ក្រៅពី ព្រហ្ម ម៉ាញ មានសិល្បករវ័យជរា៦រូប កំពុងមានជំងឺលើសឈាម ហើយត្រូវការការទំនុកបម្រុង
- 2022-03-24 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី ព្រហ្ម ម៉ាញ មានសិល្បករវ័យជរា៦រូប កំពុងមានជំងឺលើសឈាម ហើយត្រូវការការទំនុកបម្រុង
ចន្លោះមិនឃើញ
ករណីដួលសន្លប់បាត់ស្មារតីរបស់តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ដោយសារសម្ពាធឈាមធ្វើទុក្ខខ្លាំងរហូតដល់គេបញ្ជូនលោកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗកាលពីប៉ុន្មានថ្ងៃមុន បានធ្វើឲ្យមហាជននឹកដល់ជីវិតផុយរបស់អ្នកជំងឺប្រភេទនេះ ខណៈដែលសិល្បករខ្មែរមួយចំនួនទៀតក៏មានជំងឺនេះប្រចាំកាយដែរ។
ថ្ងៃនេះSabay សូមលើកយកករណីជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមរបស់សិល្បករខ្មែរវ័យជរាចំនួន៧ ដួង ដែលក្នុងនោះក៏មានសិល្បករយើងខ្លះបានធ្លាក់ខ្លួនពិការរួចទៅហើយដោយសារជំងឺប្រភេទនេះ ហើយពួកគាត់ត្រូវការជំនួយជាចាំបាច់ទាំងស្មារតី និងថវិកាសម្រាប់ព្យាបាល។
១/តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ។ តាមពិតលោក បានដឹងខ្លួនថាមានជំងឺលើសឈាមប្រចាំកាយមកយូរដែរហើយ ប៉ុន្ដែលោកនៅអាចដើរហើរ និងចេញសម្ដែងសិល្បៈបាន ក៏នៅតែបន្ដអាជីពរបស់ខ្លួនជាធម្មតា រហូតដល់ថ្ងៃទី១៩ ខែមីនា ក្នុងឱកាសដែលលោកចូលរួមក្នុងកម្មវិធីមួយរបស់Pleng ក៏ស្រាប់តែសម្ពាធឈាមធ្វើទុក្ខខ្លាំងបណ្ដាលឲ្យសន្លប់តែម្ដង។
២/ តារាកំប្លែងលោក សង់ ស៊ីស។ ឪពុកបង្កើតរបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលធ្លាប់តែប្រើវោហារសព្ទចាក់ទឹកមិនលេច រូបនេះ ប្រែជាលែងនិយាយច្បាស់ និងដើរត្រង់ផ្លូវទៀត ដោយសារជំងឺលើសឈាមធ្វើឲ្យរឹងថ្គាម និងញ័រដៃញ័រជើង។
៣/តារាចម្រៀង សួស សងវាចារ។ បច្ចុប្បន្នលោកនៅតែសម្បូរសាច់ តែលោកប្រែពីមនុស្សដៃរឹងស្មាមាំទៅជាមនុស្សម្នាក់ដែលដើរទៅណាមកណាត្រូវពឹងលើឈើច្រត់ ឬរទេះរុញ ដោយសារតែសម្ពាធឈាមធ្វើទុក្ខខ្លាំងបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ហើយដៃជើងក្លាយជាញ័រប្រើការស្ទើរលែងកើត។
៤/ តារាសម្ដែង ស៊ូ សាវ៉ាង ហៅតាហ្វុយសូ។ ក្រៅពីមានជំងឺបេះដូង សួត និងជំងឺថ្លើម ថ្មីៗនេះគ្រូពេទ្យបានរកឃើញជំងឺលោកមួយមុខទៀត គឺជំងឺលើសឈាម ហើយសមាគមសិល្បៈស្ម័គចិត្ដជួយសង្គមក៏បានជួយឧបត្ថម្ភលោកជាហូរហែដោយប្រាប់ថា តាហ្វុយ សូ មានជំងឺលើសឈាមប្រចាំកាយ។
៥/នាយក្ដឹប។ តារាកំប្លែងក្នុងក្រុមនាយកុយរូបនេះ បានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្នធ្វើឲ្យរាងកាយរបស់លោកលែងដូចមុន ពោលគឺធ្លាក់ខ្លួនមកស្គម ហើយស្លាប់មួយចំហៀងខ្លួន រហូតដល់កម្រើកដៃ និងជើងខាងឆ្វេងលែងរួច ដោយសារតែជំងឺលើសឈាម។
៦/តារាចម្រៀង នូ ស៊ឹប។ បច្ចុប្បន្នលោកនៅអាចដើរហើរ និងប្រកបអាជីពចម្រៀងធម្មតា ប៉ុន្ដែលោកកំពុងមានជំងឺលើសឈាមប្រចាំកាយដែរ ដែលត្រូវប្រើថ្នាំជាប្រចាំ ហើយមានការប្រុងប្រយ័ត្នបំផុតពេលចេញទៅណាមកណាម្ដងៗ ដោយខ្លាចសម្ពាធឈាមធ្វើទុក្ខ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ ជំងឺនេះបានធ្វើទុក្ខលោកម្ដងហើយ តែជាសំណាងល្អមិនបណ្ដាលឲ្យលោកដាច់សរសៃឈាម ឬឈានដល់ពិការភាពផ្នែកណាមួយ នៃរាងកាយដូចតារាចាស់ៗមួយចំនួនទៀត។
៧/ តារាសម្ដែងជើងចាស់ រិទ្ធ សារី។ ស្ថិតក្នុងវ័យ៨១ឆ្នាំ កម្លាំងលោកកាន់តែខ្សោយ ខណៈមានជំងឺប្រចាំកាយពីរមុខ គឺជំងឺត្បៀតសរសៃឈាមខួរក្បាល និងជំងឺរលាកក្រពះ។ លោក រិទ្ធ សារី គឺជាសិល្បករវ័យជរា មានជំងឺប្រចាំកាយ ហើយជួបបញ្ហាជីវភាពខ្វះខាតដូចសិល្បករផ្នែកនិពន្ធ និងភ្លេងមួយចំនួនទៀតដែរដែលSabay មិនអាចរៀបរាប់អស់៕