តស៊ូណាស់! ព្រោះតែចង់ក្លាយជាអ្នកចម្រៀង ដាវីន ធ្លាប់ឆ្លងកាត់ឧបសគ្គគេមើលងាយយ៉ាងច្រើន តែមិនដែលបោះបង់

  • 2021-10-14 08:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដែលទើបរះថ្មីនៅក្នុងក្រុម Arom Music នាង ដាវិន ដែលគ្រប់គ្នាស្គាល់តាមរយៈបទចំរៀងCover ជាពិសេសបទរបស់លោក ព្រាប សុវត្ថិ នោះ ធ្លាប់មានប្រវត្តិតស៊ូខ្លាំង រហូតមានគេស្គាល់ដល់ថ្ងៃនេះ។

ថ្ងៃនេះ នាង ដាវិន បានប្រាប់តាមរយៈ Sabay ឲ្យដឹងពីប្រវត្តិតស៊ូយ៉ាងជូរចត់តាំងពីខ្លួនចាកចេញពីស្រុកកំណើតមករស់នៅក្រុងភ្នំពេញដើម្បីរៀនផងធ្វើការផង ។ នាង ដាវិន គឺជាអ្នកខេត្តកំពង់ស្ពឺ ដែលជិវភាពគ្រួសារមិនសូវធូធារនោះទេ ។ ពេលដែល ដាវិន ឈានជើងចាកចេញពីគ្រួសារមករស់នៅភ្នំពេញដើម្បីបន្តការសិក្សា អ្នកចម្រៀងរូបនេះបានប្រាប់ថា ខ្លួនបានជួលផ្ទះគេ និងដើររកការងារធ្វើផង រៀនផង ។

ក្នុងអំឡុងពេលសិក្សា ដាវិន ប្រាប់ថា « កាលនោះខ្ញុំរៀនផងធ្វើការផង ដោយធ្លាប់ធ្វើជាអ្នករត់តុ ធ្លាប់ជាអ្នកលើកម្ហូបឲ្យភ្ញៀវតាមរោងការមិនថានៅខេត្តរឺភ្នំពេញ ធ្លាប់ជាសន្តិសុខយាមម៉ូតូឲ្យគេ ធ្លាប់យាមសាលាឲ្យគេផងរស់នៅទីនោះផង ធ្លាប់ដើរសុំគេច្រៀងតាមហាងផ្សេងៗ វាពិតជាពិបាកណាស់បង ជាពិសេសគេមើលងាយយើងនៅពេលដែលយើងមិនមានសម្លៀកបំពាក់ថ្មីសមរម្យដូចគេ ពេលទៅសុំគេច្រៀងគេមើលលើមើលក្រោម បដិសេធគ្រប់គ្នា ពិតជាឈឺចាប់ណាស់បង »

តារាចម្រៀងរូបនេះទោះបីមានប្រវត្តិគេមើលងាយ មិនឲ្យតំលៃយ៉ាងណាក្តី ហេតុតែស្រលាញ់ខាងចម្រៀង និងការសិក្សា ដាវីន ខំតស៊ូព្យាយាមធ្វើការផងរៀនផង រហូតរៀនដល់ឆ្នាំទី៣នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI )ផ្នែកសំណង់ស៊ីវិល រហូតបានជួបបងប្រុសម្នាក់គាត់ឃើញពីទឹកដមសម្លេងក៏ឲ្យចូលក្រុមជាមួយគាត់គឺក្រុម Arom Music នេះឯង ។

នាង ដាវិន បានបញ្ជាក់ថា ខ្លួនបានចូលក្នុងTeam Arom Music បាន១ឆ្នាំជាងហើយរហូតដល់ពេលនេះ ហើយបទចំរៀងដែលមានអ្នកស្គាល់នឹងគាំទ្រខ្លាំងកន្លងមក គឺបទ (រៀបការថ្ងៃណា) ដែលជាបទរបស់លោក ព្រាបសុវត្ថិ ។

សូមបញ្ជាក់ផងដែរថា នារាត្រីនេះ នាង ដាវិន ក៏ត្រូវបានចូល​ខ្លួន​មក​បំពេរអារម្មណ៍ប្រិយមិត្ត​តាម​រយៈ​កម្មវិធី "Sabay Session​s 3”ចាប់ពីវេលាម៉ោង៧.០០ យប់នេះផងដែរ ។ សូមកុំភ្លេចតាមដានទាំងអស់គ្នាផងណា ! ៕

អត្ថបទ៖ Tep Sovannmoly