នាឡិកាវៃឆ្លាតថ្មីរបស់​ Huawei សាកថ្ម​ពេញកាន់​បាន ១៤ថ្ងៃ មាន​មុខងារ​ត្រូវម៉ាច់​បំផុត​សម្រាប់​អ្នក​លេង​កីឡា តម្លៃជាង ៣០០ដុល្លារ

  • 2021-11-22 04:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei ទើបតែ​បញ្ចេញ​នូវ​នាឡិកា​វៃឆ្លាត​ថ្មី​របស់​ខ្លួន​ម៉ូដែល GT Runner ដែល​កាន់ថ្មបាន​យូរ មាន​មុខងារ​ច្រើន​​ភ្ជាប់មក​ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​លេងកីឡា ប៉ុន្តែ​តម្លៃរាងថ្លៃគួរសម។

នាឡិកាវៃឆ្លាត GT Runner មាន​ទំហំ​ ៤៦មម ប្រើ​កញ្ចក់ AMOLED ទំហំ ១,៤៣អ៉ីញ និងមានទម្ងន់ស្រាលត្រឹមតែ ៣៨,៥ក្រាម។ នាឡិកានេះ ដំណើរការដោយ​ប្រព័ន្ធ​ប្រព័ន្ធប្រតិបត្តិការ HarmonyOS និង​មាន​អង្គផ្ទុក​ទិន្នន័យ​ក្នុងម៉ាស៊ីន 4GB។

Huawei GT Runner ត្រូវបាន​បំពាក់​សេនស័រវាស់ចង្វាក់បេះដូង​​ជំនាន់ទី៥ របស់​ក្រុមហ៊ុន​នេះផ្ទាល់គឺ TruSeen 5.0 optical, មុខងារវាស់កម្រិត​អុកស៊ីហ្សែន​ក្នុងឈាម Sp02 និង​មុខងារ​តាមដាន​សកម្មភាព​នានា​ដល់​ជាង ១០០ម៉ូដ ដែល​ពិសេសបំផុត​សម្រាប់​អ្នក​លេង​កីឡា។ ក្រៅពីនេះ វាមាន​មុខងារ GNSS positioning, NFC និង​ Bluetooth ដែល​អាចភ្ជាប់​ជាមួយទូរសព្ទ​ក្នុងការ​ខល​បាន និង​មាន​អាវក្រោះការពារ​ជ្រាបទឹកប្រភេទ 5ATM។

អ្វី​ដែល​គួរឱ្យចាប់អារម្មណ៍​បំផុត​ពី​នាឡិកាវៃឆ្លាតនេះ គឺ​ពេល​សាកថ្មពេញតែម្តងអាចកាន់បានដល់ ១៤ថ្ងៃ ប៉ុន្តែបើអ្នក​ប្រើប្រាស់ច្រើន វាធ្លាក់មកនៅត្រឹម ៧ថ្ងៃប៉ុណ្ណោះ តែយ៉ាងណា​នេះ​គឺ​ជារយៈពេល​កាន់ថ្មបានយូរ​បំផុត​ បើប្រៀបធៀប​នឹង​នាឡិកាវៃឆ្លាត​មួយ​ចំនួន។

Huawei Watch GT Runner នឹង​ត្រូវដាក់​លក់​ជាផ្លូវការ​ក្នុងប្រទេសចិន នាថ្ងៃទី២៦ វិច្ឆិកា ក្នុងតម្លៃ ២១៨៨យ័ន ឬប្រមាណ ៣៤៣ដុល្លារអាមេរិក ដែលមាន​ជម្រើស​ពណ៌ប្រផេះ និងខ្មៅ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សំភី