ឃើញរាង​ច្បាស់ចែស ឡាន SUV ដំបូង​របស់ Ferrari

  • 2022-02-22 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​លេចឮដំណឹង​ជាច្រើន​អំពី​រថយន្ត SUV ដំបូងរបស់ក្រុមហ៊ុនអ៊ីតាលី Ferrari ស្រាប់តែពេល​នេះ​គឺមានការ​លេចធ្លាយ​នូវរូបភាព​ពិតប្រាកដ​របស់​​រថយន្តនេះ មុនបង្ហាញ​ជាផ្លូវការ ដោយរូបភាព​នេះ ត្រូវគេ​ថត​បាន​នៅរោងចក្រ​ផលិតរបស់​ Ferrari។

រថយន្ត​ SUV នេះ ត្រូវបានគេដឹងថាគឺជាម៉ូដែល Purosangue ដែល​ Ferrari បាន​ប្រកាសកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់​ថា វា​នឹងផលិត​ក្នុងឆ្នាំ​២០២២នេះ ហើយ​គ្រោងបញ្ចេញលក់​នៅឆ្នាំ​២០២៣។

គួរដឹងថា Ferrari បាន​ប្រកាស​ចូលរួម​ប្រជែង​ក្នុងសមរភូមិរថយន្ត SUV តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក៏មាន​រូបភាព​លេចធ្លាយ​ជាបន្តបន្ទាប់ផងដែរ។ ទើបតែពេល​នេះ គេបាន​ឃើញយ៉ាងច្បាស់​នូវរូបរាង​ខាងមុខ និង​ខាងក្រោយ​នៃរថយន្ត​ SUV នេះ ពោលគឺ​មាន​រូបភាព​តែ២នេះគត់។

បើតាម​រូបភាពឃើញថា ទោះវាជា SUV តែ​នៅរក្សាទ្រង់ទ្រាយបែបស្ព័រដដែល ដោយចង្កៀង​មុខបែកជាពីរ ហើយ​ប៉ាណា​ស្ថិត​ផ្នែក​ខាងក្រោមជាប់កាង ពោលគឺ​ការឌីហ្សាញ​ផ្នែកខាងមុខនេះ ផ្អែកលើរថយន្ត SF90 Stradale។ ឯផ្នែក​ខាងក្រោយ វាមាន​ចង្កៀង២ ហើយ​កាង និងបំពង់ស៊ឺមាំង គឺ​ស្រដៀង​នឹង​រថយន្ត GT Roma។

គេ​ជឿជាក់ថា រថយន្ត​នេះ​ នឹង​ប្រើ​ម៉ាស៊ីន Twin Turbo V8 Plug-in Hybrid ដូចនឹង​រថយន្តស្ព័រ SF90 Stradale។ វា​ក៏នឹង​មានជម្រើសម៉ាស៊ីន V12 ឬ V6 Hybrid ដូចរថយន្តស្ព័រ 296 GTB ផងដែរ។

ការចាប់ផ្តើម​ផ្តោតទៅលើ​ការផលិតរថយន្ត SUV របស់ Ferrari បន្ទាប់ពីបាន​សង្កេតឃើញ​ថា រថយន្ត​ប្រភេទ​នេះ កំពុង​ទទួលបានការពេញនិយមខ្លាំង។ មិនតែប៉ុណ្ណោះ គូប្រជែង​របស់ Ferrari ដូចជា Lamborghini និង Aston Martin សុទ្ធតែមានចំនួនលក់ SUV កើនឡើង៕

អត្ថបទ៖ សំភី