ទម្លាប់ខាំក្រចកដៃ បង្កផលអាក្រក់ ៤យ៉ាង ដែលអ្នកនឹកស្មានមិនដល់
- 2014-11-25 18:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ខាំក្រចកដៃ បង្កផលអាក្រក់ ៤យ៉ាង ដែលអ្នកនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ការខាំក្រចក គឺជាទម្លាប់អាក្រក់មួយដែលតែងកើតឡើងចំពោះមនុស្សគ្រប់វ័យ។ មានហេតុផលជាច្រើនបណ្ដាលឲ្យមនុស្សចូលចិត្តខាំក្រចកខ្លួនឯងជាញឹកញាប់ ដែលក្នុងនោះអាចមកពីភាពស្រ្តេស ភ្លេចខ្លួន ឬកំពុងជួបស្ថានភាពលំបាកដោះស្រាយមិនចេញ។ ទោះយ៉ាងណា លោកអ្នកប្រហែលជាមិនដឹងទេថា ទម្លាប់ខាំក្រចករាល់ថ្ងៃ អាចបង្កផលប៉ះពាល់អ្វីខ្លះ។
ខាងក្រោមនេះ គឺជាផលអាក្រក់ ៤យ៉ាង ដែលបណ្ដាលមកពីការខាំក្រចកដៃរាល់ថ្ងៃ៖
១. ឆ្លងបាក់តេរីបង្កជាជំងឺផ្សេងៗ
ក្រចកដៃ គឺជាកន្លែងដែលប៉ះពាល់ដោយផ្ទាល់ជាមួយមេរោគ និងជាជម្រករបស់មេរោគច្រើនប្រភេទ។ នៅពេលអ្នកខាំក្រចកខ្លួនឯង មេរោគទាំងនោះនឹងឆ្លងចូលទៅក្នុងខ្លួនតាមរយៈមាត់ ដែលអាចបង្កជាជំងឺផ្សេងៗ។ ក្រចកមានភាពកខ្វក់ជាងម្រាមដៃដល់ទៅ ២ដងឯណោះ ព្រោះវាមានគន្លាក់ដែលជាទីតាំងមេរោគរស់នៅយ៉ាងសុខស្រួល និងពិបាកក្នុងការសម្អាត។
២. កើតជាដំបៅលើម្រាមដៃ
ទម្លាប់ខាំក្រចកក៏អាចបង្កទៅជាដំបៅបានដែរ ប្រសិនបើអ្នកធ្វើឡើងជាញឹកញាប់ ជាពិសេសគឺនៅពេលអ្នកខាំរហូតដល់ដាច់សាច់ជុំវិញក្រចក។ នៅពេលអ្នកខាំក្រចក ពពួកបាក់តេរី និងមេរោគតូចៗដទៃទៀត នឹងចូលទៅសាច់ខាងក្នុងតាមកន្លែងដាច់រលាត់ពីការខាំ បណ្ដាលឲ្យហើម ឈឺចាប់ និងឈានទៅបង្កជាខ្ទុះផងក៏មាន។ នៅពេលស្ថានភាពធ្ងន់ធ្ងរ ទាល់តែវះកាត់បង្ហូរខ្ទុះនោះចេញ ទើបជាសះស្បើយ។
៣. ដុះផ្លែសាច់លើម្រាមដៃ និងឆ្លងទៅមាត់កើតជាពងបែក
ជំងឺដុះឬសសាច់លើម្រាមដៃ ដែលខ្មែរយើងនិយមហៅថាដុះផ្លែសាច់ បង្កឡើងដោយវីរុសម្យ៉ាងឈ្មោះថា papillomavirus(HPV) បណ្ដាលមកពីការខាំក្រចកជាប្រចាំ។ មិនត្រឹមតែតែបង្កជំងឺលើម្រាមដៃប៉ុណ្ណោះទេ វាថែមទាំងអាចរីករាលដាលឆ្លងទៅមាត់ បង្កជាជំងឺពងបែកទៀតផង។ ជាទូទៅ អ្នកមានជំងឺពងបែកមាត់ តែងគិតថាបណ្ដាលមកពីក្ដៅក្នុង តែធាតុពិតវាបង្កមកពីមេរោគឆ្លងនេះឯង។
៤. ប៉ះពាល់ដល់ធ្មេញ
ការខាំក្រចកមិនត្រឹមតែបង្កជាជំងឺប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើតបញ្ហាដល់ធ្មេញអ្នកទៀតផង។ ពេលខាំក្រចកញឹកញាប់ ធ្មេញរបស់អ្នក នឹងខុសទីតាំង ខូចរូបរាង ឬលែងស្មើជួរជាដើម។ ការខាំក្រចក ធ្វើឲ្យធ្មេញខាងលើ និងខាងក្រោមប៉ះគ្នាញឹកញាប់ និងកកិតគ្នា បណ្ដាលឲ្យសឹករិចរិល និងចុះខ្សោយប្រសិនបើអ្នកទម្លាប់ខាំញឹកញាប់។
ក្រៅពីនេះ ការខាំក្រចកក៏អាចបង្កផលប៉ះពាល់មួយចំនួនទៀតដូចជា ធ្វើឲ្យអ្នកមានភាពសោកសៅ មានអារម្មណ៍ថាឯកាផ្ដាច់ខ្លួនពីអ្នកដទៃ និងបាត់អស់ភាពរីករាយក្នុងជីវិត។ លើសពីនេះ ការសិក្សាដែលចុះផ្សាយលើគេហទំព័រ Mercola បានបង្ហាញផងដែរថា ការខាំក្រចក ថែមទាំងធ្វើឲ្យសុខភាពចុះខ្សោយទៀតផង។ ទាំងនេះគឺជាហេតុផលចម្បង ដែលអ្នកគួរបញ្ឈប់ទម្លាប់អាក្រក់នេះ ព្រោះវានឹងបង្កផលប៉ះពាល់នៅថ្ងៃណាមួយ ប្រសិនបើនៅតែបន្ត៕
ចុចអាន៖ មិនញ៉ាំអាហារពេលព្រឹក អាចបង្កផលប៉ះពាល់ ៤យ៉ាងធំៗ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ mercola