កាសកំពូល Sony ស៊េរីនេះដាក់លក់ត្រឹមតែ ១០៩ដុល្លារ! គួរឬមិនគួរទិញ?

  • 2022-03-28 02:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony WF-1000XM3 ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ បើគិតមកដល់ពេលនេះមានមានអាយុជិត៣ឆ្នាំហើយ។ កាសនេះជាប់ឈ្មោះជាកាសប្រភេទ TWS មានប្រព័ន្ធទប់សំឡេងរំខានបានល្អជាងគេ ទោះបីជាប៉ុន្មានខែក្រោយ Apple បានប្រកាសចេញ Airpod Pro ក៏នៅតែមិនអាចស៊ីដាច់វាបាន។

បច្ចុប្បន្ន ហាងមួយនៅខ្មែរយើងបានដាក់លក់បញ្ចុះតម្លៃកាស Sony WF-1000XM3 មកសល់ត្រឹមតែ ១០៩ដុល្លារប៉ុណ្ណោះ។ តម្លៃមួយនេះហាក់ធូរខ្លាំង បើយើងធៀបនឹងកាស Airpod Pro ដែលមានមុខងារស្រដៀងគ្នា និងចេញក្នុងឆ្នាំជាមួយគ្នា។

លក្ខណៈពិសេសធំៗ ដែលធ្វើឲ្យវាអាចឈរនៅលើតំណែងកំពូលបានយូរឆ្នាំនោះ គឺវាជាកាសឥតខ្សែរូបរាងប្រណិត ផ្តល់សំឡេងពិរោះ បាសធ្ងន់ ហើយថែមទាំងអាចរក្សាបាននូវគុណភាពទប់សំឡេងរំខានបានផងដែរ។ កាសនេះមិនត្រឹមតែអាចប្រើជាមួយនឹងទូរសព្ទសូនី ឬអេនដ្រយនោះទេ វាក៏អាចប្រើបានជាមួយនឹងឧបករណ៍ Apple បានផងដែរ ជាមួយនឹងការគាំទ្រពេញលក្ខណៈ អាចបញ្ជា កំណត់របៀបបញ្ចេញសំឡេងតាមរយៈកម្មវិធី Sony headphone connect។

ចំណែកលក្ខណៈទូទៅវិញ Sony WF-1000XM3 មានកម្លាំងថ្មអាចប្រើប្រាស់បានសរុប ៨ម៉ោង។ រូបរាងខាងក្រៅរបស់វាធំ ទាំងតួរកាស និងប្រអប់ ប៉ុន្តែគ្មានមុខងារការពារទឹកនោះទេ កាន់តែខកចិត្តគឺមិនមានមុខងារសាកថ្មឥតខ្សែរ។ ត្រង់នេះវារាងរំខានបន្តិច ព្រោះបើមានមុខងារសាកថ្មឥតខ្សែ អ្នកប្រើប្រាស់អាចចែករំលែកថ្មបានភ្លាមៗតាមមុខងារ Revers Charge។ ផ្ទុយទៅវិញ ប្រសិនបើចង់បានកាសតូច ថ្មកាន់ជាងនេះ មានមុខងារការពារទឹក មុខងារសាកថ្មឥតខ្សែ នោះកាស Sony WF-1000XM4 គឺជាជម្រើសបន្ទាប់ ប៉ុន្តែវាក៏មានតម្លៃថ្លៃជាងគ្រាន់បើដែរ៕

មូលហេតុដែលគួរទិញ៖

  • តម្លៃធូរថ្លៃត្រឹម ១០៩ដុល្លារ
  • ប្រព័ន្ធសំឡេងល្អ
  • ប្រព័ន្ធទប់សំឡេងរំខាន
  • ថ្មកាន់បានយូរ
  • អាចកំណត់ EQ

មូលហេតុដែលមិនគួរទិញ

  • គ្មានការពារជម្រាបទឹក
  • ប្រអប់មានទំហំធំ និងគ្មានមុខងារសាកថ្មឥតខ្សែ
  • គ្មានកន្លែងកំណត់សំឡេងនៅលើកាស

អត្ថបទ៖ Thea Sothun