ឈិនឡុង សារភាពថាធ្លាប់ប្រមឹក ងប់ល្បែង មានស្រីរាប់ភ្លេច និងវាយដំប្រពន្ធកូនតូចទៀត

  • 2022-02-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​យិនស៊ិន​របស់​ចិន​ Jackie Chan ឬ​ឈិនឡុង​ បាន​បង្ហាញពីប្រវត្តិពី​អតីត​កាល ​​ចូល​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា "Never Grow Up”។

ក្នុង​សៀវភៅ​ "Never Grow Up” នេះ​ ឈិនឡុងបាន​លម្អិត​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់ទង​នឹង​ជីវិត​របស់លោក ដែលធ្លាប់ជា​ បុរសកាចសាហាវ។ រម្លឹក​ទៅ​កាល​ពី​អតីត​ លោកជា​មនុស្សប្រមឹក​ វក់​នឹង​ល្បែង​ស៊ីសង។ លើសពីនេះ​លោក​ធ្លាប់​ដេក​ជាមួយ​ស្រីពេស្យា​ជា​ច្រើន​នាក់​ និង​វាយ​ដំ​កូន​តូច​ អំឡុង​ពេល​ឈ្លោះគ្នា​ជាមួយ​នឹង​ប្រពន្ធ​ទៀត។

ទាក់ទង​នឹង​ការសិក្សា​ តារា​ប្រុស​រូបនេះ​និយាយ​ថា​ខ្លួន​ពិត​ជា​សោកស្ដាយ​ជាពន់ពេក​ដែល​មិនសង្វាត​រៀន​ មើលងាយការសិក្សា​ពេល​នៅជា​សិស្ស។

ដោយឡែក​ កាល​ពី​អាយុ​ ១៥​ឆ្នាំ​ លោក​បាន​ជួប​ស្នេហ៍​គ្រា​ដំបូង​ ឈ្មោះ​ Chang។ ទំនាក់ទំនង​របស់​លោក​ជាមួយ​នាង​កាល​នោះ​ក៏​មិនល្អ​ដែរ។ ឈិនឡុង​ហៅ​ខ្លួន​ឯង​ថា​ជា​ "សង្សារ​សាហាវ” ព្រោះ​លោក​តែង​ធ្វើ​ឲ្យ​មិត្តស្រី​អស់សង្ឃឹម ទាំង​ដឹង​ថា​នាង​ព្យាយាម​នៅ​តែ​ទាក់ទង​លោក​ ទាំង​ដែល​ឪពុកម្ដាយ​ជំទាស់។ តារារូបនេះ​បន្ថែម​ទៀត​ថា​ លោក​តែង​ចាកចេញពី​ទូក្រុង​ហុងកុង​ ព្រោះ​មិន​ចង់​នៅជាមួយ​សង្សារ​ម្នាក់នោះ ហើយ​រាល់​ពេល​ឲ្យ​តែ​ដើរលេង​ជាមួយ​គ្នា​ម្ដងៗ​ លោក​តែង​ជ្រើស​យក​ការ​វាយគ្នា​ ទុក​ជា​ការ​កម្សាន្ត។

ក្រោយ​មក​ទៀត​ ពេល​អាច​រក​លុយ​បាន​ច្រើ​ន​ លោក​តែង​ដើរ​ផឹកស្រា​ ពាលាអាវ៉ាសែ ដើរដេក​ជាមួយ​ស្រី​មិន​ចេះ​គិត និង​ចំណាយ​លុយ​ធ្វើ​រឿង​ជាច្រើនទៀត។ នេះ​ក៏​ដោយ​សារ​ចង់​បង្ហាញ​ឲ្យ​អ្នក​ដែល​ធ្លាប់​មើល​ងាយ​​លោក​កាល​ពីមុន​ភ្លឺភ្នែក។

ក្នុង​បទសម្ភាស​មួយ​ជាមួយ​នឹង​វិបសាយ​ Daily Mail ឈិនឡុង​ប្រាប់​ថា៖ "ប្រហែល​ជា​ ១០​ឆ្នាំ​មុន​ ខ្ញុំបាន​ចំណាយ​លុយ​ជាង​ ២​លានដុល្លារ​រៀងរាល់ឆ្នាំ ដើម្បី​ប៉ាវ​អាហារ​មនុស្សជាច្រើន។ បន្ថែម​ពី​នេះ​ ខ្ញុំក៏​ផ្ដល់​កាដូដូចជា នាឡិកា ឡាន អាវរោមសត្វ ស្រាថ្លៃៗ និង​សម្ភារៈ​ទំនើបៗជាច្រើនទៀត”។

ពីជីវីត​គ្រួសារ​វិញ​ ឈិន​ឡុង​ ឧស្សាហ៍មាន​ជម្លោះ​ជាមួយ​ប្រពន្ធណាស់។ មាន​ពេល​ខ្លះ​ដោយសារ​ ជឿសម្ដី​មិត្តភ័ក្ដិ​ពេក​ ទាក់ទង​នឹង​រឿង​លុយកាក់។ មាន​ម្ដង​ ពេល​ឈ្លោះគ្នា​ តារា​ក្បាច់​គុន​រូបនេះ​ ធ្លាប់​ទាញ​ដៃ​កូន​ ចាប់​គ្រវាត់​រំលង​បន្ទប់​ បោះ​ទៅលើសាឡុង​ទៀតផង។ ដោយសារ​អំពើ​មិនល្អ ចេញ​ពី​ចរិត​ឆេវឆាវ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​វិប្បដិសារី​ និង​តែង​ពោល​សុំទោស​ប្រពន្ធ​កូនជានិច្ច៕

ឈិនឡុង ​និង​កូនប្រុស
ឈិនឡុង និង​ប្រពន្ធកូន

ប្រភព៖ nextshark