ការចត ឬ ឈប់យានជំនិះ អ្នកបើកបរចាំបាច់ត្រូវដឹង ប្រយ័ត្នចតសុខៗត្រូវប៉ូលិសអូសទៅបាត់

  • 2021-10-12 07:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមមាត្រា២៤ ត្រង់ជំពូកទី៣ ស្ដីពីអ្នកបើកបរយានជំនិះ នៃច្បាប់ចរាចរណ៍ផ្លូវគោកក្នុងព្រះរាជាណាចក្រកម្ពុជា ករណីក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់អ្នកបើកបរចាំបាច់ត្រូវដឹង ប្រយ័ត្នចតសុខៗត្រូវប៉ូលិសអូសទៅបាត់ដូច្នេះត្រូវស្វែងយល់ដូចខាងក្រោម៖

១. គ្រប់យានជំនិះ ដែលឈប់ ឬ ចត មិនត្រូវបង្កអោយរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍ ។

២. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬ ចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទបញ្ញាត្ដិដូចខាងក្រោម ៖

  • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត ឬ ឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន

  • ចំពោះទ្រូងផ្លូវអែកទិស ត្រូវចតឬ ឈប់ខាងស្តាំ ឬ ខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ ។

៣. នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬ ឈប់ សត្វពាហនៈ ត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបាន។ បើគ្មានទីណាផ្សេង ទៀតដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទបញ្ញាត្ដិ ដែលមានចែងក្នុងចំនុចទី២ នៃមាត្រានេះ ។

៤. នៅពេលយប់ ឬ នៅកន្លែងហាមឈប់ ឬ ចត គ្រប់រថយន្ត និង រ៉ឺម៉កដែលខូចគាំង ឬ ត្រូវបង្ខំអោយឈប់ ឬ ចតនៅលើទ្រូងផ្លូវ ត្រូវដាក់សញ្ញាជាដំនឹងក្នុងចំងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ។

៥. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬ ចតដាក់ទំនិញ ឬ មនុស្សឡើងចុះនៅចំងាយមិនលើស ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និង យ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬ ផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬ ផ្លូវកោងនៃមហាវិថី ។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬ ចតយ៉ាងតិចបំផុត ១០ម៉ែត្រពីផ្លូវប្រសព្វ ឬ ផ្លូវបត់ ឬ ផ្លូវកោង ។

៦. ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្វ្រាំងដៃ ឬ មានវិធានការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន ។

៧. ការចត ឬ ឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម ៖

  • នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលទុកបំរុងអោយថ្មើរជើង និង ក្នុងចន្លោះយ៉ាងតិច ៥ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទងឹទ្រូងផ្លូវសំរាប់អ្នកថ្មើរជើង ឬ នៅលើគំនូសនេះ

  • លើកន្លែងបំរុងទុកសំរាប់ការឈប់ ឬ ចត នៃយានប្រភេទខ្លះ

  • នៅចន្លោះគែមទ្រូងផ្លូវ និង ខ្សែបន្ទាត់បង្ហូត បើសិនជានៅចន្លោះខ្សែគំនូសបង្ហូត និង យានចតនេះតិចជាង ៣ម៉ែត្រដែលមិនអាចអោយយានមួយផ្សេងទៀតបរបានដោយអិតឆ្លងកាត់ ឬ ជាន់លើខ្សែគំនូសបង្ហូត

  • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬ ផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើអោយបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចារាចរណ៍ទាំងនេះបានទេ

  • នៅគ្រប់ទីកន្លែងដែលយាននេះ ធ្វើអោយរាំងស្ទះដល់ច្រកចូលចត ឬ ការឈប់នៃយានដទៃទៀត

  • នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូលឬ ផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងទៀតពីចំងាយបាន

  • នៅចន្លោះតិចជាង ២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់

  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យលើច្រកចេញចូល នៃអគារសាធារណៈ

  • នៅមុខច្រកចេញ ចូលផ្ទះអែកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះជាពីរជួរទន្ទឹមគ្នា

  • នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត ដែលឈមមុខគ្នាជាកន្លែងទុកសំរាប់អោយយានជំនិះចត លើកលែងតែក្នុងករណី ដែលអាចចតបានទាំងសងខាង

  • នៅកន្លែងដែលមានសញ្ញាហាមឈប់ ឬ ហាមចត

  • នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ម៉ោង

  • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់

  • នៅចន្លោះតិចជាង ១ម៉ែត្រពីមុខ ឬ ពីក្រោយរថយន្តដែលឈប់ ឬ ចតបន្តកន្ទុយគ្នា

  • នៅជិតផ្លូវប្រសព្វ ឬ ផ្លូវបត់ ៕

អត្ថបទស្រាវជ្រាវនិងដកស្រង់ដោយ ៖ស៊ូ អីន