«Delightech» ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ បានទុនវិនិយោគលើកដំបូងពី IG Group ក្រោយបញ្ចប់វគ្គកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ

  • 2022-01-20 08:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធីសហគ្រិនខ្មែរ លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប និងជាការការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ។

ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុបនិងឌីឡៃថ៏ថេកថ្ងៃទី ២០មករា២០២២ នៅសាលប្រជុំសហគ្រិនខ្មែរ

**ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ** មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ មានសេចក្តីសោមនស្សរីករាយដែលមានសហគ្រិនបញ្ចប់វគ្គសិក្សាពីកម្មវិធីដែលបានរៀបចំដោយ សហគ្រិនខ្មែរទទួលបានការវិនិយោគ ហើយនេះជាការវិនិយោគលើកទីពីរក្នុងដើមឆ្នាំ 2022។ សហគ្រិនខ្មែរ ក៏សង្ឃឹមថាសហគ្រិនរបស់យើងជាច្រើនទៀតនឹងមានលទ្ធភាពចាប់យកឱកាសវិនិយោគ មកអភិវឌ្ឍគំរូអាជីវកម្ម បង្កើតជាផលិតផល ឬ សេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងក្នុងប្រទេស ដើម្បីទាញយកការវិនិយោគក្នុងស្រុក និង ក្រៅស្រុកបន្ថែម។”

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖ “ការវិនិយោគរបស់ អាយជីគ្រុប ទៅក្នុងការអភិវឌ្ឍសហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាឆ្អឹងខ្នងរបស់ក្រុមហ៊ុនទាំងមូល។ អស់រយៈពេលមួយទសវត្សមកទល់នឹងពេលនេះ អាយជីគ្រុប បាននិងកំពុងគាំទ្រដល់វិស័យធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងតំបន់មេគង្គតាមរយៈការផ្គត់ផ្គង់ និងអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុទាំងផ្នែកសម្ភារៈបរិក្ខា និងសូហ្វវែរ។"

"ការវិនិយោគរបស់យើងទៅក្នុងដំណោះស្រាយឆ្លាតវៃផ្តល់ប្រាក់កម្ចីរហ័ស គឺជាភស្តុតាងដែលបង្ហាញថាវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកំពុងតាមទាន់ពិភពលោកតាមរយៈការអភិវឌ្ឍ និងប្រតិបត្តិការដំណោះស្រាយសេវាធនាគារឌីជីថលបែបថ្មីសម្រាប់ការប្រើប្រាស់ជាសាធារណៈយ៉ាងទូលំទូលាយ ដោយការផ្តល់បច្ចេកវិទ្យាទំនើប ដែលត្រូវបានធ្វើមូលដ្ឋានីយកម្មសម្រាប់ការប្រើប្រាស់នៅទូទាំងប្រទេស ទាំងតាមតំបន់ជនបទ និងទីក្រុង”។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានកត់សម្គាល់ថា៖ “ជាមួយនឹងការគាំទ្រពី អាយជីគ្រុប ឌីឡៃថ៍ថេក មិនត្រឹមតែអាចពង្រីកដំណោះស្រាយប្រាក់កម្ចីភា្លមៗ ប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកបន្ថែមនូវប្រព័ន្ធវាយតម្លៃឥណទានគ្រប់ជ្រុងជ្រោយ និងប្រកបដោយបរិយាបន្នសម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាអតិថិជននៃស្ថាប័នដទៃទៀត ក្នុងពេលដំណាលគ្នានោះក៏អាចពង្រីកដែនសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេសផងដែរ”។

អាយជីគ្រុប កំពុងពង្រីកគម្រោងវិនិយោគរបស់ខ្លួន ដោយបន្តប្រើប្រាស់យុទ្ធសាស្រ្ត គាំទ្រដល់ធុរកិច្ចថ្មីដែលក្នុងនោះមាន ក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានមូលនិធិពេញលេញ រួមទាំងការជ្រោមជ្រែងលើការអភិវឌ្ឍន៍បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីបន្តការលូតលាស់ រួមបញ្ចូលជាមួយដំណោះស្រាយផ្សេងៗទៀតក្នុងការពង្រីកអាជីវកម្ម។

លោក ឡាយ វីឡា សហស្ថាបនិក ឌីឡៃថ៏ថេក បានមានប្រសាសន៍ថា៖ “យើងបានចាប់ផ្តើមពីតូច ដោយមិនមានការគាំទ្រពីក្រុមហ៊ុនធំៗ ឬសេដ្ឋីណាមួយទេ គឺយើងបានមកដល់ពេលនេះតាមរយៈដំណើរធុរកិច្ចថ្មីសុទ្ធសាធ ដោយប្រើប្រាស់ធនធានដែលយើងមាន ទទួលការណែនាំពីសហគ្រិនខ្មែរអង្គរ 500 មិត្តភក្តិ និងក្រុមគ្រួសារ និងការប្រឹប្រែងរៀនសូត្រនិងរីកលូតលាស់ជាបណ្តើរៗ។"

លោក ក៏បន្ថែមទៀតថា៖ "ជាមួយនឹងបទពិសោធន៍ការងារផ្ទាល់ និងការគ្រប់គ្រងមាគ៌ានៃធុរកិច្ចថ្មីរបស់យើងតាំងពីដំបូង ក្រុមការងារយើងឈ្វេងយល់គ្រប់យ៉ាងពីអ្វីដែលយើងត្រូវការដើម្បីបន្តវឌ្ឍនភាពរបស់យើង ហើយ អាយជីគ្រុប ក៏ដូចជាដៃគូរ និងអ្នកដែលបានគាំទ្រយើងរហូតមកដល់ពេលនេះ កំពុងជួយឱ្យយើងមានភាពប្រាកដថា ឌីឡៃថ៍ថេក ត្រូវបានបង្កើតឡើងដើម្បីបម្រើទីផ្សារទូទៅជាមួយនឹងមធ្យោបាយនានាដែលនាំទៅដល់បរិយាបន្នផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ឱ្យប្រជាជននូវភាពងាយស្រួលក្នុងការឈ្វេងយល់និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព ព្រមទាំងរហ័សក្នុងការខ្ចី សង និងត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ពួកគេទាំងមូល នាពេលអនាគតដ៏ខ្លីខាងមុខ”។

លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និងលោកស្រី Jitka Markova ជាប្រធានកម្មវិធី អង្គរ500 ក៏បានចូលរួមអបអរសាទរផងដែរដល់ ឌីឡៃថ៍ថេក ដោយមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកបានចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មរបស់ អង្គរ500 អ្នកមានអាជីវកម្មរួចទៅហើយ និងថែមទាំងមានមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាផងដែរ។"

លោកបន្ដថា "មិនដល់មួយឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាពីកម្មវិធី វាពិតជាអស្ចារ្យណាស់ដែលបានឃើញអ្នកពេលនេះមិនមានត្រឹមតែអាជីវកម្មនោះទេ ប៉ុន្តែជាអាជីវកម្មដែលមានមហិច្ឆតារីកលូតលាស់ពេញប្រទេស ក៏ដូចជាការពង្រីកដល់អន្តរជាតិផងដែរ។ សូមបន្តប្រឹងប្រែងតទៅទៀត និងសូមចងចាំជានិច្ចពីរបៀបដែលអ្នកបានចាប់ផ្តើម វានឹងជួយអ្នកឱ្យបន្តសម្រេចបាននូវអ្វីដែលអ្នកបានកំណត់ធ្វើ តាមគោលបំណងដែលអ្នកបានកំណត់ពីដំបូងគឺ ដើម្បីបរិយាបន្នហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា។ សូមឱ្យសំណាងល្អ ហើយបន្តទៅមុខទៀត”។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានភ្ញៀវកិត្តិយសតំណាងវិស័យសាធារណៈ និង ឯកជនជាច្រើនដែលក្នុងនោះរួមមានតំណាងពី DQD និង អង្គរ 500 ។

កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោក ឈ សុផាណាក់ អគ្គនាយករងផ្នែក បច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង សហស្ថាបនិក ឌីឡៃថ៏ថេក លោក សៅ សារ៉ន និង លោក ឡាយ វីឡា ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

អំពីក្រុមហ៊ុន អាយជីគ្រុប៖ អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម កសិកម្ម បរិវត្តកម្ម នវានុត្តន៍ និងធុរកិច្ចថ្មី។ ក្ដីសុបិនរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនេះ ដែលក្នុងនោះអាជីវកម្មនានា នឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើមថាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការរវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងសម្រាប់ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងពិភពលោកផងដែរ។

យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំពិភពលោក ដែលកំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុន អាយជីគ្រុប គឺកាគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចបរិយាប័ន្ន។

អំពី ឌីឡៃថ៏ថេក៖ ឌីឡៃថ៏ថេក បានបង្កើតកម្មវិធី លុយលឿន ដែលជាវេទិការផ្តល់សេវាកម្ចីសាច់ប្រាក់រហ័ស តាមប្រព័ន្ធឌីជីថល និងផ្តល់ពិន្ទុឥណទាន សម្រាប់អតិថិជនដែលពិបាកទទួលបានសេវាពីសា្ថប័នផ្តល់ហិរញ្ញវត្ថុផ្លូវការដូចជា ធនាគា។ វេទិការនេះផ្តល់ភាពងាយស្រួលក្នុងការស្នើសុំសេវាហិរញ្ញវត្ថុភ្លាមៗតាមតម្រូវការ ដោយមិនតម្រូវអោយមានឯកសារស្មុគស្មាញ ហើយអាចស្នើសុំបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា នៅលើឧបករណ៍ទូរស័ព្ទដៃចល័ត ជាមួយបច្ចេកវិទ្យាកម្រិតខ្ពស់ ព្រមទាំងការការពារ ឯកជនភាពរបស់អ្នកប្រើប្រាស់យ៉ាងមុតមុំា។

លើសពីនេះ អ្នកប្រើប្រាស់របស់យើង អាចកសាងប្រវត្តិឥណទានរបស់ពួកគេកាន់តែប្រសើរ និងផ្តល់ជម្រើសដើម្បីទទួលបានសេវាហិរញ្ញវត្ថុកាន់តែល្អជាងមុន ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ី របស់ធនាគារ ដែលបម្រើតម្រូវការជីវភាពប្រចាំថ្ងៃរបស់ពួកគេ និងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកនៅលើអ៊ីនធឺណិតជាជាងទៅកាន់បញ្ជរផ្ទាល់។

អំពីសហគ្រិនខ្មែរ៖ សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម៕

អត្ថបទ៖ រក្សា