រថយន្ត Tesla អាចនឹងធ្លាក់ថ្លៃ បើអាគុយថ្មីរបស់ Panasonic ផលិតបានក្នុងឆ្នាំ២០២៣
- 2022-01-25 02:46:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Tesla អាចនឹងធ្លាក់ថ្លៃ បើអាគុយថ្មីរបស់ Panasonic ផលិតបានក្នុងឆ្នាំ២០២៣
ចន្លោះមិនឃើញ
ក្រុមហ៊ុន Panasonic នឹងចាប់ផ្តើមផលិតអាគុយលីចូម-អ៊ីយ៉ុងថ្មីរបស់ខ្លួន សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ចាប់ពីដើមឆ្នាំ ២០២៣ ដោយមានផែនការវិនិយោគប្រហែល ៧០៥លានដុល្លារ លើទីតាំងផលិតនៅក្នុងប្រទេសជប៉ុន។
អាគុយលីចូម-អ៊ីយ៉ុងថ្មីនោះ ជាប្រភេទទម្រង់ 4680 មានទំហំធំជាងមុនប្រហែល២ដង ប៉ុន្តែមានកម្លាំងខ្លាំងជាងមុនដល់ទៅ៥ដង។ ដូច្នេះហើយរថយន្តអគ្គិសនីនាពេលអនាគត នឹងអាចកាត់បន្ថយចំនួនអាគុយ ប៉ុន្តែនៅតែអាចបន្ថែមចម្ងាយបើកបរបានកាន់តែច្រើន ពោលគឺអាចបន្ថែមចម្ងាយរត់របស់រថយន្ត Tesla Model S ពី ៦៥០គីឡូម៉ែត្រ ដល់ ៧៥០គីឡូម៉ែត្រ។
ក្រុមហ៊ុន Panasonic បានបញ្ជាក់ថា បច្ចុប្បន្នអាគុយមួយនេះ នឹងចាប់ផ្តើមផលិតជាខ្នាតគំរូទំហំតូចសិន ដើម្បីធានាបាននូវសុវត្ថិភាព បរិមាណ និងគុណភាព មុននឹងឈានជើងទៅផលិតអាគុយពិត ក្នុងឆ្នាំ២០២៣។ គេក៏រំពឹងថា វានឹងជួយឲ្យក្រុមហ៊ុន Tesla កាត់បន្ថយការចំណាយលើថ្លៃផលិតរថយន្តផងដែរ ព្រោះកាលពីឆ្នាំមុន នៅក្នុងកម្មវិធីប្រកាសបច្ចេកវិទ្យាអាគុយថ្មីនេះ លោក Elon musk ធ្លាប់បាននិយាយថាបច្ចេកវិទ្យា 4680 cell នឹងជួយឲ្យរថយន្ត Tesla អាចលក់បានក្នុងតម្លៃត្រឹមជាង២ម៉ឺនដុល្លារ៕