Chevrolet Blazer ឆ្នាំ២០២៣ អាប់ដេតកាន់តែឡូយ កាន់តែកាច និងទំនើបជាងមុន

  • 2022-02-09 04:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Chevrolet បានប្រកាសចេញរថយន្ត SUV ខ្នាតតូច Chevrolet Blazer ស៊េរីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតទៅលើរូបរាងបន្តិចបន្តួច, បំពាក់អេក្រង់កម្សាន្តធំ ១០អ៊ីញ ហើយបន្ថែមពណ៌ និងយ៉ាន់កង់ថ្មី ជាដើម។

ចំពោះរូបរាងផ្នែកខាងក្រៅ រថយន្ត Chevrolet Blazer ឆ្នាំ២០២៣ ទទួលបានការអាប់ដេតតិចតួចបំផុត ហើយរូបរាងទាំងមូលរបស់វានៅតែរក្សាដដែល។ ទោះបីជាយ៉ាងណាក៏ដោយ វាមានអាប់ដេតប៉ាណាមុខថ្មី, អំពូលបំភ្លឺពេលថ្ងៃអាប់ដេតថ្មី ហើយចង្កៀងក្រោយក៏បានផ្លាស់ប្តូរផងដែរ។

បន្ថែមពីនោះ ក្រុមហ៊ុន Chevrolet បានបន្ថែមយ៉ាន់កង់ថ្មីទំហំ ១៨អ៊ីញ, ២០អ៊ីញ និង ២១អ៊ីញ ហើយអតិថិជនក៏អាចជ្រើសរើសពណ៌ថ្មី ដូចជា Fountain Blue, Sterling Gray Metallic, Copper Bronze Metallic និង Radiant Red Tintcoat ទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំដល់ ១០អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងប្រព័ន្ធ 4G LTE Wi-Fi Hotspot ផងដែរ។ អ្វីដែលពិសេស Chevrolet ក៏បានបន្ថែមមុខងារជំនួយការបើកបរ ដល់ Option 2LT និង 3LT ដោយក្នុងនោះរួមមានមុខងារ Adaptive Cruise Control, ប្រព័ន្ធហ្វ្រាំងអាសន្នអូតូ, មុខងារផ្តល់ដំណឹងពេលមានឧបសក្គនៅខាងមុខ, មុខងារហ្វ្រាំងពេលមានអ្នកដំណើរថ្មើរជើងឆ្លងកាត់ពីមុខ, មុខងាររក្សារថយន្តនៅក្នុងគន្លងផ្លូវ, មុខងារផ្តល់ដំណឹងពេលចាកចេញពីគន្លង និង ចង្កៀងមុខអូតូ ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Chevrolet Blazer ឆ្នាំ២០២៣ នឹងមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និង ជម្រើសម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៨សេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Chevrolet មិនទាន់បានប្រកាសចេញតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ សេង ឡុង