អេមណាស់! ម៉ូតូ Off-road ខ្នាតតូច Honda CB200X ថ្មី ត្រូវម៉ាច់អ្នកចូលចិត្តផ្សងព្រេង

  • 2021-09-09 04:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូប្រភេទ Off-road ខ្នាតតូចថ្មី គឺ CB200X ដែលដើរតាមគន្លងសិស្សច្បងរបស់វា គឺ CB500X។

ម៉ូតូ Honda CB200X ថ្មីនេះមិនត្រឹមតែទទួលបានការឌីហ្សាញកាត់តាម CB500X ប៉ុណ្ណោះទេ តែវាក៏បានខ្ចីចង្កៀងមុខពីម៉ូដែល Hornet 2.0 ផងដែរ។

ម៉ូតូនេះប្រើម៉ាស៊ីនប្រភេទ SOHC ទំហំ ១ស៊ីឡាំង មានកម្លាំង ១៨៥សេសេ ប្រើប្រព័ន្ធស្អំម៉ាស៊ីន Air-cooled ហើយប្រើចង្កឹះលេខអំប៊្រីយ៉ា ៥វគ្គ និងមានចំណុះធុងសាំង ១២លីត្រ។

Honda CB200X ប្រើបូមផ្កាប់ខាងមុខ និងបូមទោលខាងក្រោយ ហើយប្រើហ្វ្រាំងឌីសទាំងមុខ និងក្រោយ ទំហំ ២៧៦មីល្លីម៉ែត្រ និង ២២០មីល្លីម៉ែត្រ។ ដោយសារតែវាជាម៉ូតូប្រភេទ Off-road ដូច្នេះហើយកម្ពស់បាតក្រោមរបស់វាក៏ខ្ពស់គួរសម្យដែរ គឺ ១៦៧មីល្លីម៉ែត្រ ហើយក៏មានរបាំងការពារម៉ាស៊ីនផងដែរ និងមានទំហំកាំកង់ ១៧អ៊ីញ ខណៈកម្ពស់កែបរបស់វាគឺ ៨១០មីល្លីម៉ែត្រ។

ជាមួយគ្នានេះ ម៉ូតូ Honda CB200X ក៏មានរបាំងការពារដៃហ្គែរ ជាមួយនឹងការបំពាក់ស៊ីញ៉ូនៅលើនោះតែម្តង ហើយប្រើចង្កៀងមុខប្រភេទ Dual-strage LED។

សូមបញ្ជាក់ថា ម៉ូតូ Honda CB200X ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១ ៩៤០ដុល្លារ នៅក្នុងប្រទេសឥណ្ឌា ខណៈគូប្រជែងរបស់វាមានដូចជា Kawasaki Versys X300, KTM 390 Adventure និង BMW G 310 GS៕

អត្ថបទ៖ សេង ឡុង