អ្នកបើកបរច្រើនមើលរំលងកំហុសតូចៗ ៣យ៉ាងនេះ តែបើប៉ូលីសផាកម្ដងបានធ្ងន់ក
- 2021-10-21 09:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកបរច្រើនមើលរំលងកំហុសតូចៗ ៣យ៉ាងនេះ តែបើប៉ូលីសផាកម្ដងបានធ្ងន់ក
ចន្លោះមិនឃើញ
ការធ្វើដំណើរនៅលើដងផ្លូវចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគឺសញ្ញាចរាចរណ៍ និងប៉ូលីសចរាចរណ៍ ។ ហេតុនេះអ្នកបញ្ជាយានយន្តមួយចំនួនទំនងជាភ្លេច ឬក៏បានដឹងដែរតែនៅបំពានទៅលើចំណុចមួយចំនួនដែលបានហាមឃាត់ដោយច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងករណីឲ្យតែបើកបរប្រហែស៣ចំនុចខាងក្រោមនេះដឹងតែត្រូវពិន័យធ្ងន់កហើយ។
១.បត់ក្រោយត្រង់សញ្ញាហាមបត់
ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ការប្រព្រឹត្តិល្មើសលើការជៀស ការបត់ និងការជែងជាដើម សម្រាប់ទោចក្រយានយន្តត្រូវរងការពិន័យជាប្រាក់២៥ ០០០រៀល រថយន្តធុនស្រាល ៥០ ០០០រៀល និងរថយន្តធុនធ្ងន់១សែនរៀល។ ក្រៅពីចំណុចទាំងនេះក៏នៅមានដែរការឈប់លើគំនូសសម្រាប់អ្នកថ្មើជើង បំពានភ្លើងសញ្ញាចរាចរណ៍ និងការជិះបញ្រាសទិសដៅចរាចរណ៍ជាដើម ដែលចំណុចទាំងនេះសុទ្ធតែខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរងការពិន័យ ។
២. បើកបរដោយប្រើទូរសព្ទដៃ
ការប្រើប្រាស់ទូរសព្ទដោយពុំមានឧបករណ៍ភ្ជាប់សំឡេងពេលកំពុងបើកបរសម្រាប់អ្នកជិះម៉ូតូនឹងត្រូវផាកពិន័យជាប្រាក់ចំនួន១៥ ០០០រៀល អ្នកបើកបររថយន្តធុនស្រាល២៥ ០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ចំនួន៥០ ០០០រៀល។ នេះបើតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍។ តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថាអ្នកប្រើប្រាស់ទូរសព្ទពេលកំពុងបបើកបរប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍៤ដងខ្ពស់ជាងអ្នកមិនប្រើ។ ដោយថា ជាធម្មតាអ្នកបើកបរត្រូវការពេលវេលា១,៥វិនាទីសម្រាប់សម្រេចចិត្តក្នុងការដោះស្រាយឧបសគ្គពេលបើកបរ តែថាពេលប្រើទូរសព្ទ រយៈពេលនេះកើនដល់៣វិនាទី។
៣. ការចតបញ្ច្រាស
ការចតរបស់យានយន្ត បញ្ច្រាសទិសដៅចរាចរណ៍ គឺជាការអនុវត្តន៍ខុសទៅនឹងច្បាប់ចំនួនពីរករណី ករណីទី១ ចតបង្កការរំខានដល់ការធ្វើចរាចរណ៍របស់យានជំនិះដទៃ ហើយករណីទី២ គឺចតបញ្ច្រាស់ទិស។ តាមអនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាត្រា៦ អ្នកបើកបរយានយន្ត ត្រូវពិន័យប្រាក់ពី១៥ ០០០រៀល ដល់ ៥០ ០០០រៀល។ ក្នុងច្បាប់ស្តីអំពីចរាចរណ៍ផ្លូវគោកដែលបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៥ មាត្រា ២៣ ស្តីពីការឈប់ និងចតនៅលើផ្លូវថ្នល់ បានកំណត់ថា គ្រប់យានជំនិះដែលឈប់ ឬ ចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍នោះឡើយ ៕
ប្រភព៖ ច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា