ប្រវត្តិត្រួសៗពីព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលខ្មែរចងចាំមិនភ្លេច
- 2021-11-09 07:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិត្រួសៗពីព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលខ្មែរចងចាំមិនភ្លេច
ចន្លោះមិនឃើញ
ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណាព្យាបាលពីប្រទេសបារាំង ( បារាំងធ្វើអាណានិគមលើកម្ពុជា ) ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំងបានផ្តល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឡើង ជាមួយប្រទេសបារាំង ដោយបានចរចាផ្ទេរអធិបតេយ្យភាពមកឲ្យកម្ពុជា បន្ទាប់ពីព្រះអង្គបានធ្វើយុទ្ធនាការជាច្រើនឆ្នាំ។ ឯកសារប្រវត្តិសាស្ត្រ បានបង្ហាញថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត នៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គ បានចូលសិក្សានៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា ( Lycée Chasseloup Laubat ) នៅព្រៃនគរ ( វៀតណាមខាងត្បូង )។ នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ ( Saumur ) ប្រទេសបារាំង។
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គ ឡើងគ្រងរាជ្យសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥។
ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យ ក្នុងការទាមទារឲ្យរាជាណាចក្រថៃឡងដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោក លើកទី២ ថៃឡងដ៍ បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ -ព្រះបិតាឯករាជ្យជាតិ"។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិ ឲ្យបានដាច់ខាត ក្នុងរយៈពេល ៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖
-លើកទី១ ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល
-លើកទី២ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល
-លើកទី៣ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ
ដោយរដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គ ទ្រង់សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យ នៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។
នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្តេចព្រះ នរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរ ទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖ ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត និងចំណុចទី២ គឺបញ្ហាឯករាជ្យបរិបូរណ៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ពុំត្រូវការរបបកុម្មុយនីស្តទេ ព្រោះថា ប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនីស្ត គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ។
ដោយឡែក នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១ របស់គេ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថា ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស្ត”។
សម្តេចព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ បានលើកឡើងថា ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ..."។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃរាជាណាចក្រកម្ពុជា។
ព្រះករុណាសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែពីទីក្រុងប៉េកាំង មកតម្កល់ក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០១៣ ទើបរាជរដ្ឋាភិបាល ចាត់ចែងបូជាព្រះបរមសព ព្រះករុណា នៅវាលព្រះមេរុ តាមព្រះរាជបណ្តាំរបស់ព្រះអង្គ៕