ខ្សែប្រយុទ្ធ Ajayi៖ ខ្ញុំកំពុងអន្ទះសារក្នុងការចាប់ផ្ដើមជាមួយក្រុម (បឹងកេត)
- 2022-01-14 04:33:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ Ajayi៖ ខ្ញុំកំពុងអន្ទះសារក្នុងការចាប់ផ្ដើមជាមួយក្រុម (បឹងកេត)
ចន្លោះមិនឃើញ
នៅលីគកំពូលកម្ពុជា MCL រដូវកាលឆ្នាំ២០២២នេះ ប្អូនប្រុសបង្កើតរបស់ Gbanga គឺខ្សែប្រយុទ្ធដ៏ល្អ Ajayi Opeyemi korede បានចែកផ្លូវជាមួយក្លឹបអ្នកមានវិសាខាទៅចូលរួមជាមួយក្លឹបជើងខ្លាំងបឹងកេត។ មកដល់ទឹកដីក្រុមនាគខៀវ Ajayi បានបង្ហាញអារម្មណ៍រីករាយ និងអន្ទះសារចង់លេងជាមួយក្រុមជាខ្លាំង។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយក្រុមការងារបឹងកេត អតីតខ្សែប្រយុទ្ធក្លឹបអាស៊ីអឺរ៉ុបយូណាធីត បានបញ្ជាក់បែបនេះថា ៖«ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្លឹបបឹងកេត ហើយខ្ញុំកំពុងអន្ទះសារក្នុងការចាប់ផ្ដើមជាមួយក្រុម។ បឹងកេតជាក្លឹបល្អមួយហើយខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាផ្នែកមួយនៃក្លឹប»។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា ក៏បានឱ្យដឹងពីអាជីពរបស់គេនៅកម្ពុជាដែរថាមានដំណើរការល្អ ហើយការសម្របខ្លួនទៀតសោតមិនមានបញ្ហាអ្វីចោទឡើយ។ ការណ៍ទៅចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅបឹងស្នោរ Ajayi ចង់ជួយឱ្យក្លឹបទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ។
មកទល់នឹងពេលនេះកីឡាករខាងលើ បានហ្វឹកហាត់ជាមួយក្លឹបពីរថ្ងៃហើយ ហើយរូបគេពិតជាសប្បាយចិត្តដែលថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹកកីឡាករបឹងកេត ស្វាគមន៍រូបគេយ៉ាងកក់ក្ដៅបំផុត។
គួរបញ្ជាក់ថា Ajayi ចូលលេងឱ្យក្លឹប AEU នៅឆ្នាំ២០១៩ រួចក៏ចាកចេញទៅចូលរួមជាមួយក្លឹបបាល់ទាត់វិសាខា ខណៈឆ្នាំនេះគេបានផ្លាស់ទៅទ្រនំថ្មីបឹងកេត៕