វិធីសាស្ត្រ៥ យ៉ាងការពារស្នាមជ្រួញនៅរង្វង់ភ្នែក នារីភាគច្រើនមើលរំលង
- 2021-12-13 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ៥ យ៉ាងការពារស្នាមជ្រួញនៅរង្វង់ភ្នែក នារីភាគច្រើនមើលរំលង
ចន្លោះមិនឃើញ
ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ពិតគ្មាននារីណាចង់ស្គាល់នោះទេ។ យ៉ាងណាមិញ អាយុកាន់តែច្រើន គឺកាន់តែងាយក្នុងការកើតមានជាបញ្ហាស្បែកមុខ ជាពិសេសស្នាមជ្រួញនៅបរិវេណភ្នែក។ ជាទូទៅ វាច្រើនលេចចេញនៅពេលអ្នកឈានចូលវ័យ ៣០ ឡើង តែវាក៏អាចកើតមានចំពោះអ្នកដែលមានអាយុតិចដែរ បើពួកគេមិនបានយកចិត្តទុកដាក់ និង ថែទាំមុខដោយវិធីត្រឹមត្រូវ។ គន្លឹះការពារស្នាមជ្រីវជ្រួញទាំង ៥ នេះនឹងជួយផ្ដល់ទំនុកចិត្ត និង ភាពវ័យក្មេងជូនអ្នក៖
**១. ប្រើគ្រីមលាបភ្នែក៖** ស្នាមជ្រីវជ្រួញ និង ស្លក់ក្រោមភ្នែកក៏អាចបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ និង ការសម្លឹងមើលកញ្ចក់ទូរសព្ទ ឬ កុំព្យូទ័រផងដែរ។ ដូច្នេះ អ្នកគប្បីលាបគ្រីមផ្ដល់សំណើមដល់ផ្ទៃមុខជារៀងរាល់ថ្ងៃ ជាពិសេសគឺគ្រីមលាបភ្នែក ដែលមានតួនាទីសំខាន់ក្នុងការជួយរឹតបន្តឹងស្បែក និង ជួយឲ្យស្បែកក្រោមភ្នែកប្រែពីស្រអាប់មកជាភ្លឺស្រស់ស្រាយវិញ។ គួរបញ្ជាក់ថា វិធីលាបគ្រីមភ្នែកឲ្យត្រូវក្បួន គឺអ្នកត្រូវប្រើម្រាមដៃនាងមកលាបថ្នមៗនៅជុំវិញរង្វង់ភ្នែក ឬ នៅក្រោមភ្នែក ដោយសារវាជាម្រាមដៃដែលខ្សោយជាងគេក្នុងចំណោមម្រាមដៃដទៃ។
២. ជម្រុះកោសិកាចាស់៖ ទោះជាបរិវេណភ្នែកមានសភាពស្ដើងជាងផ្នែកដទៃទៀតក៏ពិតមែន តែវាក៏ត្រូវការ ការជម្រុះនូវកោសិកាចាស់ៗដែលជុំវិញនោះផងដែរ។ ការជម្រុះចោលនូវកោសិកាចាស់ៗនៅរង្វង់ភ្នែក ជួយឲ្យស្បែកភ្លឺរលោង និង ធ្វើឲ្យផលិតផលដទៃទៀតងាយជ្រាបចូលស្បែកបានល្អ។
៣. ការពារភ្នែកពីកម្ដៅថ្ងៃ៖ មូលហេតុចម្បងដែលងាយបង្កជាស្នាមជ្រីវជ្រួញក្រោមភ្នែកគឺ ដោយសារកាំរស្មីពន្លឺព្រះអាទិត្យនេះហើយ។ ដូច្នេះ មិនថាអ្នកស្ថិតក្នុងវ័យណានោះទេ ការបិទបាំងបរិវេណភ្នែកពីការប៉ះត្រូវពន្លឺថ្ងៃគឺជារឿងសំខាន់ និង ចាំបាច់។ ពេលចេញទៅក្រៅ ចូរអ្នកលាបឡេការពារពន្លឺថ្ងៃ និង ពាក់វ៉ែនតាខ្មៅ ដើម្បីបិទបាំងពីការចាំងចំផ្ទៃមុខ ជាពិសេសបរិវេណភ្នែកនេះតែម្ដង។
៤. បិទម៉ាសភ្នែក៖ នារីភាគច្រើនគឺធ្លាប់បានប្រើប្រាស់នូវប្រភេទម៉ាសបិទមុខរួចមកហើយ។ យ៉ាងណាមិញ ម៉ាសបិទក្រោមភ្នែកក៏មានអត្ថប្រយោជន៍ដ៏ប្រសើរដល់ផ្ទៃមុខដែរ។ វាមាននាទីជួយបំបាត់ការហើមភ្នែក ស្នាមដក់ក្រោមភ្នែក ភ្នែកខ្មៅស្រអាប់ និង ទប់ស្កាត់នូវស្នាមជ្រួញក្រោមភ្នែកផងដែរ។
៥. ជូតសម្អាតមុខឲ្យបានត្រឹមត្រូវ៖ ហាមដាច់ខាតការចូលគេងដោយមិនលាងសម្អាតផ្ទៃមុខព្រោះអាចបណ្ដាលឲ្យឡើងកន្ទួលរមាស់ កើតមុន និង ស្នាមជ្រួញក្នុងរយៈពេលយូរ។ លើសពីនេះ ពេលអ្នកលាងសម្អាតផ្ទៃមុខ ឬជូតគ្រឿងសម្អាងចេញ សូមធ្វើដោយចលនាថ្នមៗនិងស្រាលៗ ជៀសវាងការជូតដោយប្រើកម្លាំង ឬ អូសទាញខ្លាំងៗ ដែលនាំឲ្យកើតជាបញ្ហាស្បែកយារធ្លាក់មុនអាយុនៅថ្ងៃមុខ។
ចុចអានបន្ត៖ ស្រាយឲ្យអស់ចម្ងល់ ! រឿងស៊ុតមាន់មានផ្នែកពណ៍លឿងដិត ជីវជាតិខ្លាំងជាងពណ៍ស្រាលឬអត់