XPeng ​ចេញ​ឡានថ្មី សាកភ្លើង ៥នាទី បើកបាន ២០០គ.ម និង​មាន​ប្រព័ន្ធថ្មី Xpilot 4.0 ប្រជែង Autopilot របស់​ Tesla

  • 2021-11-25 02:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​បណ្តា​ក្រុមហ៊ុនរថយន្តចិន បាន​បញ្ចេញ​រថយន្ត​ស៊េរី​ថ្មីរបស់ខ្លួន ក្នុងពិព័រណ៌ Guangzhou Auto Show កាលពីសប្តាហ៍មុន​ ក្រុមហ៊ុន Xpeng ក៏​បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ដែល​ធ្វើឱ្យ​មានការភ្ញាក់ផ្អើលខ្លាំងផងដែរ គឺ​ជាម៉ូដែល G9 ដែល​ផ្តោតសំខាន់​លើការ​សាកភ្លើងលឿន ហើយ​ធ្វើដំណើរ​បានឆ្ងាយ ពោលគឺ​ផលិតឡើង​ជាពិសេស​សម្រាប់​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

រថយន្ត XPeng G9 នេះ​ មិន​ត្រូវបាន​បញ្ជាក់​លម្អិតអំពី​ទំហំ​ម៉ាស៊ីនឡើយ ដោយគ្រាន់តែទម្លាយឱ្យដឹងថា វាប្រើម៉ាស៊ីនថ្មី XPower 3.0 និង​មាន​បច្ចេកវិទ្យាសាកភ្លើង ៨០០វ៉ុល ពោលគឺ​សាក ៥នាទី អាច​បើកបរ​បាន​ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ។

ក្រុមហ៊ុន XPeng បាន​ហៅ​រថយន្តនេះថាជា «កំពូល​ SUV ដ៏វៃឆ្លាត» ដែល​ចង់​សំដៅ​លើ​ប្រព័ន្ធបើក​បរ​ស្វ័យប្រវត្តិ។ រថយន្ត G9 ជា​រថយន្ត​ដំបូង​របស់​ XPeng ដែល​បំពាក់​ប្រព័ន្ធបើកបរ​ពាក់កណ្តាល​ស្វ័យប្រវត្តិជំនាន់ទី៤ Xpilot 4.0 ធ្វើឱ្យវា​ក្លាយ​ជាគូប្រជែង​ថ្មីទៀត​លើ Autopilot របស់ក្រុមហ៊ុន Tesla។

Xpilot 4.0 ​ជាប្រព័ន្ធ​ដំបូង​ដែល​អាចឱ្យ​រថយន្ត​បើកបរស្វ័យ​ដោយ​ភាព​វៃឆ្លាត​ក្នុងគ្រប់​ស្ថានភាព​ផ្លូវចាប់ផ្តើមពីការបើកបរ រហូតដល់ការចូលចត។ ទន្ទឹមនឹង​នេះ រថយន្ត​អគ្គិសនី​ G9 ​បំពាក់​ជាមួយ​ប្រព័ន្ធសេនស័រ Lidar ដែល​ប្រើ​ឡាសែ៊​ក្នុងការ​បង្កើត​ជា 3D map នៅជុំវិញ​រថយន្ត​ ដែល​មាន​សារៈសំខាន់​បំផុត​ដល់​ការ​បើកបរ​ស្វ័យប្រវត្តិ។ យ៉ាង​ណាមិញ បច្ចេកវិទ្យា​នេះ បន្ត​ស្ថិតក្នុងជាប្រព័ន្ធ​គំរូនៅឡើយ មិនទាន់​ប្រើប្រាស់​ជាផ្លូវការ​ជាក់ស្តែងនោះទេ។

​ក្រុមហ៊ុន Xpeng នឹង​ដាក់លក់​​រថយន្ត G9 នៅ​ក្នុងប្រទេសចិន នាចុងឆ្នាំ២០២២ ហើយគ្រោង​វាយលុក​ចូលទីផ្សារអឺរ៉ុប ដើម្បីប្រជែង​ជាមួយ​ Tesla Model Y និង Model 3 ប៉ុន្តែមិនបាន​បញ្ជាក់​អំពីតម្លៃរថយន្ត​នេះឡើយ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម