រឿងពិត របស់វិចិត្រករ សតវត្សទី២០ ប៉ាប្លូ ពីកាស្សូ និងអាថ៌កំបាំង រូបគំនូរ ដែលមានតម្លៃរាប់លានរបស់លោក
- 2021-09-28 06:18:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិត របស់វិចិត្រករ សតវត្សទី២០ ប៉ាប្លូ ពីកាស្សូ និងអាថ៌កំបាំង រូបគំនូរ ដែលមានតម្លៃរាប់លានរបស់លោក
ចន្លោះមិនឃើញ
លោក ប៉ាប្លូ ពីកាស្សូ គឺជាវិចិត្រករក្នុងសតវត្សទី២០ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី និងធ្វើបដិវត្តផ្នែកសិល្បៈគូរគំនូរ ដោយបោះបង់ចោល របៀបគូររូបតាមបែបចាស់ ហើយជំនួសមកវិញដោយការផាត់ជាន់លើគ្នាទៅតាមទម្រង់បែបងាយៗ រឹងៗ មិនប្រើពណ៌ចម្រុះគ្នាច្រើនពេក។
ពីកាស្សូ មិនត្រឹមតែជាវិចិត្រករ តែលោកក៏ជាអ្នកសូនរូប និងជាជាងចម្លាក់ផងដែរ។ តើវិចិត្រករដ៏អស្ចារ្យនេះ មានប្រវត្តិពិតបែបណា? តើនៅពីក្រោយរូបគំនូរតម្លៃរាប់លានរបស់លោក មានប្រវត្តិ និងអាថ៌កំបាំងអ្វីខ្លះ?
អ្នកប្រាកដជាភ្ញាក់ផ្អើល ពេលដែលបានដឹងថា ឈ្មោះរបស់វិចិត្រកររូបនេះ មានរហូតដល់ទៅ ២៣ ពាក្យគឺ Pablo Diego José Francisco de Paula Juan Nepomuceno María de los Remedios Cipriano de la Santísima Trinidad Martyr Patricio Clito Ruíz y Picasso. ឈ្មោះដ៏វែងអន្លាយរបស់លោក ត្រូវបានយកតាមបញ្ជីឈ្មោះមនុស្សបរិសុទ្ធដែលជាកូនចៅព្រះជាម្ចាស់ និងសាច់ញាតិរបស់លោក។ ម្តាយរបស់លោកមានឈ្មោះ Maria Picasso y Lopez រីឯឪពុករបស់លោកឈ្មោះ Jose Ruiz Blasco
ពីកាស្សូ ចូលចិត្តគូរគំនូរតាំងពីក្មេង។ សមត្ថភាពខាងវិចិត្រកម្មរបស់លោកបានបង្ហាញត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយលោកអាចរៀបចំពិធីតាំងពិព័រណ៍របស់លោកបាន នៅអាយុ១៣ឆ្នាំ។ រូបគំនូរដំបូងរបស់ ពីកាស្សូ មានឈ្មោះ ឡឺពីការដរ (Le Picador) ជារូបរបស់បុរសជិះសេះនៅក្នុងទីលានប្រណាំង។
មកស្គាល់រូបគំនូរ ដែលធ្វើឱ្យមនុស្សស្គាល់ ពីភាពអស្ចារ្យរបស់វិចិត្រករ ពីកាស្សូ ៖ មនុស្សទូទៅអាចស្គាល់ស្នាដៃរបស់ ពីកាស្សូ តាមរយៈគំនូររូបភាពបែប ឃ្យូប៊ិសម៍ (Cubism) និងអាប់ស្ត្រាក់ (Abstract) ប៉ុន្តែទម្រាំឈានដល់ចំណុចនេះ ពីកាស្សូ បានឆ្លងកាត់ការសាកល្បងច្រើនលើកច្រើនសារ ពិសេសក្នុងស្នាដៃទម្រង់ អ៊ិមប្រិសស្យូនីសត៍ ឬទម្រង់រីអាលីស្ទិច (Realistic) រហូតដល់គំនូរផ្សំបែបប្រជាប្រិយ (Folk Art)។
រូបគំនូរ ហ្គែរនីកា (Guernica)
ជាគំនូរដែលពីកាស្សូ បានគូរក្រោយមានផ្ទុះសង្គ្រាមស៊ីវិលនៅអេស្បាញ នាឆ្នាំ១៩៣៦។
រូបគំនូរ ក្មេងប្រុសកាន់ខ្សៀ (Boy with the Pipe)
រូបនេះមានតម្លៃរហូតដល់ទៅ ១០៤ ១៦៨ ០០០ ដុល្លា។ ជារូបគំនូរដែលបានបំបែកអគត្តកម្មចាស់ ការដេញថ្លៃរូបគំនូររបស់ វ៉ាន់ ហ្កូក ដែលបានគូរតាំងពីឆ្នាំ ១៨៩០។
ប៊្លូ ពេរីយូត (Blue Period)
ជាស្នាដែមួយទៀតរបស់ពីកាស្សូ ដែលត្រូវបានគូរឡើងដោយប្រើពណ៌ទឹកប៊ិកស្រទន់ និងស្រងូតស្រងាត់ ដែលបង្ហាញពីអារម្មណ៌ទុកព្រួយ និងចងគំនុំ។ វាជារូបគំនូរដែលពីកាស្សូ បានដាក់មនោសញ្ចេតនាទាំងស្រុង បន្ទាប់ពីមិត្តសម្លាញ់របស់ខ្លួនបានធ្វើអត្តឃាត។
គំនូរ តន្រ្តីករ ៣រូប (3 Musicians)
ជាស្នាដៃវិចិត្រកម្ម ក្នុងទម្រង់ ឃ្យូប៊ិសម៍ (Cubism) របស់ពីកាស្សូ។ រូបគំនូរមួយនេះ ត្រូវបានយកទម្រង់រូបគណិតវិទ្យាដូចជា រូបរង្វង់មូល រូនសាជី ឬរូបបំពង់មកបន្ស៊ីគ្នា ដោយមិនបានបញ្ជាក់ឱ្យច្បាស់ថាជារូបអ្វីពិតប្រាកដឡើយ។ ចំណែកផ្ទៃពីក្រោយរូបភាព ក៏ពុំស្មើគ្នាដែរ មើលទៅប្រពីសច្រពើស ខ្លះក៏ខូង ខ្លះក៏អណ្តែត មិនដូចគ្នា អាចសន្និដ្ឋានទៅតាមបែបផ្សេងៗ ក្នុងគំនូរតែមួយ ធ្វើឱ្យគំនូរបែបឃ្យូប៊ិសម៍ បានបង្កើតលំនាំថ្មីៗ ដល់ផ្នែកគូរគំនូរ ក្នុងសតវត្សទី២០។
រូបគំនូរ ទេពអប្សរ និងកម្រាលជូតជើង (Les Demoiselles d’Avignon)
ជារូបភាពនារីនៃក្រុងបាសេឡូណា (Barcelona) ក្នុង «សង្កាត់ស្រីខូច» ទាំង៥នាក់។ រូបនេះ ជាបដិវត្តផ្នែកគំនូរមួយដែលមិនធ្លាប់មានពីមុនមក ទាំងការដាក់ស្រមោលពន្លឺ និងមុខមាត់ប្រៀបដូចគេពាក់ស្បែកមុខ រួមទាំងទ្រង់ទ្រាយស្នាមគំនូសក្រឡោតៗ បង្ហាញពីការល្មើសនឹងសីលធម៌ និងការបំពុលមនុស្សលោក របស់មនុស្សស្រីទាំងនោះ។ តាមទស្សនៈរបស់ ពីកាស្សូ «ក្តីស្នេហា» តែងតែមានកំហឹង និងក្តីស្អប់ នៅលាយឡំជាមួយគ្នាជានិច្ច ដូចដែលគេបានពោលថា សម្រាប់ខ្ញុំ នារីមានតែពីរប្រភេទប៉ុណ្ណោះ គឺជាទេពអប្សរ ឬជាកម្រាលជូតជើង។
រូបគំនូរដែលមានអាយុកាលប្រមាណជាង ១០០ឆ្នាំ របស់ពីកាស្សូត្រូវបានលាក់ទុកក្នុងប្រទេសថៃ ជាផ្ទាំងគំនូរដែលពីកាស្សូបានគូរតាំងពីខ្លួនមានអាយុ១៦ឆ្នាំ។ រូបភាពនេះមានឈ្មោះថា Original Carmen ជារូបភាពរបស់ស្រីក្រមុំម្នាក់កំពុងញញឹម។
ប្រភព ៖ pablopicasso.org/picasso-biography, BBC, https://www.pablopicasso.org/, សៀវភៅ បុគ្គលខ្លាំង អ្នកធ្វើឱ្យរង្គើប្រវត្តិសាស្ត្រលោក.