ព្រោះ​របួស​ជង្គង់​ទើប​ ចាន់​នី ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​អាជីព​ពី​កីឡា​ការិនី​មក​ជា​អាជ្ញាកណ្ដាល​វិញ

  • 2022-03-31 07:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេម ចាន់​នី បាន​ចូល​ខ្លួន​ធ្វើ​ជា​មន្ត្រី​​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាប់​ចំនួន​៣​ឆ្នាំ​មក​ហើយ ពោល​គឺ​បាន​ចាប់​​ផ្ដើម​​ចូល​ធ្វើ​ការ​ងារ​នេះ​អំឡុង​ដើម​ឆ្នាំ​២០១៨ ​ហើយ​ដើម​​ឡើយ​គេ​ជា​កីឡា​ការិនី​មួយ​រូប តែ​ដោយសារ​តែ​របួស​ជង្គង់​មិន​អាច​បន្ត​អាជីព​ជា​​កីឡា​ការិនី​បាន ក៏​ងាក​មក​ចាប់​ជា​មន្រ្តី​អាជ្ញាកណ្ដាល​វិញ​។

​កូន​អ្នក​​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​មិន​អាច​ងាក​ឆ្ងាយ​ពី​បាល់ទាត់​ឡើយ បើ​ទោះ​ខ្លួន​​​មិន​អាច​លេង​ជា​កីឡា​​ការិនី​បាន​ក៏​ដោយ ពោល​គឺ​នា​ចន្លោះ​ឆ្នាំ​២០១២ ដល់​ ២០១៨ ចាន់​នី ជា​កីឡា​​ការិនី​ឆ្នើម​មួយ​រូប​របស់​ខេត្ត​កំពង់​​ស្ពឺ។ នា​​ចុង​ឆ្នាំ​២០១៨​នោះ​​​កីឡា​​ការិនី​រូប​នេះ​បាន​របួស​ជង្គង់​មិន​អាច​លេង​បាន​ ហើយ​រូប​គេ​ក៏​បង្ខំ​ចិត្ត​ចូល​សិក្សា​ផ្នែក​ជា​មន្ត្រី​អាជ្ញាកណ្ដាល​បាល់​ទាត់​វិញ ​ហើយ​នៅ​ឆ្នាំ​នោះ​ដែរ​ក៏​បាន​ជាប់​​ជា​មន្រ្តី​អាជ្ញាកណ្ដាល​រហូត​មក​ដល់​បច្ចុប្បន្ន។

​យុវតី​កើត​​ឆ្នាំ​១៩៩៩ រូប​នេះ ​បាន​ឲ្យ​ដឹង​ថា «​​ទោះ​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កីឡា​នេះ​ដែរ​… ​បើ​ទោះ​លេង​មិន​កើត​ក៏​ដោយ​។ មិន​បាន​លេង​ក៏​បាន​ធ្វើ​ជា​​អាជ្ញាកណ្ដាល​​ដែរ​(​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​)។ ខ្ញុំ​ស្រលាញ់​កីឡា​នេះ​ណាស់​បង​ ហើយ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​​នឹង​បាន​កាត់​ក្ដី​លើ​ទីលាន​ ក្លាយ​ជា​អាជ្ញាកណ្ដាល​​ឆ្នើម​ម្នាក់​» ។

​​​​​យុវតី​វ័យ​២៣​ឆ្នាំ​ដដែល​បន្ថែម​ទៀត​ថា ជំនាញ​នេះ​មាន​ផល​វិបាក​ខ្លះ​ៗ​ដែរ ​ដូច​ជា​​ហាត់​ខ្លាំង​ ក្ដៅ និង​ធ្វើ​ឲ្យ​រូប​គេ​បាត់​បង់​សម្រស់​ជា​ដើម​ តែ​យ៉ាង​ណា​បើ​ជ្រុល​ជា​ដាក់​ចិត្ត​ដាក់​កាយ​ទៅ​ហើយ ​ចាន់​នី មិន​ខ្វល់​រឿង​សម្រស់​ទៀត​នោះ​ទេ។

​សេម ចាន់នី កើត​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​១៩៩៩ ​នៅ​​ភូមិ​​ត្រពាំង​​ត្រោក​ ឃុំ​ប្រាំបីមុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ សម្រាប់​​គោលដៅ​របស់​​គេ​នា​ថ្ងៃ​អនាគត​គឺ​មិន​បោះបង់​អាជីព​នេះ​ជា​ដាច់​ខាត ពោល​មាន​តែ​ប្រឹងប្រែង​បន្ថែម​ទៀត​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​