មកដឹងចំណុចពិសេសៗ​ដែល​មាន​នៅលើ​កំពូលរថយន្ត Lexus LX600

  • 2021-10-14 03:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ទើបតែ​បាន​ប្រកាស​ចេញ​នូវកំពូលរថយន្ត Iconic របស់ខ្លួនដែល​ជាកំណែប្រែថ្មីពី LX570 គឺ LX600 កាលពីយប់ថ្ងៃទី១៣ តុលា ២០២១ ដែល​ជាការទន្ទឹងរង់ចាំ​ជាយូរមកហើយ ជារថយន្តត្រូវគេប្រដូចថាជាបងប្អូន​ជីដូនមួយ​នឹង Toyota Land Cruiser។

ផ្នែកប៉ាណាខាងមុខនៃ LX600 មាន​រាង​ជាបន្ទាត់​ដេក ត្រូវបានផ្លាស់ប្តូរពី LX570 ដែល​ជាសំណាញ់ តែរក្សា​ឡូហ្គូ L នៅទីតាំង​ដដែល និងមាន​ចង្កៀង​ជាប្រភេទ​ LED រួមទាំង​ពិលកាង ធ្វើឱ្យរថយន្ត​ប្រណីតនេះ ​មើលទៅកាន់តែ​មាន​អំណាច។ ផ្នែកខាងក្រោយ គឺមាន​ដាក់អក្សរ Lexus នៅចំកណ្តាល រួមមានទាំងម៉ាក LX600 នៅខាងស្តាំផ្នែកខាងក្រោម។

បើប្រៀបធៀប​ជំនាន់មុន កំពូល​រថយន្ត SUV នេះ មិនមាន​ម៉ាស៊ីន V8 ទៀតទេ ពោលគឺ​តូចជាងមុន វាជាម៉ាស៊ីន V6 Twin-turbo gasoline ចំណុះ ៣,៥លីត្រ កម្លាំងបាន​កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ ប៉ុន្តែនៅតែរក្សា​កម្លាំងបង្វិលជុំអតិបរមា ៣៦០០rpm ដែល​ងាយស្រួល​ដល់​ការធ្វើដំណើរ​គ្រប់ស្ថានភាពផ្លូវ។

ការបើកបររថយន្ត LX600 គឺពោរពេញ​ដោយផាសុកភាព និង​សុវត្ថិភាព​ ដោយបំពាក់មក​ជាមួយប្រព័ន្ធគ្រប់គ្រង​ហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូត​កម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់​សកម្ម (AHC) និង​ប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺ​មានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំង​ជំនួយមិនឱ្យ​រអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើល​ឃើញ​ស្ថានភាព​ជុំវិញរថយន្ត)។

ងាក​មកមើល​ផ្នែកខាងក្នុងវិញ​គឺ​គួរឱ្យចាប់អារម្មណ៍​ចំពោះ​ប្រព័ន្ធកម្សាន្ត​ជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះ​អេក្រង់ខាងលើ មានទំហំ​ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់​ខាងលើ​បង្ហាញ​នូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរ​លើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែក​អេក្រង់​ខាងក្រោម​បង្ហាញ​ពីអាកាសធាតុ និង​អេក្រង់​ជំនួយដល់ការបើកបរសម្រាប់​មុខងារ Multi Terrain Select ជាដើម។

យ៉ាងណាមិញ Lexus មិនបាន​បញ្ចេញ​តម្លៃរបស់ Lx600 នេះឡើយ ប៉ុន្តែគេរំពឹងថា រថយន្តនេះ​នឹង​មានដាក់លក់​នៅលើទីផ្សារ​អំឡុងត្រីមាសទី១​ ឆ្នាំ២០២២៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សំភី