ប្រវត្តិសាស្ត្រ៖ វិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ី មិនមែនទើបតែកើត​ទេ គឺចាប់តាំងពី​ពេលដួលរលំសហភាពសូវៀត រហូតដល់ផ្ទុះសង្គ្រាមលើកនេះ

  • 2022-03-04 04:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ព​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន នាំ​ទៅដល់​ការ​ប្រឈម​មុខដាក់គ្នា​ដ៏ធំបំផុតមួយ​​ រវាង​រុស្ស៊ី និង​លោកខាងលិច​។ កងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ពីគោលដៅជាច្រើន ហើយគេមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមនៅអឺរ៉ុប ជុំវិញការទាមទាររបស់រុស្ស៊ី ឱ្យបញ្ចប់ការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។

តើមូលហេតុអ្វីនាំឱ្យរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ហើយគេរង់ចាំមើលថាតើអង្គការ NATO នឹងជួយអ៊ុយក្រែនដោយរបៀបណា?

មុនពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកលោក បានបដិសេធជាច្រើនខែមកហើយថា ​គ្មានគម្រោងចូលឈ្លានពានអ៊ុយក្រែន ឡើយ។

ប៉ុន្តែជាក់ស្ដែងក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Vladimir Putin ប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកបានបញ្ជាឱ្យធ្វើ ប្រតិបត្តិការយោធាពិសេសគឺចូលឈ្លានបានអ៊ុយក្រែន ដើម្បីការពារពលរដ្ឋរុស្ស៊ី ដែលបានទទួលរងនូវ អំពើប្រល័យពូជសាសន៍ នៅអ៊ុយក្រែន។

បើយើងមើលទៅលើប្រវត្តិសាស្ត្រ រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាទឹក និងប្រេងតាំងពីដើមមក ហើយការប៉ះទង្គិចដោយយោធាបែបនេះ ក៏មិនមែនជាលើកទីមួយដែរ។ ទាំងអ៊ុយក្រែន ក៏​ដូចជា រុស្ស៊ី​ដែរ ធ្លាប់​ជា​សាធារណរដ្ឋ​មួយ ក្នុង​ចំណោម​សាធារណរដ្ឋ​ទាំង ១៥ ក្នុង​សហភាព​សូវៀត ហើយនៅ ថ្ងៃទី១ធ្នូ ឆ្នាំ១៩៩១ អ៊ុយក្រែន​ប្រកាស​ឯករាជ្យ ក្រោយ​ការ​ដួលរលំ​នៃ​សហភាព​សូវៀត។

នៅឆ្នាំ ១៩៩៤ អ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​មួយ នៅ​ក្នុងទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី រួមជាមួយ​នឹង​ប្រទេស​ហត្ថលេខី ៣ផ្សេងទៀត គឺ រុស្ស៊ី សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ តាមរយៈ​អនុស្សារណៈ​នេះ អ៊ុយក្រែន​សុខចិត្ត​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ដែល​បន្សល់​ទុក​ពី​សម័យ​សហភាព​សូវៀត ដោយ​ផ្ទេរ​ទៅ​ឲ្យ​រុស្ស៊ី​។ ជាថ្នូរមកវិញ រុស្ស៊ី​ សហរដ្ឋ​អាមេរិក និង​អង់គ្លេស ដែល​សុទ្ធសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ បាន​សន្យា​គោរព​អធិបតេយ្យ និង​បូរណភាព​ដែនដី​របស់​អ៊ុយក្រែន។

លុះដល់ឆ្នាំ ២០០៨ អ៊ុយក្រែន​ ស្នើសុំចូល​ជា​សមាជិក​បក្ស​សម្ព័ន្ធ NATO ឬ​ OTAN ហើយ NATO បាន​ស្វាគមន៍​បំណង​ចង់​ចូល​ជា​សមាជិក​របស់ អ៊ុយក្រែន ដែរ ក៏ប៉ុន្តែ ដោយ​មាន​ការ​ជំទាស់​យ៉ាងខ្លាំងក្លា​ពី​សំណាក់​រុស្ស៊ី ហើយ​ប្រទេស​សំខាន់​ពីរ​ក្នុង​អូតង់​ គឺ​បារាំង និង​អាល្លឺម៉ង់ ធ្វើឲ្យ ណាតូ បាន​បដិសេធ​ទទួល​អ៊ុយក្រែន។

នៅឆ្នាំ ២០១៤ ស្រដៀងនឹងព្រឹត្តិការណ៍ពេលនេះដែរ រុស្ស៊ី​ពង្រាយ​កងទ័ព​នៅ​តំបន់​គ្រីមេ ក្នុងហេតុផល​ថា ដើម្បី​ការពារ​ប្រជាជន​ដើមកំណើត​រុស្ស៊ី បន្ទាប់មក រៀបចំ​បោះឆ្នោត​ប្រជាមតិ ភ្ជាប់​តំបន់​គ្រីមេ​ជា​ទឹកដី​របស់​រុស្ស៊ី។ ការកាត់យក​តំបន់​គ្រីមេ​ដោយ​រុស្ស៊ី​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ជាទូទៅ ចាត់ទុក​ថា​ជា​ទង្វើ​ខុសច្បាប់ ចំណែក​សហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ជុំវិញ​ការ​កាត់យក​តំបន់​គ្រីមេ។

សង្រ្គាមបានផ្ទុះឡើង​នៅ​តំបន់​ Donbas ខាងកើត​អ៊ុយក្រែន ហើយ​ក្រុមឧទ្ទាម​ផ្តាច់ខ្លួន ដោយ​មាន​ការគាំទ្រ​ពី​សំណាក់រុស្ស៊ី បាន​ប្រកាស​បង្កើត​រដ្ឋឯករាជ​ចំនួនពីរ​ដាច់​ពី​អ៊ុយក្រែន គឺ Donetsk និង Luhansk ប៉ុន្តែ ក្រៅពី​រុស្ស៊ី មិនមាន​ប្រទេស​ណាផ្សេងទៀត ទទួលស្គាល់​ការប្រកាស​រដ្ឋ​ឯករាជ​្យទាំងពីរ​នេះទេ។

រំលងបាន ៥ឆ្នាំ លោក Volodymyr Zelensky ដែលជាប្រធានាធិបតីបច្ចុប្បន្ន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន ដោយលោកធ្លាប់ជា​តារាកំប្លែង បាន​ចំណាយពេល​ច្រើន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ចេះនិយាយ​ភាសា​រុស្ស៊ី​យ៉ាង​ស្ទាត់​ជំនាញ​ផងនោះ ធ្លាប់​បាន​សន្យា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា ក្រៅពី​លុបបំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រទេស លោក​ក៏​នឹង​ខិតខំប្រឹងប្រែងផងដែរ​បញ្ចប់​ភាពតានតឹង​ជាមួយ​រុស្ស៊ី និង​បញ្ចប់​សង្រ្គាម​នៅ​ខាង​កើត​អ៊ុយក្រែន។

ដល់ឆ្នាំ ២០២១ បក្សសម្ព័ន្ធ​ NATO បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន​នូវ​ឋានៈ​ជា​ប្រទេស​ដៃគូ ដែល​បើកផ្លូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​យោធា​ជាមួយគ្នា ក៏ប៉ុន្តែ នៅតែ​បដិសេធ​មិន​ចាប់ផ្តើម​នីតិវិធី​ទទួល​អ៊ុយក្រែន​ជា​សមាជិក ទៅតាម​ការ​ស្នើ​សុំ​របស់​លោក Zelensky នោះទេ។

ការព្យាយាមចូលជាសមាជិក NATO ម្ដងហើយម្ដងទៀតរបស់អ៊ុយក្រែន បានធ្វើឲ្យរុស្ស៊ីទប់កំហឹងលែងជាប់ និងបានហៅសកម្មភាពទាំងនោះថា ជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងព្រំដែនរុស្ស៊ី។ លុះដល់ចុងឆ្នាំ ក្រោយ​ពី​រុស្ស៊ី​ពង្រាយ​ទ័ព​កាន់តែច្រើន នៅ​ក្បែរព្រំដែន​អ៊ុយក្រែន ប្រទេស​លោកខាងលិច​ក៏​ចាប់​ផ្តើម​ទាញ​សញ្ញា​អាសន្ន ដោយ​លើកឡើងថា ជាការពង្រាយទ័ព ក្នុងគោលដៅ​ចូល​ឈ្លានពាន​អ៊ុយក្រែន។

កិច្ចប្រឹងប្រែងផ្នែក​ការទូត​ត្រូវ​បាន​គេ​សម្រុក​ធ្វើ​យ៉ាង​ខ្លាំង ដើម្បី​បញ្ចៀស​សង្រ្គាម​អ៊ុយក្រែន ក្នុងនោះ ក៏រួមមាន​ទាំង​ជំនួប​តាម​វីដេអូ រវាង​លោក​ Putin និង Biden ជំនួប​ដោយ​ផ្ទាល់ នៅ​ទីក្រុង​ម៉ូស្គូ រវាង និងរវាងប្រធានាធិបតីបារាំង និងអាល្លឺម៉ង់ផង ក៏ប៉ុន្តែ ប្រតិបត្តិការ​ផ្នែក​ការទូត​ទាំងនេះ មិន​បាន​ទទួល​លទ្ធផល​ជាវិជ្ជមាន​នោះទេ ធ្វើឲ្យសង្គ្រាមនៅតែផ្ទុះឡើងនៅថ្ងៃទី ២៤ខែកុម្ភៈតែម្ដង។

គិតមកទល់ពេលនេះរុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន កងទ័ពរុស្ស៊ី​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​ អះអាងថា គេ​បាន​បាញ់បំផ្លាញ រចនាសម្ព័ន្ធ​យោធា​អ៊ុយក្រែន ជាង ១៥០០កន្លែង បំផ្លាញ​យន្តហោះ ៥៨គ្រឿង រថក្រោះ​របស់​កងទ័ពអ៊ុយក្រែន​ចំនួន​៤៧២គ្រឿង ហើយជនស៊ីវិល និងទាហានជាច្រើនរយនាក់បានស្លាប់ និងរបួស ខណៈមនុស្សរាប់លាននាក់នៅអ៊ុយក្រែន កំពុងភៀសខ្លួនពេញផ្ទៃប្រទេស៕

ប្រភព៖ Aljazeera   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី