ដាវវែង ជាដាវពិសេសខ្មែរប្រើប្រាស់ក្នុងសឹកសង្គ្រាមនៅសម័យបុរាណ ស្ទើរបាត់រូបរាងទៅហើយ

  • 2021-11-22 10:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ដាវវែង» ជាប្រភេទដាវមួយប្រភេទរបស់ខ្មែរដែលមានដងនិងផ្លែវែងខុសពីដាវធម្មតា ដាវនេះជាប្រភេទដាវដែលគេច្រើនប្រើប្រាស់នៅក្នុងសឹកសង្គ្រាមនាសម័យបុរាណតែប៉ុណ្ណោះ ឥតមានប្រើប្រាស់ជាប្រចាំ ក្នុងកិច្ចការទូទៅទេ។ លក្ខណៈពិសេសសម្រាប់សំគាល់ដាវនេះ គឺប្រវែងដ៏វែងរបស់វាដែលយើងអាចរាប់ថាជាដាវដែលមានប្រវែងវែងជាងគេក្នុងតំបន់ខុសប្លែកពីដាវរបស់ប្រទេសជិតខាងនានា។ តាមការកត់សម្គាល់ដាវវែងជាទូទៅមានផ្លែប្រវែងប្រមាណ៣ហត្ថ និងទទឹង២ធ្នាប់ ឯដងមានប្រវែងប្រមាណ១ហត្ថ១ចំអាន ប្រសិនបើរាប់ពីដងដល់ចុង ដាវនេះមានប្រវែងសរុបប្រមាណ១ព្យាម១ចំអាម ឬ ប្រមាណ២ម៉ែត្រនិង២៥សង់ទីម៉ែត្រក្នុងខ្នាតមាត្រដ្ឋានបច្ចុប្បន្ន ដែលខ្ពស់ជាងជំហររបស់បុរសខ្មែរសម័យមុនបន្តិច។

នៅគល់ផ្លែត្រង់កន្លែងតភ្ជាប់នឹងដងគេធ្វើជាក្បាំងរាងមូលសម្រាប់រងអាវុធមិនអោយជ្រុលត្រូវដៃ ឯដងវិញគេច្រើនអំបោះមកវេញចាក់ស្រេះដើម្បីកុំអោយរបូតធ្លាក់ពីដៃងាយៗ ខ្លះទៀតគេយកផ្តៅមករ៊ុំព័ទ្ធពីលើបន្ថែមទៀត ឬប្រើផ្តៅមកក្រងលើដងតែម្តងទាំងអស់តែម្តងក៏មាន។ ដាវវែងគេមិនធ្វើស្រោមសម្រាប់ដាក់ទេ ដោយសារតែផ្លែវាមានប្រវែងវែងពេកពិបាកនឹងដកចេញ ប្រសិនបើដាក់ក្នុងស្រោម ។ នៅវេលាចេញច្បាំងគេតែងកាន់ដងរបស់វាបញ្ឈរចុងឡើងលើ ហើយផ្អែកមកលើស្មាដើរទៅមុខតែម្តង ដូចបែបទាហានសម័យថ្មីយើងនេះលីកាំភ្លើងអញ្ចឹងដែរ ។

ដាវដងវែង គេឃើញមានប្រើប្រាស់សម្រាប់តែទាហានថ្មើរជើងតែ១មុខគត់ ឯក្រុមទាហានដ៏ទៃមិនមានប្រើប្រាស់ទេ ហើយអ្នកប្រើប្រាស់ដាវទៀតសោត ត្រូវមានកំលាំងខ្លាំងហើយស្ទាត់ជំនាញ ព្រោះបើពិនិត្យតាមទំហំនិងប្រវែងដាវទៅ ដាវនេះគួរប្រើសម្រាប់ប្រយុទ្ធនឹងសត្រូវដែលនៅឆ្ងាយពីកាយបន្តិចដោយរក្សាគំលាតរវាងម្ចាស់ដាវនឹងសត្រូវ ឬប្រើប្រាស់ដើម្បីកាត់អវយវៈរបស់សត្រូវ សត្វពាហនៈក្នុងចម្បាំងមានសេះដំរីជាដើម។

តាមរយៈការសង្កេតរបស់យើង ដាវនេះមានលក្ខណៈស្រដៀងគ្នានឹងដាវ ōdachi របស់ជប៉ុនដែលជាប្រភេទដាវវែងជាងគេបង្អស់នៅលើពិភពលោក។ ទាំងនេះហើយធ្វើអោយយើងនឹកគិតដល់ទំនាក់ទំនងរវាងខ្មែរនិងជប៉ុននៅសម័យលង្វែកនិងសម័យឧត្តុង្គតាមរយៈពាណិជ្ជកម្មតាមផ្លូវសមុទ្រ ជាពិសេសវត្តមានរបស់ដាវជប៉ុន ក៏ដូចជាសាមូរ៉ៃអ្នកប្រយុទ្ធជប៉ុននៅលើទឹកដីខ្មែរ។ ទំនងនេះយើងប៉ាន់ស្មានថា ដាវវែងនេះក៏ប្រហែលនឹងជាការធ្វើតាមបែបដាវជប៉ុន ដែលធ្លាប់ជាទីពេញនិយមនៅសម័យកាលនោះ ដូចដែលដាវជប៉ុន ឬ ព្រះទម្រង់អសិរជប៉ុន ពេញនិយមក្នុងចំណោមព្រះមហាក្សត្រ ព្រះញាតិវង្ស មន្ត្រីកងទ័ពខ្មែរនាសម័យសម័យមុនផងដែរ ៕

ប្រភព៖ បុរាណាចារ្យ​ ប្រភពរូបភាព៖ លោក Mong Hay Lao

អត្ថបទដកស្រង់និងស្រាវជ្រាវដោយ ៖ ស៊ូ អីន