មហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំនេះ ប្រកាសបិទបញ្ចប់ហើយ ក្រោមជោគជ័យថ្មីមិនធ្លាប់មាន
- 2021-10-28 08:26:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំនេះ ប្រកាសបិទបញ្ចប់ហើយ ក្រោមជោគជ័យថ្មីមិនធ្លាប់មាន
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខ ហៅកាត់ថា CSFF បានប្រកាសបិទការចាក់បញ្ចាំងភាពយន្តខ្លី របស់ខ្លួនក្នុងឆ្នាំនេះហើយ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជា ចាន់បរិបូណ៍ កាលពីថ្ងៃទី២៧ ខែតុលា។
ថ្លែងក្នុងឱកាសបិទបញ្ចប់មហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំទី១០ នេះ ឯកឧត្តម ជា ចាន់បរិបូណ៍ សង្កត់ធ្ងន់ថា ក្រសួងព័ត៌មានតែងតែចូលរួម និងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ ក្រសួងក៏បានជម្រាបជូនស្ថានីយ៍ទូរទស្សន៍ឱ្យសូមចាក់ភាពយន្តខ្មែរនៅម៉ោងមាស ពោលគឺម៉ោងដែលទស្សនិកជនទស្សនាច្រើន។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានសម្តែងនូវភាពសោមនស្ស និងកោតសរសើរលើស្មារតី ដឹកនាំរបស់ក្រុមការងាររៀបចំមហោស្រពដែលបានខ្នះខ្នែងរៀបចំកម្មវិធីនេះឡើង ដើម្បីវិស័យភាពយន្តនៅកម្ពុជា។
ចំណែកប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ ២០២១ លោក ស៊ុំ ស៊ីថែន មានប្រសាសន៍ថា ឆ្នាំនេះ កម្មវិធីត្រូវបានប្រព្រឹត្តទៅរយៈពេល៥ ថ្ងៃ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់មហោស្រព “Chaktomuk Short Film Festival”។
លោក ស៊ុំ ស៊ីថែន៖”ការប្រព្រឹត្តតាមរយៈអនឡាញនេះជាចំណាត់ការថ្មីបំផុតក្នុង ប្រវត្តិសាស្ត្រ របស់មហោស្រពយើង។ ដូច្នេះខ្ញុំជឿថា បទពិសោធន៍ដែលប្រិយមិត្តគាំទ្រមាន មិនដូចជា អ្នកប្រើបណ្តាញសង្គមធម្មតានោះឡើយ។ បានន័យថាប្រិយមិត្តយើង ដាក់ចិត្តក្នុង ការទស្សនារឿងដែល មហោស្រពយើងបានជ្រើសមក ហើយរឿងទាំងនោះក៏រើសទស្សនិកជនដែរ”។
សូមបញ្ជាក់ថា ភាពយន្ដខ្លីទាំង៦៦ រឿង ដែលត្រូវបានជ្រើសរើស និងចាក់បញ្ចាំងរួចហើយ គឺមានអ្នកចូលទស្សនាសរុប២៤,០០០ នាក់ និងការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមដែលទទួលបានការចូលចិត្ត ឬlikes សរុប៥០០ នាក់។ រីឯអ្នកចាប់អារម្មណ៍ ឬreaches ចំនួន២៦,០០០នាក់។ នេះបើគិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ទន្ទឹមគ្នានេះដែរមហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំ១០ នេះ បានប្រគល់រង្វាន់ជាប្រាក់ និងលិខិតសសើរទៅតាមប្រភេទ និងចំណាត់ថ្នាក់ដូចជា៖ ជយលាភី រឿងខ្លីឆ្នើមប្រចាំឆ្នាំ បានទៅលើរឿង”ប៉ាន់ក្រហម” ទទួលបានទឹកប្រាក់ចំនួន៤ លានរៀល ពី”SEA Junction”។ ជយលាភីរឿងខ្លីឆ្នើមបន្ទាប់ប្រចាំឆ្នាំ បានទៅលើរឿង”Origami Girl” ទទួលបានទឹកប្រាក់ចំនួន២លានរៀល ពី “Reading Film Club”។ ជយលាភីទស្សនិកជនក្នុងស្រុក បានទៅលើរឿង”Dream Catcher” ទទួលបានទឹកប្រាក់ចំនួន១លាន២សែនរៀល ពី”Alien Express”។
ជយលាភីទស្សិកជនអន្តរជាតិ បានទៅលើរឿង”Return to Toyam” ទទួលបានទឹកប្រាក់ចំនួន២លានរៀល។ ជយលាភីភាពយន្តឯកសារខ្លីពី”អង្គការ We World-GVC” ក្រោមគម្រោង”ជម្រើសដែលមានសុវត្ថិភាព” បានទៅលើរឿង”ការចំណាកស្រុកតាមរយៈមេខ្យល់” ទទួលបានកាមេរ៉ាDigital ១ឈុត។
ក្នុងនាមជាអ្នករៀបចំកម្មវិធីមហាស្រពភាពយន្តខ្លីចតុមុខលើកទី១០ ឆ្នាំ ២០២១ លោក ស៊ុំ ស៊ីថែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាដៃគូសហការ និងសាធារណជន ដែលបានគាំទ្រមហោស្រព ហើយជំរុញឲ្យព្រឹត្តិការណ៍មួយនេះ ក្លាយជាវេទិកាមួយលើកទឹកចិត្តដល់ផលិតករ សមិទ្ធិករជំនាន់ក្រោយ និងជម្រុញឱ្យភាពយន្តខ្មែរមានសន្ទុះកើនឡើង និងការគាំទ្រកាន់តែខ្លាំង៕