ក្រោយពលរដ្ឋត្អូញត្អែរថាផ្លូវជិះកង់មិនរលូនសោះ ស្រាប់តែឯកឧត្ដមស៊ុន ចាន់ថុល ចុះពិនិត្យភ្លាមហើយជិះកង់មើលដោយផ្ទាល់តែម្ដង

  • 2022-02-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពលរដ្ឋត្អូញត្អែរថាផ្លូវជិះកង់មិនរលូនសោះ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្រោយគម្រោងត្រូវបានបញ្ចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក ថ្មីៗនេះស្រាប់តែមានមហាជនជាច្រើនផ្ទុះការរិះគន់ និងត្អូញត្អែរថាផ្លូវបៃតងសម្រាប់ជិះកង់ក្នុងក្រុងត្រូវបានរថយន្តចតបាំង ខ្លះដាក់លក់ដូររបស់របរបាំងផ្លូវកង់នោះ ពិបាកមិនអាចធ្វើដំណើរដោយរលូន និងមិនមានសណ្ដាប់ធ្នាប់ទាល់តែសោះ។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល កាលពីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំប្រទិភូ ចុះជិះកង់ដោយផ្ទាល់តែម្ដងដើម្បីពិនិត្យពីស្ថានភាពផ្លូវទោចក្រយាននិងផ្លូវសម្រាប់អ្នកថ្មើរជើង និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្រោយគម្រោងត្រូវបានបញ្ចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។

គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទដោយ៖ សូ៊ អីន