Pixel 6/6 Pro លក់ចាប់ពី ៥៩៩ដុល្លារ តែក្នុងកញ្ចប់ពិសេសៗ ឈីបខ្លាំងផ្ទាល់ខ្លួន 120Hz 5000mAh មុខងារថតរូបទំនើប

  • 2021-10-20 03:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ទើបប្រកាសចេញ Pixel 6 / 6 Pro ជាផ្លូវការ ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួន មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz និងតម្លៃទាបចាប់ពី ៥៩៩ដុល្លារ ដល់ ៨៩៩ដុល្លារ។

បន្ទះឈីបថ្មីរបស់ Google មានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI)។ ដោយបន្ទះឈីបនេះមានទំហំ 5nm មាន 8-core CPU និង 20-core GPU។ បន្ទះឈីបនេះក៏អាចគាំទ្រសេវា 5G បានផងដែរ។

បន្ថែមពីនេះ ក៏នៅមាន បន្ទះឈីបសុវត្ថិភាព Titan M2 ការពារដល់អ្នកប្រើបន្ថែម ដោយ Google នឹងបន្ដទ្រទ្រង់ផ្នែកសុវត្ថិភាព អាចអាប់ឌែតរហូតដល់ទៅ ៥ឆ្នាំ ឯណោះ។

ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានមុខងារថតរូបទំនើបៗផ្សេងទៀតដូចជា Magic Eraser អាចលុបផ្ទៃក្រោយដែលរំខាន ឬរូបមនុស្ស និងមុខងារ Face Unblur ជំនួយដល់ការថតផ្ទៃមុខឱ្យច្បាស់ មិនឱ្យព្រាល បើទោះបីទីកន្លែងថតមានពន្លឺទាប។

Pixel 6 មានលែនពីរគ្រាប់ ដោយមួយគ្រាប់លែនដើម ទំហំ 50MP និងលែន Ultrawide ទំហំ 12MP ចាប់ផ្ទៃបាន ១១៤ដឺក្រេ រីឯ Pixel 6 Pro វិញ មានលែនបីគ្រាប់ ដោយលើសមួយគ្រាប់ ជាលែន Telephotos ទំហំ 48MP មាន Optical zoom x4។ ចំណែកកាមេរ៉ាមុខវិញ ស្មាតហ្វូនទាំងពីរប្រើលែនទំលុះអេក្រង់ ដោយម៉ូឌែល Pro មានលែន ultrawide ទំហំ 11.1MP និងម៉ូឌែលធម្មតាទំហំ 8MP។

ស្មាតហ្វូនទាំងពីរនេះបំពាក់អេក្រង់ OLED ដូចគ្នា ដោយឡែកអេក្រង់ Pixel 6 មានទំហំត្រឹម ៦,៤អ៊ិញ កម្រិតបង្ហាញ FHD+ និង refresh rate 90Hz រីឯ Pixel 6 Pro ទំហំ ៦,៧អ៊ិញ កម្រិតបង្ហាញ QHD+ និង refresh rate 120Hz ថែមទាំងអាចឡើងចុះទៅតាមមាតិការបស់អ្នកទស្សនា។

Pixel 6 បំពាក់ RAM ទំហំ 8GB ជាមួយទំហំផ្ទុក 128GB និង 256GB ដោយឡែក Pixel 6 Pro មាន RAM ដល់ទៅ 12GB និងទំហំផ្ទុក 128GB, 256GB និង 512GB។

ចំណែកទំហំថ្មវិញ Pixel 6 មានទំហំថ្ម ៤៦១៤មីលីអំពែម៉ោង និង Pixel 6 Pro មានទំហំថ្ម ៥០០៣មីលីអំពែម៉ោង។ ទាំងពីរនេះ ទ្រទ្រង់កម្លាំងសាក ៣០វ៉ាត តាមខ្សែ និង ២១/២៣វ៉ាត់ ដោយមិនប្រើខ្សែ។ យ៉ាងណា ទាំងដុំសាកដោយប្រើខ្សែ និងដុំសាកដោយមិនប្រើខ្សែ គឺមិនមានស្រាប់ក្នុងប្រអប់នោះទេ។

ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់។ រីឯតម្លៃដាក់លក់វិញ Pixel 6 មានតម្លៃចាប់ពី ៥៩៩ដុល្លារ និង Pixel 6 Pro មានតម្លៃចាប់ពី ៨៩៩ដុល្លារ។ Google បើកឱ្យកម្មង់ចាប់ពីថ្ងៃនេះទៅ ដោយថ្ងៃដាក់លក់ផ្លូវការ គឺនៅសប្ដាហ៍ក្រោយ ថ្ងៃទី២៨ ខែតុលា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី