ស្ងាត់ៗ ជិតបានមើលរឿងខ្លីតាមអនឡាញពី CSFF 2021 ហើយ!
- 2021-09-23 08:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ជិតបានមើលរឿងខ្លីតាមអនឡាញពី CSFF 2021 ហើយ!
ចន្លោះមិនឃើញ
នៅក្នុងរយៈពេលជាង ៤០ថ្ងៃខាងមុខទៀតនេះ ភាពយន្តខ្លីដែលផលិតដោយសមិទ្ធិករបរទេស និងក្នុងស្រុកជាង៥០ រឿងដែលបានជាប់ការប្រកួតក្នុងកម្មវិធី«មហោស្រពភាពយន្តខ្លីចតុមុខ» (Chaktomuk Short Film Festival ហៅកាត់ថាCSFF 2021) នឹងត្រូវចាក់បង្ហាញតាមរយៈ Facebook Page របស់ខ្លួនហើយ។
ក្រោយពីកម្មវិធីប្រកួតភាពយន្តរបស់ CSFF 202០ បានខកខានប្រារព្ធកាលពីឆ្នាំមុនដោយសារវិបត្តិកូវីដ-១៩ គណៈកម្មការមហាស្រពភាពយន្ត បានសម្រេចចិត្តប្រារព្ធកម្មវិធីនេះជាលក្ខណៈឌីជីថលវិញនៅឆ្នាំនេះ។ ការប្រារព្ធកម្មវិធី CSFF 2021 តាមអនឡាញឆ្នាំនេះគឺជាលើកទីមួយដើម្បីសម្របទៅតាមស្ថានភាពកូវីដ-១៩ នាពេលបច្ចុប្បន្ន។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពបានរំលឹកថា៖ “ខណៈដែលមនុស្សភាគច្រើនគិតថាវិបត្តិកូវីដ-១៩ ជាគ្រោះរបស់សមិទ្ធិករយើង ហើយមួយចំនួនបានយកបញ្ហានេះ ជាប្រធានបទ ឬសារបង្កប់របស់ខ្លួន។ តែក៏មិនមែនបានន័យថា ឆ្នាំនេះមានរឿងទាក់ទង តែកូវីដនោះទេ! ទស្សនិកជនអាចរីករាយនឹងស្នាដៃថ្មីបែបគ្រួសារ ស្នេហា តន្រ្តី និងគំនូរជីវចលទៀត”។
ការចាក់បញ្ចាំងភាពយន្តទាំង១៥ ដែលបានប្រកាសកាលពីខែមុនតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ CSFF 2021 នឹងចាប់ផ្តើមបញ្ចាំងពីថ្ងៃទី២៣ ដល់ ២៧ តុលា ពីម៉ោង៩ព្រឹក ដល់៨យប់ ដោយក្នុង១ថ្ងៃចាក់ បញ្ចាំង៤ពេលខុសៗគ្នា។
គួរបញ្ជាក់ផងដែរថា ការចាក់បញ្ចាំងខ្សែរភាពយន្តដែលត្រូវបានជ្រើសរើស ដោយគណៈកម្មការរបស់ CSFF 2021 នឹងធ្វើឡើងដោយមិនមានការគិតថ្លៃ និងដោយសេរីមិនមានការកំណត់ចំនួនអ្នកចូលរួមឡើយ។ អ្នកមានតែទូរស័ព្ទក្នុងដៃ ឬកុំព្យូទ័រ ក៏អាចចូលរួមទស្សនាបានគ្រប់គ្នា។ តារាងកម្មវិធីចាក់បញ្ចាំងរឿង និងប្រភេទរឿងនីមួយៗ នឹងធ្វើបច្ចុប្បន្នភាពលើ Facebook Page របស់CSFF ឆាប់ៗនេះ។ CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកចំនួន ៥ ដែលរួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន Sabay News, FilmTalk Cambodia និងAlien Express និងស្ថាប័នក្រៅស្រុកចំនួន ២ បន្ថែមទៀតគឺ SEA Junction និង culture360៕