ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ធ្លាប់លើកឡើងថា «អ្នកជំនាញគួររួមគ្នា រកវិធីឲ្យប្រព័ន្ធកុំព្យូទ័រស្គាល់អក្សរខ្មែរដោយមិនប្រើ ZWSP»

  • 2022-02-14 04:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ លោក ដាញ់ ហុង ចង់មាន​ការ​បង្កើត​​​ប្រព័ន្ធ​កុំព្យូទ័រ​​ដែល​អាច​ស្គាល់​អក្សរខ្មែរ​ដោយ​មិន​បាច់​ប្រើ​ចន្លោះ​មើល​មិន​ឃើញ។

រូបថតផ្ដល់ដោយ៖ លោក ដាញ់ ហុង

ចន្លោះ​មើល​មិន​ឃើញនោះគឺ (Zero-width Space-ZWSP) លោក ហុង ថា​ពុំ​មែន​ស្ថិត​ក្នុង​ស្តង់ដារ​ខ្មែរ​យូនីកូដ​ទេ។ ការ​ប្រើ ZWSP លើ​ក្តារ​ចុច​ខ្មែរ កើត​ឡើង​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដើម្បី​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដោះ​អាសន្ន ហើយ​​អាច​ឲ្យ​អក្សរ​ដែល​វាយ​មក​អាច​ចុះ​បន្ទាត់​បាន​ត្រឹមត្រូវ ប៉ុន្តែ​វា​បែរ​ជា​ត្រូវ​ប្រើ​ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​​​មិន​មាន​ការ​អើពើ​បង្កើត​​ប្រព័ន្ធ​កុំព្យូទ័រ​ស្គាល់​ពាក្យ​ខ្មែរ​ ដែល​​មិនប្រើ ZWSP ឲ្យ​បាន​សម្រេច។

លោកស្នើឲ្យ"មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​​ត្រូវ​យក​ចិត្តទុកដាក់​​ដោះ​ស្រាយ​ដើម្បី​ឲ្យ​អ្នក​ជំនាញ​ព័ត៌មានវិទ្យា​មាន​ឱកាស​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​​ស្គាល់​អក្សរ​ខ្មែរ ទោះ​បី​មិន​ប្រើ ZWSP"។

លោក ហុង បញ្ជាក់​ថា "អ្វី​ដែល​ខ្ញុំ​ចង់​បាន​សុំ​ឲ្យ​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ ត្រឹមត្រូវ​តាម​ស្តង់ដារ ហើយ​រឿង​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ស្គាល់​ពាក្យ​ខ្មែរ​ដែល​មិន​ប្រើ ZWSP មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​គួរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយដើម្បី​ឲ្យ​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​ទាំងអស់​មាន​ឱកាសបង្កើត​ឲ្យជោគជ័យ"។

រំឮកផងដែរថា ស្នាដៃបង្កើតពុម្ពអក្សរថ្មីចុងក្រោយបំផុតចំនួន២១ របស់លោក ត្រូវបាន Google បានប្រកាសដាក់បញ្ចូលទៅក្នុង Google Font ដែលជា ពុម្ពអក្សរខ្មែរ ឬ Font Khmer កាលពីថ្ងៃទី ១០ កុម្ភៈកន្លងទៅ។

តាមការសង្កេតឃើញថា ពុម្ពអក្សរខ្មែរលើ Google Fonts ភាគច្រើនសុទ្ធសឹងតែជា ស្នាដៃលោកដាញ់ ហុង និងទេព សុវិចិត្រ។ Font Khmer នោះទៀតសោតមានសរុបចំនួន ១៣៥៩ លើ Google Fonts៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី