អស្ចារ្យខ្មែរធ្វើបាន! សម្ដេច​ថា ពី​ពេល​នេះ​ទៅ ទោះ​យន្តហោះ​ខ្នាត​ណា ក៏​កម្ពុជាអាចទទួលចុះចតបានដែរ!

  • 2021-12-09 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ពិតជាអស្ចារ្យនិងជា អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ទោះយន្តហោះខ្នាតយក្សក៏អាចទទួលចុះចតបានដែរ ។ នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឳកាស សម្ដេច អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជា អាកាសយាន្តដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា នាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា និង បង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។ សម្តេចតេជោថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ មានសមត្ថភាពខ្ពស់ និងសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរផងដែរ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ហើយបាន ផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា ។ ទន្ទឹមនេះដែរ សម្តេចតេជោបានប្រសិទ្ធនាមអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ថាជា«អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ផងដែរ ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន