អ្នកគួរតែឈប់ធ្វើជាមនុស្សល្អពេកក៏បាន រៀនបដិសេធខ្លះ កុំបង្ខំចិត្ត កុំក្រែងចិត្ត ចិត្តល្អពេក ហើយមកពិបាកចិត្តខ្លួនឯង

  • 2022-02-23 02:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលខ្លះអ្នកគួរតែឈប់ធ្វើជាមនុស្សល្អពេកក៏បាន ខ្ញុំចង់ឲ្យអ្នកគួរតែរៀនបដិសេធខ្លះ អ្នកមិនចូលចិត្តក៏ប្រាប់ថាមិនចូលចិត្តទៅ មិនស្រឡាញ់ក៏ប្រាប់ថាមិនស្រឡាញ់ មិនចង់ធ្វើក៏ប្រាប់ថាមិនចង់ធ្វើ អ្នកមិនចង់ចូលរួមអ្នកក៏ប្រាប់ថាមិនទៅ កុំនៅបង្ខំចិត្តរបស់ខ្លួនឯង អង្គុយលំបាកចិត្ត ឬក៏ខាតពេលវេលាឥតអាសារ ដោយសារតែចង់ធ្វើជាបុគ្គលម្នាក់ដែលល្អ ក្រែងចិត្តគេពេក ខ្លាចគេពេក យោគយល់គ្នា រហូតដល់បង្ករជាហេតុមកពិបាកលើខ្លួនឯងវិញ បន្ទាប់ពីបានធ្វើជាមនុស្សដែលល្អ មិនចេះបដិសេធ។

មានមនុស្សជាច្រើនមិនចេះបដិសេធ ចេះតែទទួលសំណើរ តាមចិត្តគេសព្វសារពើរ គ្រប់យ៉ាងគ្រប់ពេលវេលា ទទួលពាក្យថានឹងធ្វើការអោយ ឬអោយខ្ចីលុយដោយភាពក្រែងចិត្ត ទាំងដែលខ្លួនឯងមិនមានលុយសម្រាប់ចាយគ្រប់គ្រាន់ផង ចុងបញ្ចប់ក៏មកក្តៅក្រហាយខ្លួនឯងពេលក្រោយ ទៅវិញ ទាំងនេះវាមិនមែនជារឿងដែលល្អនោះឡើយសម្រាប់ខ្លួនឯង ធ្វើជាមនុស្សដែលល្អពេក មិនប្រាកដថាអ្នកនឹងបានមកវិញនូវរឿងល្អត្រឡប់មកវិញឡើយ ខ្ញុំនិយាយបែបនេះមិនមែនអោយអ្នកធ្វើជាមនុស្សដែលអាក្រក់មនុស្សដែលចិត្តដាច់នោះឡើយ ខ្ញុំគ្រាន់តែចង់ឲ្យចេះបដិសេធខ្លះ កុំធ្វើសជាមនុស្សដែលល្អពេក រហូតមកបំផ្លាញជីវិតខ្លួនឯង។

មានអ្នកខ្លះ ការងារខ្លួនឯងក៏នៅមិនទាន់ធ្វើរួចរាល់ផង លុយខ្លួនឯងក៏មិនគ្រប់ចាយ មិនសូវមានថវិការជាប់នឹងខ្លួនផងឬក៏បានត្រឹមតែមួយជួយខ្លួនឯងឬ ខ្លួនក៏មិនមានពេលច្រើន តែបែជាទៅទទួលពាក្យគេ ព្រមជួយយកអាសារគេ ព្រោះខ្លាចគេស្អប់ខ្លាចគេ មិនចូលចិត្ត ក្រែងចិត្តគេហួសហេតុពេក ដូច្នេះអ្នកគួរតែរៀនបដិសេធខ្លះទើបជីវិតអ្នកបានល្អប្រសើរ និងមិនមកអង្គុយបង្ខំចិត្ត ពិបាកចិត្តស្អិតទ្រូងនាពេលក្រោយ។

អ្នកខ្លះប្រាប់ថា ប្រសិនបើយើងបដិសេធ គេប្រាកដជាខូចចិត្ត ឬក៏មិនពេញចិត្តជាដើម ការបដិសេធវាអាចជារឿងដែលពិបាកនាពេលដំបូងតែវាអាចល្អសម្រាប់អ្នកនៅពេលក្រោយ អ្នកត្រូវតែយល់នៅត្រង់ចំណុចនេះ ឲ្យគេស្អប់ចុះ មិនចូលចិត្តយើងចុះ តែអ្នកសូមយល់ពីខ្លួនឯង ជួយខ្លួនឯងសិន។ ម្យ៉ងវិញទៀតការដែលអ្នកតែងតែតាមគេ ទទួលសំណើរថានឹងជួយដោយគ្រាន់តែការក្រែងចិត្តឬក៏ខ្លាចគេស្អប់យើង មិនចូលចិត្តយើង នៅពេលដែលយើងបដិសេធ វាជារឿងដែលអ្នកមិនគួរធ្វើសោះឡើយអ្នកគួរតែបដិសេធខ្លះនៅរឿងណាដែលអ្នកធ្វើមិនបានឬក៏មិនចង់ធ្វើ។

ប៉ុន្តែបើអ្នកប្រាកដថាអ្នកអាចមានពេលជួយគេបាន មានធនធានថានឹងជួយគេ អ្នកជួយចុះ តែកុំជួយទាំងបង្ខំចិត្ត ហើយមកអង្គុយទុក្ខលំបាកវេទនាខ្លួនឯង ដោយសារតែតែអ្នកដទៃ កុំធ្វើបាបខ្លួនឯងដោយសារតែភាពសប្បាយចិត្ត បំពេញចិត្តអ្នកដទៃ ។មានមនុស្សមួយចំនួនទៀតសុខចិត្ត ពិបាកខ្លួនឯង ដោយបម្រើសេចក្តីខុសអ្នកដទៃ ដូច្នេះការដែលអ្នកហាត់រៀនបដិសេធខ្លះក៏បាន មិនចាំបាច់តាមចិត្តគេ គ្រប់ពេលវេលានោះឡើយ អ្នកគួរតែស្វែងរកសេចក្តីសុខ ខ្លួនឯងខ្លះបើទោះបីជាមានអ្នកដទៃមើលថាអ្នកអាក្រក់មិនល្អ យ៉ាងណាក៏ដោយ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី