លើសឆ្នាំមុនទៀត! ទិដ្ឋភាពតាមផ្លូវទៅកាន់បិណ្ឌទី១ របស់ ឱក សុគន្ធកញ្ញា និងគ្រួសារ ស្រស់ត្រកាលណាស់

  • 2021-09-22 08:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បាននាំស្វាមី និងកូនប្រុសរបស់ខ្លួនទៅកាន់បិណ្ឌទី១ នៅវត្ដមួយក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម។ ទិដ្ឋភាពតាមផ្លូវដែលគ្រួសារតារារូបនេះផ្ដិតបាន នៅភូមិតាំងបឹង ឃុំផ្អាវ គឺស្រស់ត្រកាលខ្លាំងណាស់។

នៅលើបណ្ដាញសង្គមFacebook ផ្ទាល់ខ្លួនថ្ងៃទី២២ ខែកញ្ញា នេះ ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតជាច្រើនសន្លឹកដែលរូបទាំងនោះរំលេចដោយទិដ្ឋភាពតាមផ្លូវឆ្ពោះទៅវត្ដមួយដែលលើផ្លូវនោះមានផ្នែកខ្លះមានទឹកហូរកាត់ផ្លូវ អមជាមួយធម្មជាតិវាលស្រែ និងដើមត្នោតខ្ពស់ៗ។

ដូចជាថតម៉ូត ឬសម្អាងការដូច្នោះដែរ គឺឱក សុគន្ធកញ្ញា ស្វាមី និងកូនប្រុសស្លៀកពាក់ជាប្រពៃណីខ្មែរ ដោយក្នុងនោះគេក៏ឃើញស្វាមីនាងយួស្រាក់ នំអន្សម និងពរកូនប្រុស។ ក្រៅពីទិដ្ឋភាពទាំងនោះ គេក៏ឃើញស្វាមីនាងបណ្ដើរកង់ដឹកកូនឆ្លងផ្លូវ និងមានបុរសវ័យចំណាស់ម្នាក់បរទេះចាំដឹក ឬថតជាមួយគ្រួសារតារារូបនេះដែរ។

រូបថតអមដោយទេសភាពស្រស់ត្រកាល និងស្និទ្ធស្នាលបែបនេះ គឺតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែធ្វើនៅថ្ងៃបុណ្យប្រពៃណីជាតិធំៗ។ ដូចជា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបុណ្យអុំទូក ជាដើម៕

ជិន សុភ័ក្ដ្រ