កម្ពុជា​ត្រូវ​ការ​ត្រឹម​ស្មើ​កោះហ្គាំ​​ក៏​បាន​ឡើង​ដែរ តែ​កីឡាករ​​​ថា​នឹង​​ឈ្នះ​ម្ដង​ទៀត​

  • 2021-10-12 02:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​​​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កោះហ្គាំ​វេលា​​ម៉ោង១១:០០​នាទី​យប់នេះ (ម៉ោង​នៅ​កម្ពុជា) ​​នៅ​ទឹក​ដី​ប្រទេស​បារ៉ែនក្នុង​ការ​ប្រកួត AFC Asian Cup China 2023 Qualifiers Playoff ​។

ក្នុង​ការ​ប្រកួត​យប់​នេះ​ជា​ការ​ប្រកួត​ជើង​ទី​២ ដែល​កម្ពុជា​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ប៉ុន្តែ​ម្សិលមិញ​នេះ​ លឹម​ ពិសុទ្ធ ខ្សែ​​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​​យល់​ថា យប់​នេះ​គោព្រៃ​កម្ពុជា​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​ម្ដង​ទៀត​។ ដោយ​សារ​ជើង​ទី​១​កម្ពុជា​រក​បាន​១​គ្រាប់​ដោយ​ ចាន់​ វឌ្ឍនាកា ធ្វើ​ឲ្យ​ជើង​ទី​២​នេះ​កម្ពុជា​​កាន់​តែ​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​បាន​ឡើង​ទៅ​កាន់​ជុំ​បន្ទាប់​។

ទាក់​ទង​ការ​ប្រកួត​កាល​ជើង​ទី​១​ប្រិយមិត្ត​បាន​ឃើញ​​ហើយ​ថា កម្ពុជា​មាន​ឱ​កាស​ច្រើន​តែ​មិន​អាច​​​ស៊ុត​បាន​ច្រើន​គ្រាប់​។ ចំណុច​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​របស់​កម្ពុជា​ខាង​លើ​បាន​បង្ហើប​ថា មក​ពី​ចំណុច​សំខាន់​ពីរ​គឺ​ទី​១​បញ្ហា​ទីលាន​នៅ​បារ៉ែន​​ហាក់​ស្អិត​ ពី​ព្រោះ​ទីលាន​នោះ​​ស្មៅ​ធម្មជាតិ​តែ​​មិន​បាញ់​ទឹក​​​ ហើយ​ពេល​បោះ​បាល់​ឲ្យ​ដៃ​គូ​គឺ​ពិបាក​ណាស់ ពោល​គឺ​​​បោះ​ឲ្យ​គ្នា​មិន​បាន​ចំ​គោលដៅល្អ​ឡើយ​​។ ​ចំណែក​ហេតុ​ផល​ទី​២​គឺ​កាល​​ជើង​ទី​១ កម្លាំង​កីឡាករ​មិន​ទាន់​មាន​គ្រប់​គ្រាន់ ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​កម្ពុជា​​ទៅ​បារ៉ែន​​ទើប​តែ​បាន​៣​ថ្ងៃ​ ហើយ​ហ្វឹកហាត់​​តិច​ពេក​ជា​មួយ​ទីលាន​នៅ​ទី​នោះ​​ ទើប​ធ្វើ​ឲ្យ​កីឡាករ​​លេង​មិន​សូវ​យល់​ចិត្ត​គ្នា​ល្អ​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​