នេះ​ដំណឹង​អំពី​កីឡាករ​បរទេស​នៅ​សង្វៀន​ CNC​ និង​ Bayon TV​

  • 2021-12-02 07:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បើក​ភ្លើង​ខៀវ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​កម្ពុជា​ដោយ​មិន​ចាំបាច់​ធ្វើ​ចត្តាឡីស័ក​ និង​ការ​បើក​ព្រំដែន​គោក​ក៏​ដូច​ជា​គ្រប់​អាជីវកម្ម​ឡើង​វិញ​នេះ​វា​ជា​ដំណឹង​ល្អ​ផងដែរ​ចំពោះ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ។​

ការប្រកួតអន្តរជាតិនៅ CNC

លោក​ ម៉ា ​ស៊ីថេត​ អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន​ CNC​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​លោក​កំពុង​ទំនាក់ទំនង​លើ​កិច្ចការ​នាំ​កីឡាករ​បរទេស​ (ថៃ)​ ចូល​មក​ប្រកួត​នេះ​ហើយ។​ ប៉ុន្តែ​ជាក់​ស្ដែង​ខាង​អ្នក​នាំ​កីឡាករ​ (Promoter)​ ថា​មាន​ការ​លំបាក​នៅ​ឡើយ​ទេ​ភាគី​ប្រទេស​ថៃ។​ ដូច្នេះ​ការ​បញ្ជាក់​ថា​កីឡាករ​ថៃ​នឹង​មក​វ៉ៃ​នៅ​ CNC​ ក្នុង​ពេល​ណា​នោះ​មិន​ទាន់​ដឹង​ឡើយ​តែ​យ៉ាង​ណា​គឺ​ក្នុង​ពេល​ឆាប់​ខាង​មុខ​ ឬ​ដើម​ឆ្នាំ​២០២២។​

ការប្រកួតអន្តរជាតិនៅបាយ័ន

ចំណែក​លោក​ នាង​ សុភាវុធ​ ក្រុម​ការងារ​នៅ​សង្វៀន​បាយ័ន​ ប្រាប់​ថា​ ការ​ប្រកួត​សប្ដាហ៍​នេះ​គឺ​រៀបចំ​កីឡាករ​បរទេស​មិន​ទាន់​ឡើយ​បើ​ទោះ​ជា​បើក​ព្រំដែន​ក៏​ដោយ។​ ក្រុម​ការងារ​ក៏​កំពុង​ទំនាក់ទំនង​ខាង​ថៃ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អាច​យក​បាន​ពេល​ណា​នៅ​ឡើយ​ទេ​ ទី១​ ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​មាន​ដំណឹង​អំពី​មេរោគ​កូវីដ​បម្លែង​ថ្មី​បន្ថែម​ទៀត​ ទី២​ ត្រូវ​ការ​ការ​រៀបចំ​សម្ភារ​ឧបករណ៍​ការពារ​ឲ្យ​ត្រឹមត្រូវ​តាម​វិធាន​ក្រសួង​សុខាភិបាល​ ប៉ុន្តែ​លោក​គិត​ថា​មិន​យូរ​ទេ។​

ការប្រកួតនៅ PNN

ចំពោះ​សង្វៀន​ PNN​ ដូច​ Sabay ​ធ្លាប់​បាន​ផ្សព្វផ្សាយ​ហើយ​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​ ២០២២​ ព្រោះ​កញ្ចប់​ថវិកា​បាន​រៀបចំ​សម្រាប់​ការ​ប្រកួត​ខ្មែរ​និង​ខ្មែរ​រួច​ហើយ​រហូត​ដល់​ដាច់​ឆ្នាំ។​ ដូច្នេះ​នៅ​ឆ្នាំ​ចាស់​នេះ​បើ​ទោះ​គេ​បើក​ព្រំដែន​ក៏​គ្មាន​វត្តមាន​កីឡាករ​បរទេស​មក​ដែរ។​

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ ជា​សកល​កន្លង​ទៅ​នេះ​ប្រទេស​នានា​ជាប់​កម្ពុជា​ រួម​ទាំង​កម្ពុជា​ផង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង​ និង​បាន​បិទ​ជ្រក​ព្រំដែន​គោក​រហូត​មក​ដល់ថ្ងៃទី៣០ វិច្ឆិកា ​ពិសេស​រឹតត្បិត​ជា​ខ្លាំង​ចំពោះ​បរទេស​ដែល​មក។​ ចំពោះ​វិស័យ​ប្រដាល់​ក៏​មិន​មាន​វត្តមាន​កីឡាករ​បរទេស​ (ថៃ)​ មក​ខ្មែរ​ប្រហែល​ខ្ទង់​២ឆ្នាំ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​