អេមខ្លាំង! រថយន្ត Range Rover SV ថ្មី អាច​កែកុន​បាន​ដល់ ១លាន ៦​សែន option

  • 2021-12-20 07:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នក​ប្រាកដ​ជាបាន​ដឹងបានឃើញ​រួចមកហើយនូវ​កំពូល​រថយន្ត SUV របស់ Land Rover គឺ​ Range Rover ស៊េរីឆ្នាំ​២០២២ ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ចេញ​កាលពីតុលាកន្លងទៅ។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុន Land Rover ក៏ទើបតែ​បង្ហាញ​នូវ​រថយន្ត​ម៉ូដែលមួយទៀតគឺ Range Rover SV ឆ្នាំ២០២៣ ដែល​អាចកែកុនចេញ​ជា option បាន​ដល់​ចំនួន ១,៦លានបែប។

ចំពោះ​ការកែច្នៃរថយន្ត​បាន​យ៉ាងច្រើន​របៀបបែបនេះ គឺ​ផ្អែក​ទៅលើ​ផ្នែក​នានា​របស់​រថយន្ត​មាន​ដូចជា កម្លាំងម៉ាស៊ីន, កង់, ផ្នែកខាងមុខ និងខាងក្រោយ, ជម្រើស​ពណ៌ខាងក្រៅ និងខាងក្នុង, ការឌីហ្សាញ themes និង​ថ្នាំកូត​រថយន្ត​សេរ៉ាមិចជាដើម ទៅតាមចំណូលចិត្ត​របស់​អ្នកប្រើប្រាស់។

លោក Michael van der Sande ប្រធាន​ផ្នែក​នៃ​ការ​ផលិតរថយន្ត Range Rover SV នេះ បាន​និយាយថា «ការធ្វើការងារ​ជាមួយវត្ថុធាតុ​ដ៏​ល្អបំផុត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត អាច​ឱ្យយើងបង្ហាញ​ភាពប្រណីត​បន្ថែមទៀត​ចូល​ទៅក្នុងគ្រប់ផ្នែក​នៃរថយន្ត​នេះ។ ការយកចិត្តទុកដាក់​នូវភាព​លម្អិត​និង​គុណភាព គឺ​ជាភស្តុតាង​ដែលមាន​នៅ​រថយន្តនេះ។»

យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បង្ហាញ​ពីលក្ខណៈសម្បត្តិ និងតម្លៃ​នៃរថយន្ត Range Rover SV នេះនៅឡើយទេ ប៉ុន្តែគេជឿជាក់​ថា វា​អាច​ប្រើម៉ាស៊ីន twin-turbo V8 ចំណុះ ៤,៤លីត្រ ផលិត​បានកម្លាំង ៥២៣សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ដែលគ្រោង​នឹងដាក់លក់​នៅទីផ្សារសហរដ្ឋអាមេរិក​ ដើមឆ្នាំក្រោយ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី