មកស្គាល់ស្មាត់ នោ ដែលកំពុងបង្ហាញខ្លួនល្អនៅក្រុម S&E Cambodia
- 2021-09-29 06:09:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ស្មាត់ នោ ដែលកំពុងបង្ហាញខ្លួនល្អនៅក្រុម S&E Cambodia
ចន្លោះមិនឃើញ
អ្នកតាមដានការប្រកួតបាល់ទះស្តង់ដារ៤ស្មើ ដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 ប្រហែលជាស្គាល់ស្មាត់នោ។ ពីរប្រកួតកន្លងមកកីឡាកររូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងក្រុម S&E Cambodia ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ស៊ីម ចន្ថា អតីតកីឡាករឆ្នើមនៃក្លឹបអង្គរក្ស។
ស្មាត់នោមានឈ្មោះក្នុងបញ្ជីជាតិ វ៉ន មនោ កើតនៅភូមិប្រឹក្សាទី២ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ហេតុតែស្រលាញ់បាល់ទះ អតីតសិស្សបញ្ចប់ថ្នាក់វិទ្យាល័យកំចាយមារ បានចូលហ្វឹកហាត់នៅក្រុមអង្គរក្សការពារផ្ទាល់ តាមរយៈមិត្តភ័ក្តិម្នាក់នៅក្នុងឆ្នាំ២០១៩។ ក្រោយចូលហាត់ គេបានវិវឌ្ឍខ្លួនក្លាយជាស្មាត់ឆ្វេងដ៏លេចធ្លាមួយរូបប្រចាំក្រុម។
ក្លាយជាកីឡាករនៅអង្គភាពមួយនេះយុវជនកម្ពស់ ១,៨២ម៉ែត្រ ធ្លាប់បានចេញប្រកួតពានមហាជនមួយ (មិនចាំឈ្មោះ) នៅវិទ្យាល័យជាស៊ីមសាមគ្គីអំឡុងឆ្នាំ២០២០ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ខណៈជើងឯកបានលើក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើនិយាយពីការប្រកួតក្រៅផ្លូវការ មនោ ជាស្មាត់លំដាប់ថ្នាក់ Grad B ហើយគេធ្លាប់ប៉ះគីឡូធំៗជាច្រើនដូចជាក្រុមដាវញីឈ្មោល ម៉ាប់ឆ្វេង សុវណ្ណនាថ ក្នុងការប្រកួត៤ទល់៣។ ប៉ុន្តែក្រុមរបស់គេមិនសូវទទួលបានជោគជ័យឡើយ។
យ៉ាងណាថ្មីៗនេះយុវជនវ័យ២៦ឆ្នាំ បានចូលរួមជាមួយក្រុមបាល់ទះ S&E Cambodia និងបានបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹងក្រុមខ្លាំងសមាគមបាល់ទះវិសាខាក្នុងពូល A ក្នុងការប្រកួតពានរង្វាន់ Special Volleyball Challenge 2021 នៅតារាងបាល់ទះព្រីនស៍ហ្រ្គេនភ្នំពេញ។
នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមរបស់ស្មាត់នោនឹងជួបក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈ PS Concrete ជួបក្រុមកងពលធំអន្តរាគមន៍លេខ៣ នៅម៉ោង ៣ និង ៣០នាទីរសៀល។ ចាំមើលថាតើ វ៉ន មនោ ធ្វើបានល្អដែរឬទេ ខណៈបច្ចុប្បន្នក្រុម S&E មាន២ពិន្ទុឈរលេខរៀងទី៤បណ្ដោះអាសន្នក្នុងវគ្គសន្សំពិន្ទុពូល A៕