ថេប្លេត Asus បត់អេក្រង់ ១៧អ៊ីញ អាចប្រែកាយជាឡេបថបបាន ចំណេញលុយទិញម្តងបាន២

  • 2022-01-10 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលនិយមចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាធ្លាប់បានឮ អំពីថេប្លេតបត់អេក្រង់របស់ Levono ដែលមានតម្លៃកប់ពពកដល់ ២ ៦០០ដុល្លារ សម្រាប់អេក្រង់ទំហំត្រឹម ១៣,៣អ៊ីញ។

Lenovo Thinkpad X1 Fold

លើកនេះ Asus បានជ្រើសរើសផ្លូវដែល Lenovo ធ្លាប់ដើរ ប៉ុន្តែបានបន្ថែមទំហំអេក្រង់របស់ថេប្លេតផ្ទាល់ដល់ទៅ ១៧អ៊ីញ ដែលជាខ្នាតដ៏ធំសម្រាប់ថេប្លេតបច្ចុប្បន្ន។ ម៉ាស៊ីនថេប្លេតនោះមានឈ្មោះថា The ZenBook 17 Fold។

The ZenBook 17 Fold

ប្រសិនបើយើងបើកថេប្លេតនេះឲ្យអស់ យើងទទួលបានថេប្លេតមួយដែលមានអេក្រង់សរុបទំហំ ១៧,៣អ៊ីញ ជាមួយខ្នាតបង្ហាញ 4:3។ អេក្រង់នេះមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត 2560 x 1920px ជាមួយនឹងពណ៌ Contrast 1,000,000:1 ចំណែកឯការបង្ហាញទឹកពណ៌វិញ វាអាចបង្ហាញពណ៌ប្រភេទ DCI-P3 បានដល់ ១០០ភាគរយ និងគាំទ្របច្ចេកវិទ្យា Dolby Vision។ សម្រាប់អ្នកចង់បានការអូសទៅមករលូន គឺមិនខកបំណងទេ ដោយវាមានល្បឿន Refresh rate ដល់ ៩០ហឺត ហើយមានល្បឿនតបមកវិញត្រឹម ០,២ ms។

The ZenBook 17 Fold

លក្ខណៈពិសេសរបស់អេក្រង់ខាងលើ គឺវាអាចបត់បាន ហើយប្រសិនបើយើងប្រើប្រាស់ក្តារចុចរបស់វាទៀត ថេប្លេតនេះនឹងប្រែកាយជាឡេបថបភ្លាមតែម្តង ដោយនៅសល់អេក្រង់ទំហំ ១២,៥អ៊ីញ។ ហើយបើចង់យកប្រយោជន៍នៃអេក្រង់ទំហំ១៧អ៊ីញនោះ យើងគ្រាន់តែបើកវាមក ហើយប្រើប្រាស់ជាមួយក្តារចុចជាការស្រេច។

The ZenBook 17 Fold

The ZenBook 17 Fold ដើរតួជាថេប្លេត ដូច្នេះហើយកម្លាំងម៉ាស៊ីនដែលដំណើរការអេក្រង់ដ៏ធំនេះ គឺមិនសូវខុសគ្នាពីឡេបថបធម្មតាប៉ុន្មានទេ ពោលគឺប្រើប្រាស់ CPU ជំនាន់ចុងក្រោយពីក្រុមហ៊ុន Intel គួបនឹង RAM ទំហំ 16GB LPDDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ NVMe M.2 SSD។ ជាមួយនឹងកម្លាំង និងទំហំអេក្រង់ធំដល់ ១៧អ៊ីញ Asus បានប្រើប្រាស់ថ្មទំហំ ៧៥វ៉ាត់ម៉ោង ហើយរយៈពេលក្នុងការប្រើប្រាស់ជាក់ស្តែង ក្រុមហ៊ុនមិនបានបញ្ជាក់ឡើយថា វាអាចប្រើបានយូរប៉ុណ្ណា៕

យ៉ាងម៉េចដែរប្រិយមិត្ត សម្រាប់ម៉ូឌែល The ZenBook 17 Fold នេះ បើប្រើធៀបនឹង Lenovo Thinkpad X1 Fold ដែលចេញកាលពីឆ្នាំមុន?

អត្ថបទ៖ Thea Sothun