Volkswagen ID. LIFE ថ្មីនេះ គឺជាប្រភេទរថយន្តអគ្គិសនីខ្នាតតូច ហើយនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ជាមួយនឹងតម្លៃខ្ទង់ ២៣ ០០០ដុល្លារ។

ID. LIFE ត្រូវបានផលិតលើគ្រោងឆ្អឹង Volkswagen MEB Architecture ហើយនឹងដំណើរការដោយម៉ូទ័រអគ្គិសនីមួយ កម្លាំង ២៣០សេះ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៩វិនាទី ខណៈអាគុយទំហំ ៥៧គីឡូវ៉ាត់ម៉ោងរបស់វា អាចឲ្យវាបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ចំពោះផ្នែកខាងក្នុងរបស់វាវិញ រថយន្ត ID.LIFE ត្រូវបានបំពាក់ដោយអេក្រង់ Projection Screen ដែលអាចបាញ់លើផ្នែកខាងក្នុងនៃកញ្ចក់មុខរថយន្ត សរុបទំហំ ៣៤អ៊ីញ។ ក្នុងនោះយើងអាចប្រើវាដើម្បីបើកមុខងារព័ត៌មាន ក៏ដូចជាមើលរឿងនៅលើនោះបាន ខណៈគំរូរថយន្តនេះមានម៉ាស៊ីនហ្គេមផ្ទាល់ខ្លួនទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ កៅអីអង្គុយរបស់វាដែលអាចបត់បែនបានច្រើនបែប។ ឧទាហរណ៍ដូចជា យើងអាចបត់កៅអីមុខឲ្យរាបស្មើ ដើម្បីឲ្យអ្នកដំណើរអង្គុយខាងក្រោយអាចប្រើវាធ្វើជាកន្លែងដាក់ជើង ខណៈមើលខ្សែភាពយន្តនៅក្នុងកាប៊ីនរថយន្តជាដើម។

អ្នកក៏ប្រហែលជាកត់ស្គាល់ឃើញហើយថា គំរូរថយន្តនេះគ្មានអេក្រង់កម្សាន្តនៅផ្នែកកណ្តាលឡើយ ក៏ព្រោះតែវាពឹងផ្អែកលើស្មាតហ្វូន ឬថេប្លេតរបស់អ្នកបើកបរ ដែលដាក់ជាប់ជាមួយនឹងតាប្លូតាមរយៈមេឆក់។ ស្មាតហ្វូននោះនឹងអាចប្រើដើម្បីបញ្ជាមុខងារសំខាន់ៗនៅលើរថយន្ត៕

អត្ថបទ៖ សេង ឡុង