របួស​រហែក​សរសៃ​ពួរ​ស្មា​ធ្វើ​ឱ្យ​សមត្ថភាព​​ស្មាត់​ធំ​ គួន ម៉ុម សល់​ត្រឹម​៦០%​ពី​មុន​ប៉ុណ្ណោះ

  • 2022-03-30 04:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​របួស​រហែក​សរសៃ​ពួរ​ស្មាចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំងកាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ ស្មាត់​ធំ​របស់​សមាគមន៍​បាល់ទះ​វិសាខា គួន ម៉ុម បាន​សម្រាក​ពី​ការ​ហ្វឹកហាត់​ចំនួន​ពីរ​ខែ ហើយ​ថ្មីៗ​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគ​បាល់ទះ Ganzberk Special Volleyball។

វត្តមាន​របស់​ គួន ម៉ុម បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​សប្បាយ​រីករាយ ដ្បិត​ពួកគេ​បាន​ឃើញ​ការ​បង្ហាញ​សមត្ថភាព​របស់​ស្មាត់​មក​ពី​ខេត្ត​តាកែវ​។​ ទោះ​បាន​បង្ហាញ​សមត្ថភាព ប៉ុន្តែ​​គេ​ស្មាត់​រូប​នេះ​មិន​អាច​ជួយ​សមាគមន៍​បាល់ទះ​វិសាខា​បាន​ឡើយ ពោល​ចាញ់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ២​សិត​ទល់​សូន្យ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ។

នេះ​​ដោយសារ​គេ​មិន​ទាន់​ជា​ពី​របួស​​ស្មា​ស្ដាំ។ បើ​តាម​ការ​បង្ហើប​ប្រាប់​របស់​​ម៉ុម ​​ពេល​បច្ចុប្បន្នសមត្ថភាព​របស់​គេ​​បាន​ត្រឹម​តែ​៦០​%​ពី​មុន​ប៉ុណ្ណោះ។

កីឡាករ​​បាល់​ទះ​ក្នុង​សាល​​ដ៏​ឆ្មើម​របស់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ពន្យល់​ថា ៖«វា​ធូរ​គួរ​សម​ដែរ​ហើយ គ្រាន់​ថា​យើង​មិន​ទាន់​ហ៊ាន​ថា​បាន​១០០%​ដូច​មុន បាន​៦០​%​ ៧០% ដែល​លេង​បាន​...បើ​ពីមុន​ខ្ញុំ​សម្រាក​ពីរ​ខែ​ លើក​ដៃ​អត់​កើត​ សូម្បី​លើក​ដៃ​ទះ​បាល់​ក៏​ទះ​មិន​កើត​ដែរ​ មួយ​រយៈ​ក្រោយ​នេះ​បាន​ចូល​លេង​វិញ​ ខ្ញុំ​ហាត់​ដូចជា​២​សប្ដាហ៍សាំ​ជាមួយ​គ្នា​ ហើយ​លេង​យក​តែ​ម្ដង»។

កីឡាករ​កម្ពស់​១,៩៦ម៉ែត្រ​រៀបរាប់​ទៀត​ថា រូប​គេ​បាន​ទៅ​ពិនិត្យ​ពេទ្យ​ច្រើន​ដែរ​ ប៉ុន្តែ​ស្ថានភាព​របួស​បាន​ត្រឹម​​ធូរស្រាល​ប៉ុណ្ណោះ ចំណែក​ការ​ចំណាយ​ជា​បន្ទុក​របស់​ក្លឹប​។ ផ្អែក​តាម​សម្ដី​របស់​ម៉ុម ក្លឹប​អាច​នឹង​បញ្ជូន​គេ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា SEA Games ឆ្នាំ​២០២២​ ដែល​នឹ​ងចាប់​ផ្ដើម​នៅ​ខែ​ឧសភា​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ទៅ​ប្រទេស​ណា​ឡើយ​។

បច្ចុប្បន្ន គួន ម៉ុម​ បាន​ត្រឹម​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់បណ្ដោះ​អាសន្ន ដើម្បី​បាន​ហ្វឹកហាត់​​​​ជាមួយ​ក្រុម និង​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។ គួរ​បញ្ជាក់​ថា អតីត​ស្មាត់​របស់​ក្លឹប​ក្រសួង​មហា​ផ្ទៃ ​បាន​រងរបួស​ស្មា​ស្ដាំ​ តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០២១​មក​ម្ល៉េះ ហើយ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ចន្លោះ​ខែ មករា និង​កុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម