នាំឱ្យស្គាល់ទឹកធ្លាក់ ៥កន្លែងនៅកម្ពុជា ឈ្មោះពីរោះៗប្លែក និងស្អាតៗបំផុត គួរទៅឱ្យបានម្ដងក្នុងជីវិត

  • 2021-09-16 08:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ ព្រៃព្រឹក្សា សមុទ្រ ភ្នំ ទឹកធ្លាក់ជាច្រើនកន្លែង ដែលមិនត្រឹមតែអាចទៅលេងកំសាន្តបាន តែក៏អាចធ្វើការស្រាវជ្រាវ ដើម្បីចងក្រងជាឯកសារនៅក្នុងការសិក្សាបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការផ្តិតយករូបភាពពីទីកន្លែងទាំងនោះ ហើយយកមកចែកចាយបន្តនៅបណ្តាញសង្គមហ្វេសប៊ុកពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរាប់មិនអស់ ព្រោះទាំងនេះបានទាំងជួយផ្សព្វផ្សាយកន្លែងទេសចរណ៍ស្អាតៗ នៅក្នុងស្រុក ហើយក៏បានជួយដោយប្រយោល ក្នុងរកចំនូលចូលប្រទេសជាតិផងដែរ។ ថាមើលហ៍ ល្អប៉ុណ្ណាទៅ?

តោះ ឥលូវមកស្គាល់ឈ្មោះ និងទីតាំងទឹកធ្លាក់ចំនួន ៥កន្លែង នៅកម្ពុជា ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នា

១. ទឹកធ្លាក់ បរឡាង

ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត។​ ទឹកធ្លាក់បរឡាង មានចម្ងាយប្រហែល ៨៣គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ដោយធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡុត បត់ខាងឆ្វេងតាមផ្សារត្រែង ដើម្បីទៅដល់រមណីយដ្ឋាននេះ។

ប្រភពរូប ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

២. ទឹកធ្លាក់ ចាក់អង្រែក្រោម (ទឹកធ្លាក់អន្លង់ស្វាយ)

ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលលាក់ខ្លួនពួនអាត្មានៅលើភ្នំត្បែង និយាយពីសម្រស់វិញ ស្រស់ស្អាតមិនចាញ់ទឹកជ្រោះកន្លែងផ្សេងៗ ដែលមានលើភ្នំត្បែងនោះទេ។ ជាតំបន់ទឹកធ្លាក់ បែបកំដៅសាច់ដុំ គឺថាបើចង់ទៅទឹកធ្លាក់មួយកន្លែងហ្នឹង ត្រូវធ្វើដំណើរឡើងភ្នំចុះភ្នំ និយាយពីស្ថានភាពផ្លូវឡើងវិញ មិនសូវជាស្រួល តែស៊ូបន្តិចទៅបើចង់ទៅកន្លែងស្អាតមួយហ្នឹង។ ទឹកធ្លាក់ចាក់អង្រែក្រោម ស្ថិតនៅលើ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រភពរូប ៖ ដើរលេងស្រុកយើង

៣. ទឹកធ្លាក់ ជ្រោះភ្នំ៥៣

គ្រាន់តែលឺឈ្មោះក៏ចង់ទៅបាត់ហើយ តែថាទីនោះមានអ្វីដែលទាក់ទាញខ្លះទៅ? មិនត្រឹមតែជាតំបន់ដែលមានទឹកធ្លាក់ជាប់នឹងជញ្ជាំងភ្នំ តែជាតំបន់រមនីយដ្ឋានដែលមានកន្លែងអង្គុយញ៉ាំអាហារជួបជុំគ្រួសារ អង្គុយមើលទេសភាព ហើយលឺមកថា មានរូងភ្នំ ជម្រៅជ្រៅ ដែលធ្លាប់មានអ្នកសច្ចំ ចូលទៅតាំងសម្មាធិថែមទៀតផង។ ក្បែរៗនេះទេ គឺស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់និងព្រំដែនកម្ពុជា- ថៃ។

ប្រភពរូប ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

៤. ទឹកធ្លាក់ លែងអង លែងឃិន

មាន​ទី​តាំង​ស្ថិត​​ក្នុង​​ភូមិ​​ពូ​ហ្យា​ម​​ ឃុំ​​សែន​​មនោ​រម្យ​ ស្រុក​​អូរ​​រាំ​ង​​ ចម្ងាយ​​២៦ ​គីឡូ​ម៉ែត្រ​​ពី​​ក្រុង​​សែន​​ម​នោ​រម្យ ​​ខេត្ត​មណ្ឌល​គីរី។ ​លែង​​អង​ ​និង​​លែង​​ឃិន​ ជាតំបន់​ទឹកធ្លា​ក់​​ធម្ម​ជាតិ​ ដែលហ៊ុមព័ទ្ធ​ដោយ​​ព្រៃព្រឹក្សាចម្រុះតូចធំ ជាមួយទឹក​ត្រជា​ក់​​ល្ហឹម​ ​អំណោយផលដល់អ្នកទេសចរ​ ងូត​ទឹ​ក​ក​ម្សាន្ត ​ល​ម្ហែកាយ​​ស្រស់​​ស្រាយ​​ចុងសប្តាហ៍​​ ។

ប្រភពរូប ៖ V R Smile Tour & Travel Co.,Ltd

៥. ទឹកធ្លាក់ បុស្ស​ស្បូវ

ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ដែល​លាក់ខ្លួន​នៅ​ជើងភ្នំ​ដងរែក ខេត្តព្រះវិហារ​។ ទឹកធ្លាក់​ដែលមាន​ធម្មជាតិ​ស្រស់បំព្រង អម​ព្រៃឈើ​តូចធំ លាយឡំ​ជាមួយនឹង​ផ្ទាំង​ថ្ម តូច​-​ធំ នេះ មាន​ទីតាំងនៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ៕

ប្រភពរូប ៖ Vdj Leo

តោះ ដាក់ម៉ាទ្រីប ងូតទឹកជុំគ្នា ឱ្យណាណីមើលហ៍

អត្ថបទ ៖ មេខាឡា