អីយ៉ាស់! ជិតបាន​ឃើញ​ឡាន SUV ទីមួយរបស់ Ferrari ហើយ ពិសេស​ប្រើ​ម៉ាស៊ីនដូចឡានស្ព័រទៀត

  • 2022-02-07 07:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​ធ្លាប់តែបានឃើញ​រថយន្តរបស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក Ferrari ជាប្រភេទ​រថយន្តស្ព័រ supercar តែប៉ុណ្ណោះ ប៉ុន្តែប្រហែល​ជាមិនយូរទៀតទេ យើង​នឹង​បាន​ឃើញ​រថយន្ត​ប្រភេទ​ SUV របស់​ក្រុមហ៊ុន​អ៊ីតាលីមួយនេះជាមិនខាន។

Ferrari បាន​ប្រកាស​ថា ​នឹង​ចាប់ផ្តើម​រថយន្ត​ SUV ដំបូង​របស់ខ្លួន​គឺ​ម៉ូដែល Purosangue នៅឆ្នាំ២០២២នេះហើយ បន្ទាប់ពីដំណឹងនេះ​ត្រូវបាន​គេ​ដឹងឮតាំងពីឆ្នាំ២០១៨មកម្លេះ ហើយ​ក៏មាន​រូបភាព​បែកធ្លាយ​ជាបន្តបន្ទាប់ដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុន​ក៏គ្រោងចេញលក់វានៅឆ្នាំក្រោយ។

គេ​ជឿជាក់ថា រថយន្ត​នេះ​ នឹង​ប្រើ​ម៉ាស៊ីន Twin Turbo V8 Plug-in Hybrid ដូចនឹង​រថយន្តស្ព័រ SF90 Stradale ដែរ។ វា​ក៏នឹង​មានជម្រើសម៉ាស៊ីន V12 ឬ V6 Hybrid ដូចរថយន្តស្ព័រ 296 GTB ផងដែរ។

ការចាប់ផ្តើម​ផ្តោតទៅលើ​ការផលិតរថយន្ត SUV របស់ Ferrari បន្ទាប់ពីបាន​សង្កេតឃើញ​ថា រថយន្ត​ប្រភេទ​នេះ កំពុង​ទទួលបានការពេញនិយមខ្លាំង។ មិនតែប៉ុណ្ណោះ គូប្រជែង​របស់ Ferrari ដូចជា Lamborghini និង Aston Martin សុទ្ធតែមានចំនួនលក់ SUV កើនឡើង។

ក្នុងឆ្នាំ២០២១កន្លងទៅ ការលក់​រថយន្តរបស់ Lamborghini ជិត៦០% នៅទូទាំងពិភពលោក គឺ​ជាម៉ូដែល Urus ដែល​ជាប្រភេទ SUV ប្រមាណជាង ៥ពាន់គ្រឿង។ ចំណែក Aston Martin វិញ​ក៏ទទួលបាន​ចំនួន​នៃការលក់​កើនឡើង​ ៨២%ផងដែរ ដែល​ជាការរួមចំណែកដ៏ធំពីម៉ូដែល DBX៕

ប្រភព៖ CarandDriver   ប្រែ​សម្រួល៖ សំភី