ចូលវ័យជរាហើយ វីរសិល្បករ លី ប៊ុនយីម ភ្លាត់ខ្លួនឆ្លងកូវីដ-១៩ ទៀត ឥឡូវស្ថិតនៅដំណាក់កាលដ៏គួរឲ្យបារម្ភ
- 2021-09-30 02:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលវ័យជរាហើយ វីរសិល្បករ លី ប៊ុនយីម ភ្លាត់ខ្លួនឆ្លងកូវីដ-១៩ ទៀត ឥឡូវស្ថិតនៅដំណាក់កាលដ៏គួរឲ្យបារម្ភ
ចន្លោះមិនឃើញ
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ដែលជាវីរៈសិល្បករភាពយន្ដដ៏ល្បីល្បាញអំឡុងទសវត្ស៦០ ត្រូវបានគេទទួលដំណឹងថា លោកបានឆ្លងជំងឺកូវីដ-១៩ កំពុងសម្រាក និងព្យាបាលនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដមួយកន្លែង នាខេត្ដកណ្ដាល។ តាមដំណឹងពីគ្រួសារលោកឲ្យដឹងថា លោក លី ប៊ុនយីម កំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរបំផុត។
យោងតាមក្រុមព្រះសុរិយា ដែលបានចែករំលែកដំណឹងនេះដល់មហាជនកាលពីថ្ងៃទី២៩ ខែកញ្ញា ដោយផ្អែកលើព័ត៌មានផ្ទាល់ពីក្រុមគ្រួសារវីរៈសិល្បកររូបនេះ ឲ្យដឹងថា លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម សព្វថ្ងៃមានអាយុ ៨៥ឆ្នាំ មានគេហដ្ឋាននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកព្រឹទ្ធាចារ្យត្រូវបានក្រុមគ្រូពេទ្យរកឃើញថាវិជ្ជមានជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១។
សូមរំលឹកថានៅមុនឆ្នាំ១៩៧៥ លោក លី ប៊ុនយីម បានកសាងស្នាដៃភាពយន្តជាច្រើនសម្រាប់ផលិតកម្មរន្ទះពេជ្រភាពយន្តរបស់លោក មានដូចជារឿង សព្វសិទ្ធិ រឿង ពុទ្ធិសែននាងកង្រី រឿង អនអើយស្រីអន រឿង សេះសមុទ្រ រឿងចំណងដៃទឹកភ្នែក ដែលសុទ្ធតែជាភាពយន្តដែលល្បីល្បាញ។
លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញនៅក្នុងទសវត្ស៩០ ក្រោយពីលោក និងក្រុមគ្រួសារបានភៀសខ្លួនរត់ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅខែមិថុនា ឆ្នាំ១៩៧៥ ជាជនភៀសខ្លួននៅប្រទេសវៀតណាម ហើយបន្តរត់ទៅរស់នៅប្រទេសបារាំង៕