ទឹកចិត្តធំធេង! រឿងរ៉ាវជនជាតិជប៉ុនម្នាក់ជួយនិស្សិតខ្មែរ បង្កើត​សាលា​បច្ចេកវិទ្យា​លើ​ភ្នំ​គិរីរម្យ​

  • 2022-01-12 04:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​តែ​ជា​អ្នក​ជំនួញ​ជួញ​ដូរ មាន​ចំណូល​វាល់​លាន​ដុល្លារ​នៅ​ជប៉ុន ​ក៏​ប៉ុន្តែ​បុរស​ញញឹម​ស្រស់ជនជាតិជប៉ុន​វ័យ​ជាង ៣៣ ឆ្នាំ​បាន​​មក​រស់នៅនិងធ្វើការក្នុងប្រទេស​កម្ពុជា រួចក៏ចាប់ចិត្តបង្កើត​សាលា​បច្ចេកវិទ្យា​លើ​ភ្នំ​គិរីរម្យ ខេត្ត​កំពង់​ស្ពឺ។

​ពី​អ្នក​ជំនួញ​កាន់​ប្រាក់​វាល់លាន ​មក​ជា​គ្រូ​ណែនាំ​នៅ​ផ្នែកបច្ចេកវិទ្យា​​នៅ​កម្ពុជា

លោក Takeshi Izuka ស្ថាបនិក KIT

លោក Takeshi Izuka ចាប់ផ្ដើម​អាជីព​ការងារ​ដំបូង​ក្នុង​វិស័យ​ជំនួញ​ ​ក្នុង​ក្រុមហ៊ុន​ធំ​មួយ​ដែល​ផ្ដល់​សេវា​ផ្នែក​ប្រឹក្សា​និង​យុទ្ធសាស្រ្ត​ទីផ្សារ​ឌីជីថល ក្នុង​ប្រទេស​ជប៉ុន។

​ដល់​ឆ្នាំ ១៩៩៨ ​លោក​បាន​លាឈប់​ពី​តំណែង​ ហើយ​មក​ចាប់ផ្តើម​ Project ផ្ទាល់​ខ្លួន​ដោយ​បង្កើត​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក Website Analytics ហៅ​កាត់​ថា Digital Forest ។ អាជីវកម្ម​ទើប​ចាប់ផ្ដើម​ថ្មី​នេះទទួល​បាន​ជោគជ័យ​ខ្លាំង ​រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​ចំណោម​អាជីវកម្ម​បែប​នោះ​នៅ​ជប៉ុន ​ក៏​ប៉ុន្តែ​សម្រាប់​ការប្រកួតប្រជែង​លើ​ទីផ្សារ​សកល​ ​មិន​អាច​ប្រជែង​បាន ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​លក់​ទៅសម្ព័ន្ធ​ក្រុមហ៊ុន​ធំ​មួយ​គឺ NTT ។

«ការ​សម្រេច​ចិត្ត​លក់​ក្រុមហ៊ុន​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​ឲ្យ​ក្រុមហ៊ុន​ផ្សេង ​មិន​មែន​ជា​បទពិសោធន៍​គួរ​ឲ្យ​រីករាយ​នោះ​ទេ” លោក Izuka ​សើច! ការ​រកស៊ី​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង ហើយ​កាន់​តែ​មាន​សម្ពាធ​ខ្លាំង​ពេល​អ្នក​ទៅ​ប្រជែង​ជាមួយ​ក្រុមហ៊ុនកម្រិត​យក្ស​ដូច Google គ្រាន់​តែ​ស្ដាប់ ​ក៏​ខ្លាច​ដែរ។»

​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​ក៏​មិន​ចុះ​ចាញ់ ​ហើយក៏​មិន​ចូលនិវត្តន៍​ដែរ។ ​បុរស​កូន​អ្នក​ជំនួញ​រូប​នេះ ​ស្វះស្វែង​រក​ឱកាស​ជា​ថ្មី ​ដោយ​ធ្វើដំណើរ​ទៅ​មើល​ពិភពលោក​ខាងក្រៅ។ "​កាល​មុន​ខ្ញុំ​មិន​ដែល​គិត​ពី​ទីផ្សារ​អន្តរជាតិ​ខ្លាំង​ទេ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ផលិតផល Digital Forest បាន​ដួល​បន្ទាប់​ពី​មាន​សេវាកម្ម​ចែក​រំលែក​លើ​ផ្នែក​នោះ​ដោយ​មិន​គិត​ថ្លៃ​ពី Google”។

ក្រោយ​មក​លោក​ក៏​ចាប់​ផ្តើម​ចង់​ធ្វើ​អ្វី​ប្លែក​ថ្មី​លើ​វិស័យ​នេះ ​រហូត​ឈាន​ដល់​ធ្វើ​ជំនួញ​ដល់​ប្រទេស​ចិន ​និង​ឥណ្ឌា រហូត​ផ្លាស់​ទៅ​រកស៊ី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​លើ​វិស័យ​កសិកម្ម តែ​មិន​ជោគជ័យ​ទាំង​អស់ រួច​មក​ក៏​មក​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​នៅ​ប្រទេស​កម្ពុជា។

​លោក ​Takeshi Izuka បាន​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ ក្នុង​ឆ្នាំ ២០១៤ ​ដែល​មាន​ទីតាំង​នៅ​លើ​ភ្នំ​គិរីរម្យ (បើ​ជិះ​ពី​ភ្នំពេញ​ទៅ​ភ្នំ​គិរីរម្យ​ប្រមាណ​ជា ៤ ម៉ោង)។ ​វិទ្យាស្ថាន​នេះ​មាន​កម្មវិធី​សិក្សា​ និង​របៀប​បង្រៀន​បែប​ទំនើប​​សឹង​តែ​ដូច​នៅ​ជប៉ុន​ទៅ​ហើយ ​ជាពិសេស​គឺ​និស្សិត​​អាច​រៀន​សូត្រ​ពី​អ្នក​ជំនាញ​​ឬ​វិស្វករ​កម្មវិធី​ជា​ជនជាតិ​ជប៉ុន​ផ្ទាល់ ​និង​ជួយ​ឲ្យ​និស្សិត​ទទួល​បាន​ចំណេះ​ដឹង​ច្បាស់លាស់ និង​ទទួល​បាន​ឱកាស​ការងារ​ខ្ពស់​លើ​វិស័យ IT។

កម្ពុជា ​ស្ថិតក្នុងចំណោម​​ប្រទេស​កំពុង​រីក​ចម្រើន​លឿន​ខ្លាំង​លើ ​វិស័យ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​អាស៊ី

​មនុស្ស​ជា​ច្រើន​បាន​សួរ​លោក​ថា ​ហេតុអ្វី​បាន​ជា​រើស​យក​កម្ពុជា? ​លោក​បាន​បកស្រាយ​ថា ​បើ​គិត​លើ GDP កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​តែ​កើន​ឡើង ​ខុស​ពី​ជប៉ុន​ដែល​រីកចម្រើន​ខ្លាំង​ ជាកត្តា​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ល្មមៗ​មិន​អាច​មាន​ឱកាស​លូតលាស់​ទេ។

​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​សតវត្ស​ទី ២១ ​នេះ “កម្ពុជា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​កំពុង​រីក​ចម្រើន​លឿន​ខ្លាំង​លើ​វិស័យ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​អាស៊ី”។

​​រក​ឃើញ​ទីតាំង​ដ៏​ល្អ​មួយ​ អាច​ផ្ដល់​ឱកាស​លូតលាស់​ក្នុង​វិស័យ​បច្ចេកវិទ្យា

​ក្រោយ​ពេល​មក​ដល់​ឧទ្យាន​ជាតិ​គិរីរម្យ ​ខេត្ត​កំពង់​ស្ពឺ។ ​លោក Izuka ​ចាប់​ចិត្ត​នឹង​ទឹក​ដី​ដ៏​ល្អ​នេះ ​រហូត​បង្កើត​បាន​ជា vKirirom Pine Resort ក្នុង​ឆ្នាំ ២០១១ និង​ឈាន​ដល់​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក្នុង​ឆ្នាំ ២០១៤។​

​លោក​បាន​និយាយ​ថា ​ការ​បង្កើត​វិទ្យាស្ថាន​នេះ​មិន​មែន​ជា​ជំនាញ​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​អំឡុង​ ស្នាក់​នៅ​កម្ពុជា ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ​វិស័យ​អប់​រំ​កម្ពុជា ​អាច​នឹង​លូតលាស់​ដល់​ថ្នាក់​​កំពូល​បាន។ លោក​បន្ថែម​ថា ការ​ស្វែង​រក​បុគ្គលិក​ជំនាញ​ផ្នែក IT មក​ជួយ​បម្រើការ​ក្នុង​រមណីយដ្ឋាន​គិរីរម្យ កាល​ពី​មុន​ជា​រឿង​លំបាក លោក​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ​រួច​​ប្រកាស​រើស ​តែ​អ្នក​ដែល​មាន​ចំណេះដឹង​​និង​ជំនាញ​ខ្ពស់ តាម​តម្រូវ​ការ​មាន​តិច។ តែ​យ៉ាង​ណា​មិញ លោក​អាច​រក​បាន​ និង​បណ្ដុះ​បណ្ដាល​បន្ថែម​ក្នុង​រយៈពេល ៦ ខែ​រួច​ផ្ដល់​ឱកាស​ឲ្យ​ទៅ​សិក្សា​បន្ថែម​នៅ​អាមេរិច។

លោក​បន្តថា៖ «ក្នុង​​វិស័យ​អប់រំ​ផ្នែក IT លោក​សង្កេត​ឃើញ​ថា ​និស្សិត​ខ្មែរ​មាន​ចំណូល​ចិត្ត​ខ្លាំង និង​​មាន​ទេពកោសល្យ​ខ្ពស់ ​គ្រាន់​តែ​ខ្វះ​អ្នក​បណ្ដុះបណ្ដាល​បន្ថែម​ប៉ុណ្ណោះ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​នេះ​ឡើង ​និង​ថែម​ទាំង​ផ្ដល់​ជូន​អាហារូបករណ៍​ពេញ​ថ្លៃ​ ដើម្បី​ជួយ​ឲ្យ​និស្សិត​ខ្មែរ​អាច​ប្រជែង​ចូលទីផ្សារ IT ពិភពលោក​បាន​។»

វិទ្យាស្ថាន KIT ពាន​រង្វាន់​ ​Rakuten Technology & Innovation Award

លើសពីនេះទៀត​ វិទ្យាស្ថាន KIT បានក្លាយជា ស្ថាប័ន​ល្អបំផុតក្នុងការជួយ​ផ្លាស់ប្ដូរ​សង្គម​ ទៅ​ជា​សង្គម​នុវានុវត្តន៍​កម្រិត​ខ្ពស់ Advanced Innovation ជួយ​ឲ្យ​លោក ​Izuka ​ឈ្នះ​រង្វាន់​បុគ្គលដ៏សំខាន់មួយគឺ Rakuten Empowerment Award ​។

ពានរង្វាន់នេះបង្កើតឡើងក្រុមហ៊ុន​បច្ចេកវិទ្យា Rakuten Technology​ ក្នុងកម្មវិធី​ ​Rakuten Technology Conference ក្នុង​ទីក្រុង​តូក្យូ​​ ផ្តល់ជូន​សហគ្រិនទាំងអស់មានបែងចែកតាម​ផ្នែក​នីមួយៗ​​ដូច​ជា៖ ពាន​រង្វាន់​ ​Rakuten Technology & Innovation Award ។

វិទ្យាស្ថាន KIT បង្កើតឡើងនៅឆ្នាំ ២០១៤ ផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូនសិស្សកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម កម្មវិធីកុំព្យូទ័រ។

សម្រាប់កម្មវិធីសិក្សារនៅ KIT ដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងជប៉ុនផងដែរ៕

អត្ថបទ៖ រក្សា | ប្រភព៖ Rakuten