ពាណិជ្ជកម្ម និងទេសចរណ៍ ខ្មែរ-ថៃ កាន់តែងាយស្រួលហើយ! កម្ពុជាកំពុងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា និងខេត្តត្រាត

  • 2022-02-11 07:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដានេះ រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកនេះតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

សូមជម្រាបថាគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដាគឺស្ថិតនៅ ច្រកព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដើម្បីឆ្លើយតបទៅតាមការស្នើរសុំ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ