បើកឆាកសកម្មភាពជួយសង្គមក្នុងឆ្នាំ២០២២ នេះ ព្រាប សុវត្ថិ នាំគ្នាទាំងទ័ពទៅដល់ខេត្ដកោះកុងហ្មង!

  • 2022-01-11 02:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកទំព័រសកម្មភាពមនុស្សធម៌ និងជួយសង្គមលើកដំបូងក្នុងឆ្នាំ២០២២ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននាំភរិយា និងកូនប្រុសទាំង៣របស់ខ្លួន ធ្វើព្រមគ្នាតែម្ដង ដោយនាំគ្នាទៅដាំកូនកោងកាង នៅខេត្ដកោះកុង។

បើទោះបីជាតារាចម្រៀងចាស់វស្សារូបនេះ ធ្លាប់បង្ហើបថារូបលោកដើរមិនទាន់បច្ចេកវិទ្យាទំនើប ឬលេងបណ្ដេញសង្គមនោះ ប៉ុន្ដែក្នុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ គេសង្កេតឃើញលោកបញ្ចេញរូបភាពបង្ហាញពីសកម្មភាពលោក និងគ្រួសារជាហូរហែ។

យ៉ាងណាមិញសកម្មភាពជិះទូកទៅដាំកូនកោងកាងនេះ ត្រូវបានលោកបង្ហាញតាមបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី១០ ខែមករា។ លោកបានសរសេរសារមួយខ្លីថា៖ "ថ្ងៃនេះនាំBaby កម្លោះៗទៅដាំដើមកោងកាងនៅកោះកុង ថតរូបទុកអនុស្សាវរីយ៍”។

តាមរយៈរូបភាពជាច្រើនសន្លឹកដែលលោកបង្ហោះ គេឃើញមានការចូលរួមដាំដោយលោក អ៊ួន បឋម ហៅសាយ និងក្រុមការងារ ព្រមទាំងក្រុមការងារស ស. យ. ក ទៀតផង។ ការចូលរួមអភិរក្សជីវៈចម្រុះក្នុងសមុទ្រកម្ពុជា បង្កប់ដោយភាពសប្បាយរីករាយ និងសុភមង្គលក្នុងគ្រួសារ លោក ព្រាប សុវត្ថិ និងភរិយា ព្រមទាំងកូនប្រុសទាំងបី ក៏ទទួលបានការគាំទ្រពីមហាជនទាំងនៅទីនោះផ្ទាល់ និងអ្នកគាំទ្រតាមបណ្ដាញសង្គមផងដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម