ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ! អាយុធ្យាគ្រប់គ្រងក្រុងអង្គរលើកទី២ និងការភ្ញាក់ផ្អើលពេលឃើញទិដ្ឋភាពក្នុងក្រុងអង្គរ
- 2022-03-18 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ! អាយុធ្យាគ្រប់គ្រងក្រុងអង្គរលើកទី២ និងការភ្ញាក់ផ្អើលពេលឃើញទិដ្ឋភាពក្នុងក្រុងអង្គរ
ចន្លោះមិនឃើញ
ក្រោយពីអាយុធ្យាបានគ្រប់គ្រងមកលើក្រុងអង្គរលើកទី១ កំឡុងឆ្នាំ១៣៥៣-១៣៥៧ រួចមក ប្រជាពលរដ្ឋខ្មែរបានរស់នៅទាំងលំបាក ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ ពិសេសអាយុធ្យាបានកេណ្ឌប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់ យកទៅបំពេញនៅតាមខេត្តរបស់ខ្លួនរួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត ដូចជាមាសប្រាក់ និងវត្ថុមានតម្លៃជាច្រើន ដូចជាកន្ទេលមាស កន្ទេលប្រាក់ សេះដំរី ជាដើម ធ្វើឱ្យខ្មែរចុះខ្សោយ អស់ទាំងកម្លាំងកងទ័ព ទាំងកម្លាំងពលកម្មតទល់នឹងសៀមឡើងវិញ ហើយ បន្ទាប់ពី ព្រះបាទ ស្រីសុរិយោវង្ស នៅកំឡុងឆ្នាំ(១៣៥៧-១៣៦៦) រំដោះក្រុងអង្គរមកពីអយុធ្យាមិនបានយូរប៉ុន្មាន សៀមក៏បានគ្រប់គ្រងក្រុងអង្គរម្តងទៀត នៅឆ្នាំ (១៣៨៩-១៣៩៤)។
បន្ទាប់មក ក្រោយពីវាយបែកក្រុងអង្គរជាលើកទី២ ក្នុងរជ្ជកាលរបស់ស្ដេចសៀមរាមាសូ ពេលនោះព្រះអង្គបានតែងតាំងព្រះរាជបុត្រាមួយអង្គ ព្រះនាមពញាព្រែកឱ្យឡើងគ្រង រាជ្យនៅក្នុងអង្គរក្នុងព្រះបរណនាមឥន្ទរាជា»។ នៅពេលចូលដល់ក្រុងអង្គរទ្រង់យាង ទតប្រាង្គប្រាសាទ ឃើញមានភាពអស្ចារ្យរួមទាំងក្បាច់រចនាដ៏ប្រណិតៗ ពេលនោះទ្រង់ ក៏មានបន្ទូលសួរទៅមន្ត្រីខ្មែរដែលបម្រើការនៅក្នុងព្រះបរមរាជវាំង ដែលមានកត់ក្នុង កំណត់ត្រាឯកសារប្រវត្តិសាស្ត្រខ្មែរដូចខាងក្រោម៖... ហេតុអ្វីបានជាព្រះរាជដំណាក់ល្អៗនេះមានបន្ទប់ជាច្រើនបែបនេះ? ពេលនោះមន្តី្រ ខ្មែរក៏ទូលប្រាប់ស្ដេចសៀមថាបន្ទប់ល្អៗទាំងនេះ សម្រាប់ទុកទទួលព្រះរាជបុត្ររបស់សាមន្តរដ្ឋ បន្ទាប់មកព្រះអង្គក៏ប្រទះឃើញរូបចម្លាក់ព្រះគោ ក៏មានបន្ទូលទៀតថា រូបចម្លាក់គោនេះគឺធ្វើដើម្បីអ្វី? មន្ត្រីដដែលក៏ប្រាប់ថានេះជារូបបដិមាព្រះគោ ត្រូវបានគេកសាងយូរណាស់មកហើយ តាំងពីសម័យចក្រភពអង្គរសម្រាប់តម្កល់ទុក គម្ពីរព្រះត្រ័យបិដក ហើយគេគោរពបូជាព្រះគោនេះណាស់ ព្រមទាំងបានចាត់ទុកជា ព្រះផ្នូលនៃព្រះរាជាណាចក្រ។
ស្ដេចសៀមទតឃើញប្រាង្គប្រាសាទដ៏ស្កឹមស្កៃ ប្រៀបបានទៅនឹងឋានសួគ៌៣ជាន់ គួរឱ្យស្ញប់ស្ញែងរួមទាំងវត្ថុទាំងឡាយ សុទ្ធសឹងជាវត្ថុបុរាណដ៏មានតម្លៃជាច្រើន ស្ដេចសៀមសព្វព្រះទ័យជាខ្លាំង ហើយក៏បានបញ្ជាឱ្យមេទ័ពខ្មែរក្បត់ជាតិទាំងពីរនាក់ គឺពញាកែវ និងពញាតី រួមទាំងប្រជារាស្រ្ត៧ ម៉ឺននាក់ ដឹកជញ្ជូននូវរូបបដិមាព្រះគោ រួមទាំងគម្ពីរព្រះត្រ័យបិដក និងពុទ្ធបដិមាជាច្រើនធ្វើអំពីមាស ប្រាក់ និងសំរឹទ្ធ រួមទាំងមាសប្រាក់ជាច្រើនទៀតយកទៅប្រទេសសៀម។
យើងឃើញហើយថាគ្រប់ពេលដែលសៀមវាយចូលក្រុងអង្គ ពួកគេតែងតែកេណ្ឌយក ប្រជាពលរដ្ឋខ្មែរទៅប្រទេសរបស់ខ្លួន ទាំងនេះហើយគឺជាចំណុចខ្លាំងរបស់សៀមដែល ធ្វើឱ្យខ្មែរចុះខ្សោយ មិនអាចងើបឡើងតតាំងប្រយុទ្ធប្រឆាំងជាមួយខ្លួនបាន ធ្វើឱ្យខ្មែរក្លាយ ទៅជានគរអត់រាស្ត្រ ប្រទេសគ្មានកងទ័ពរហូតសុខចិត្តបោះបង់ក្រុងអង្គរដ៏រុងរឿងចោល៕
ប្រភព៖ឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល(សៀវភៅកម្ពុជារវាងសៀម យួន និងអណានិគមបារាំង)