រំភើបជំនួស!សិស្សនិទ្ទេស Aខេត្តស្វាយរៀង ក្រៅពីបានម៉ូតូហើយទទួលបានរង្វាន់ជាច្រើនទៀត

  • 2022-01-24 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរសៀល ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA ចំនួន២៦នាក់ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តស្វាយរៀង ។

នៅក្នុងនោះ សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗទទួលបាន ម៉ូតូមួយគ្រឿង ចំណែកឯស្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូនដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។ ហើយលោកជំទាវ ក៏បានឧបត្ថម្ភថវិកា១០ម៉ឺនរៀល សម្រាប់សិស្សនិទ្ទេស A ម្នាក់ ៗ, ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុកទាំង៧ ក្នុងមួយការិយាល័យៗទទួលបានថវិកា១០ម៉ឺនរៀល និងនាយកសាលាទាំង១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ផងដែរ ៕

លើសពីនេះទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងអារម្មណ៍ មានមោទនភាពជាខ្លាំងចំពោះ ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្សទាំង ២ ៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ពោលលទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយ សារតែមានចំណែកនៃការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ ។

សូមជម្រាបថា លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូលនូវសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗនាពេលនេះ និងបានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស ។

ប្រភព៖ក្រសួងព័ត៌មាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ