ក្រសួងដាក់ឲ្យដំណើរការ ប្រព័ន្ធស្វ័យប្រវត្តិឆៀកឡាន ជំនាន់ទីពីរបំពាក់បច្ចេកវិទ្យា​ទំនើបជាងមុន

  • 2022-03-28 04:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ឬ techinspection.mpwt.gov.kh ដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃនេះ។ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនាន់ទីពីរនេះមានការអាប់ឌែតបន្ថែមនូវមុខងារថ្មី បច្ចេកវិទ្យាទំនើបសម្រាប់សម្រួលដល់ដំណើការឆៀកយានយន្ត ចំណាយពេលខ្លីមិនចាំបាច់ត្រូវ​រង់ចាំច្រើនម៉ោង ព្រមទាំងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះផងដែរ “ពីមុនបងប្អូនអាចបំពេញពាក្យតាមប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់១ ប៉ុន្តែមកដល់ជំនាន់ទីពីរ ប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងជួយសម្រួលបងប្អូនលើដំណើការការបំពេញពាក្យ ដោយបងប្អូនគ្រាន់តែទៅកាន់សាខាបង់ប្រាក់ ជាដៃគូរបស់ក្រសួង ភ្ជាប់មកជាមួយនូវ កាតគ្រីរថយន្ត រួចហើយបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុនឹងបញ្ចូលទិន្នន័យ បន្ទាប់មកចេញវិក្ក័យបត្របង់ប្រាក់រួចរាល់ បងប្អូនអាចបររថយន្តទៅកាន់យានដ្ឋានឆៀក ជាការស្រេច។” នេះជាប្រសាសន៍លោក ឈួន វន់ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងសាធារណការ ធ្លាប់បានលើកឡើងអំឡុងដំណាក់កាលសាកល្បងកាលពីខែមករាឆ្នាំ ២០២២។

ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ មានលក្ខណៈពិសេសអាចតភ្ជាប់និងទាញទិន្នន័យពីប្រព័ន្ធចុះបញ្ជីយានជំនិះ និងប្រព័ន្ធគយ ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៃការផ្ដល់ សេវាសាធារណៈរបស់ក្រសួង និងបានធ្វើការតភ្ជាប់ប្រព័ន្ធឆៀកជំនាន់ទី២ នេះនៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តមួយចំនួននៅរាជធានីភ្នំពេញ។

ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ ផ្តល់នូវសារប្រយោជន៍មានដូចជា៖ ប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុរួម អាចតភ្ជាប់ទាញទិន្នន័យ និងផ្ទៀងផ្ទាត់ទិន្នន័យដោយស្វ័យប្រវត្តិពីប្រព័ន្ធ ចុះបញ្ជីយានជំនិះ និងប្រព័ន្ធទិន្នន័យគយ ជួយសម្រួលការងារដល់មន្ត្រីជំនាញ និងបុគ្គលិកផ្តល់សេវា កាន់តែមានភាពងាយស្រួល និងលឿនរហ័ស ទាញទិន្នន័យសាវតារ និងគណនាប្រាក់ពិន័យហួស សុពលភាពឆៀកដោយស្វ័យប្រវត្តិពីប្រព័ន្ធឆៀក ផ្ដល់ជម្រើសសេវាតាមប្រភេទយានជំនិះ ផ្ញើសារ SMS ជូនព័ត៌មានដល់ម្ចាស់យានជំនិះជិតផុតសុពលភាពឆៀក និងអាចបន្ថែមក្រុមហ៊ុនឆៀកថ្មីៗ ក៏ដូចជាបន្ថែមប្រព័ន្ធទូទាត់ប្រាក់ថ្មីៗ(PGs) ។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្តល់សារសំខាន់ដល់ការធានាបាននូវសុវត្ថិភាពរបស់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយកត្តាយានយន្ត។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ៖ (១) កត្តាមនុស្ស៩៦% (២) កត្តាយានយន្ត ៣,៥%និង (៣) កត្តាផ្លូវ ថ្នល់ និងអាកាសធាតុ០,៥%។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ នៅថ្ងៃទី ២៨ ខែមិនាឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា គិតមកទល់ថ្ងៃនេះ រាជធានីភ្នំពេញមានមណ្ឌលត្រួតពិនិត្យចំនួន ៧ កន្លែងនិងនៅតាមទីរួមខេត្តនានាមានចំនួន ១២ ទីតាំងនិងទីតាំងផ្សេងៗទៀតកំពុងសាងសង់នៅឡើយ។ ចំពោះខេត្តក្រុងដទៃដែលមិនទាន់មានមណ្ឌលត្រួតពិនិត្យ ក្រសួងបានជួយសម្រួលដោយសហការជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ផ្តល់ជូននូវសេវាឆៀករថយន្តចល័ត ឲ្យកាន់តែកៀកជិតជូនបងប្អូនប្រជាពលរដ្ឋ។

តើបែបបទនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមប្រព័ន្ធ online ត្រូវធ្វើដូចម្ដេច?

លក្ខខណ្ឌដែលអាចស្នើសុំការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដោយខ្លួនឯងបាន លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងបញ្ចូលរូបភាពបង្កាន់ដៃពន្ធនាំចូល រួមជាមួយអត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ របស់ម្ចាស់យានជំនិះ។ ក្នុងករណី យានជំនិះធ្លាប់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសម្តងរួចហើយ លោកអ្នកត្រូវបង្កើតគណនីមួយរួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងបញ្ចូលរូបភាពបណ្ណសំគាល់យានយន្ត និងវិញ្ញាបនបត្រចាស់។

បន្ទាប់មក លោកអ្នកត្រូវជ្រើសរើសប្រភេទរថយន្តទីតាំងត្រួតពិនិត្យ និងកាលបរិច្ឆេទណាត់ជួប។ ក្រោយបំពេញព័ត៌មានគ្រប់ហើយចុងក្រោយគឺបោះពុម្ពវិក្កយបត្រដើម្បីបង់ប្រាក់ដែលលោកអ្នកអាចបង់ប្រាក់ជាមួយបញ្ជរ វីង ឬស្មាតលុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួន៕

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម