មកដឹងពី ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា
- 2021-11-29 02:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា
ចន្លោះមិនឃើញ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងព្រះប្រធានក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទីមួយនៃរដ្ឋាភិបាលកម្ពុជា និងធ្លាប់ធ្វើជាប្រធានរដ្ឋសភាជាតិ។
ព្រះអង្គប្រសូត្រ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គជាព្រះអនុច (ប្អូនបង្កើត) របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។ ព្រះអង្គជាព្រះជេដ្ឋា (បងប្រុស) របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ប៉ុន្តែព្រះមាតាទីទៃ បិតាតែមួយ។
កាលនៅមានព្រះជន្មនៅឡើយ ព្រះអង្គធ្លាប់ជាអ្នកនយោបាយឆ្នើមមួយរូប និងជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង ដោយបានរៀនចប់ផ្នែកច្បាប់នៅសាកលវិទ្យាល័យប្រទេសបារាំង។ ព្រះអង្គប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលជិត ៤០ ឆ្នាំ តាំងពីចូលក្រុមរាជានិយមហ្វ៊ុនស៊ិនប៉ិចនៅឆ្នាំ ១៩៨៣។
ពលរដ្ឋខ្មែរទូទៅនៅប្រទេសកម្ពុជា ចាប់ផ្តើមស្គាល់ព្រះអង្គខ្លាំង ក្នុងព្រឹត្តិការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ដែលកាលណោះគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលព្រះអង្គជាព្រះប្រធាន បានឈ្នះគណបក្សប្រជាជនកម្ពុជា ដោយគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៥៨ អាសនៈទល់នឹងគណបក្សប្រជាជនកម្ពុជាទទួលបាន ៥១ អាសនៈ ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី ២។
នៅឆ្នាំ១៩៩៨ ព្រះអង្គ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា ក្រោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។ ហើយក្នុងការបោះឆ្នោតឆ្នាំ ២០០៣ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអសនៈ ២៦ ក្នុងចំណោមអសនៈសភាជាតិសរុប ១២០ អសនៈព្រះអង្គបានក្លាយជាប្រធានរដ្ឋសភាម្ដងទៀត។
ព្រះអង្គមានមហេសីពីរ មហេសីទីមួយ គឺព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ (ឈ្មោះដើមអ្នកស្រី អេង ម៉ារី) បានបុត្របីអង្គ គឺព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី។ មហេសីទីពីរ គឺអ្នកម្នាង អ៊ុក ផល្លា ដែលជាអ្នករបាំបុរាណដ៏ឆ្នើមម្នាក់។
ជាមួយអ្នកម្នាង អ៊ុក ផល្លា ទ្រង់បានបុត្រពីរអង្គ គឺអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និង អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស។ អ្នកម្នាង អ៊ុក ផល្លា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៨។ ក្នុងគ្រោះថ្នាក់នោះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់ ដែលពិការ និងជិះលើរទេះរុញតាំងពីពេលនោះ រហូតដល់ថ្ងៃសោយទិវង្គត៕