OnePlus BULLETS WIRELESS Z2 កាសខ្សែ Wireless តម្លៃត្រឹម១០ម៉ឺនរៀល សមត្ថភាពមិនគួរឲ្យជឿ

  • 2022-04-01 02:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីកាស ដែលពេញនិយមសព្វថ្ងៃ គេប្រាកដជានឹកឃើញភ្លាម ដល់ប្រភេទ TWS កាសឥតខ្សែពេញលក្ខណៈ ដូចជា airpod, galaxy buds និង sony ជាដើម។ ប៉ុន្តែ OnePlus បែរជាមិនទាន់បោះបង់កាសឥតខ្សែ ប្រភេទខ្សែកនោះទេ ដោយយប់មិញក្រុមហ៊ុនបានប្រកាសចេញនូវ OnePlus BULLETS WIRELESS Z2 បំពេញតម្រូវការអ្នកចង់បានកាសប្រភេទនេះ។

ទោះបីវាមានរូបរាងសាមញ្ញបន្តិចក៏ដោយ តែវាផ្តល់មកវិញនូវសមត្ថភាពដែលកាសជំនាន់ថ្មីមិនអាចធ្វើបាន នោះគឺកម្លាំងថ្ម និងកម្រិតសំឡេងនេះឯង។ Oneplus បានអះអាងថា BULLETS WIRELESS Z2 អាចប្រើប្រាស់បានរយៈពេលដល់ទៅ ៣០ម៉ោង សម្រាប់ការប្រើប្រាស់ជាប់។ ហើយបើសិនជាអស់ថ្ម វាអាចសាកចូលក្នុងល្បឿនលឿនតាមរយៈរន្ធ USB-C ដោយចំណាយពេលត្រឹម ១០នាទី អាចប្រើបាន២០ម៉ោងបន្តទៀត។

ថ្មប្រើប្រាស់បានយូរមែន ប៉ុន្តែក៏មិនមែនមានន័យថា Oneplus ដាក់ Driver សំឡេងទំហំតូចដើម្បីសន្សំថ្មដែរ ជាក់ស្តែងនៅលើ BULLETS WIRELESS Z2 បំពាក់ដោយ Driver ទំហំ ១២,៤មីល្លីម៉ែត្រ។ ទំហំប៉ុននេះ វាធំជាងសឹងគ្រប់ Driver ដែលមានបំពាក់នៅលើកាស TWS ដែលមានលក់លើទីផ្សារសព្វថ្ងៃ។ ហើយជាមួយនឹង Driver បែបនេះ វាផ្តល់មកវិញនូវសំឡេងឮខ្លាំង និងមានសាច់បាសណែនល្អជាង Driver ទំហំតូចៗ ដោយឡែកចំពោះការប្រើប្រាស់ជាក់ស្តែងយ៉ាងណានោះយើងនៅមិនទាន់ដឹងនៅឡើយទេ ថាវាធ្វើបានល្អយ៉ាងណា។

ចំពោះមុខងារផ្សេងៗ កាសនេះគាំទ្រកូដសំឡេង AAC, SBS ដូចកាសដទៃ និងមានប្រព័ន្ធការពារទឹកម្រិត IP55។ ជាមួយនឹងកម្រិតការពារប៉ុននេះ វាមិនអាចពាក់ហែលទឹកបានទេ ប៉ុន្តែធានាបានថាអ្នកអាចពាក់កាត់ភ្លៀង និងប្រើក្នុងស្ថានភាពមានដីហ៊ុយខ្លាំងបាន។

ចូលដល់ចុងក្រោយគឺតម្លៃខ្លួនរបស់វាតែម្តង ដោយ Oneplus ដាក់លក់ក្នុងតម្លៃប្រហែល ១០ម៉ឺនរៀល ដោយបច្ចុប្បន្នមានដាក់លក់នៅប្រទេសឥណ្ឌាមុនគេ។

សរុបមកវិញ កាសនេះអាចចាត់ទុកបានថាជាការចំណាយលុយត្រឹមត្រូវ ព្រោះសមត្ថភាពខាងក្នុងរបស់វា លើសកាសធម្មតា ទោះបីជាវាមានរូបរាងបុរាណបន្តិចក៏ពិតមែន តែតម្លៃខ្លួនរបស់វាក៏ធូរថ្លៃ។ ហើយយើងនឹងសរសេអំពីវាម្តងទៀតនៅលេខក្រោយ ពេលដែលក្រុមការងារបានតេស្តជាក់ស្តែង៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម