មកដឹងប្រវត្តិនៃឈ្មោះខេត្តកំពង់ចាម តាមពិតមិនមែនទាក់ទងនឹងបងប្អូនខ្មែរអ៊ីស្លាម ដូចឈ្មោះឡើយ
- 2021-09-27 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិនៃឈ្មោះខេត្តកំពង់ចាម តាមពិតមិនមែនទាក់ទងនឹងបងប្អូនខ្មែរអ៊ីស្លាម ដូចឈ្មោះឡើយ
ចន្លោះមិនឃើញ
ខេត្តកំពង់ចាម គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ ខេត្តកំពង់ចាមមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ឆ្នាំង ខាងជើងជាប់នឹងខេត្តកំពង់ធំ និងក្រចេះនៅខាងកើតជាប់នឹងខេត្តត្បូងឃ្មុំ និងនៅខាងត្បូងជាប់នឹងខេត្តព្រៃវែង និងកណ្ដាល។ ខេត្តកំពង់ចាមបានបំបែកជាខេត្តថ្មីមួយទៀតគឺខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។ តំបន់ដែលនៅខាងលិចនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្តកំពង់ចាម តំបន់ដែលនៅភាគខាងកើតនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្ត ត្បូងឃ្មុំ ។ ដោយយោងតាមការលើកឡើងមួយចំនួនបានឲ្យដឹងថា ឈ្មោះខេត្តកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។
បើយោងតាមឯកសារ ក្រុងកំពង់ចាម ដើមឡើយគឺជាដីកោះ ដែលជាកន្លែងសំចតនៃសំពៅ និងទូកតូចធំផ្សេងៗ។ តាមសេចក្ដីជាមួយ ឈ្មោះ កំពង់ចាមនេះ បានក្លាយមកពីពាក្យ «កំពង់រង់ចាំ» ។ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសមកជាពាក្យថា «ចាំ» ទើបប្រជាជនរស់នៅទីនោះ ទម្លាប់ហៅតៗគ្នាថា «កំពង់ចាំ»។ កំពង់ចាំ គឺជាកន្លែងមួយនៅក្បែរមាត់ទឹក ដែលគេរងចាំ ការចម្លង ឬរងចាំទទួល នៅកំពង់ដែលមានទូក ឬសំពៅឆ្លងកាត់ ដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកាន់ទីកន្លែងណាមួយ ឬតំបន់ណាមួយទៀត។ ដូចនេះគេបានប្រើពាក្យនិយាយថា កំពង់ចាំ។
ក្រោយមកច្រើនតំណទៀត ពាក្យនេះក៏បានក្លាយទៅជាពាក្យ «កំពង់ចាម» ដោយហេតុថា ជនជាតិមួយចំនួន មកប្រាស្រ័យទាក់ទងគ្នា នៅទីតំបន់នោះ ទាំងការអាន ឬនិយាយមិនច្បាស់ពាក្យ កំពង់រង់ចាំ ក៏ក្លាយទៅជាពាក្យ កំពង់ចាម។ ក្រោយមកប្រជាជនចេះតែប្រមូលផ្តុំគ្នាច្រើន មករស់នៅទីនេះនាំគ្នាបង្កើតជា មជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយកកើតជាភូមិស្រុក មានមនុស្សរស់នៅកកកុញ រីឯពាក្យ កំពង់រង់ចាំ ក៏ក្លាយជាកំពង់ចាំ និងបន្ទាប់មកគឺជាកំពង់ចាមរហូតដល់សព្វថ្ងៃ។ ឈ្មោះកំពង់ចាមនេះដែរ ពុំមានឯកសារណាមួយបញ្ចាក់ថា មានពាក់ព័ន្ធនឹងជនជាតិភាគតិច រស់នៅតាមដងទន្លេនោះទេ។
ឈ្មោះខេត្តកំពង់ចាម មិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមឡើយ។ អាជ្ញាធរខេត្តកំពង់ចាមបានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះ ក្នុងគោលដៅរម្លឹកប្រវត្តិនៃឈ្មោះខេត្ត ដែលញែកដាច់គ្នាពីខេត្តត្បូងឃ្មុំ ដោយទន្លេមេគង្គនោះ ។
ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។ ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះខេត្តនេះ សម្បូរសប្បាយមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តកំពង់ចាម មានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម សុទ្ធសឹងជាសមិទ្ធិផលដ៏វិសេសវិសាលក្នុងដែនដី ដ៏ចំណាស់មួយនេះ៕